Ad Code

កូរ៉េខាងជើង ​គូសបញ្ជាក់​អំពី​សម្បទាន​របស់​លោក ត្រាំ លើ​សមយុទ្ធ​សង្គ្រាម​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល



នៅ​ថ្ងៃ​ពុធ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​លើកសរសើរ​ថា ជំនួប​កំពូល​រវាង​លោក​គីម​ជុង​អ៊ុន​និង​លោក​ដូ​ណា​ល់​ត្រាំ​ បានទទួល​ជោគជ័យ​ដោយ​បង្ហាញ​ពី​ការ​សម្បទាន​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​ និង​ការរំពឹងទុក​អំពី​យុគសម័យ​ថ្មី​នៃ​សន្តិភាព​និង​វិបុលភាព​លើ​ឧបទ្វីប​កូរ៉េ​។​

យោងតាម​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​ឲ្យ​ដឹងថា លោក ត្រាំ បានបង្ហាញ​គោលបំណង​របស់គាត់​ក្នុងការ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ផ្តល់​ការធានា​ផ្នែក​សន្តិសុខ​ដល់​ប្រទេស​កូរ៉េខាងជើង​និង​លុបចោល​ការដាក់ទណ្ឌកម្ម​ខណៈពេលដែល​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​បាន​ប្រសើរឡើង​។​

ប្រធានាធិបតី​អាមេរិក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ចង់​លុបចោល​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ប៉ុន្តែ​វា​នឹងមិន​កើតឡើង​ភ្លាមៗ​នោះទេ​។​
KCNA បាន​រាយការណ៍​ថា លោក គីម និង​លោក ត្រាំ បាន​អញ្ជើញ​គ្នា​ទៅវិញទៅមក​ឲ្យ​ទៅលេង​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​ហើយ​មេដឹកនាំ​ទាំងពីរ​បានទទួល​យក​វា​ដោយ​សេចក្តី​អំណរ​។​
KCNA បាន​រាយការណ៍​ថា “​លោក​គីម​ជុង​អ៊ុន​និង​លោក​ត្រាំ​បានទទួល​ស្គាល់​រួមគ្នា​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ជា​ជំហានៗ​និង​សកម្ម​ភាពជា​បន្តបន្ទាប់​ក្នុងការ​សម្រេចបាន​សន្តិ​ភាព ស្ថិរភាព​និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​”​។​

លោក ត្រាំ បាន​បញ្ជាក់ថា អាមេរិក​នឹងមិន​ធ្វើ​សមយុទ្ធ​សង្គ្រាម​ជាមួយ​កូរ៉េខាងត្បូង​ទៀត​ទេ​។​
​លោក ត្រាំ បាន​ប្រាប់​ទូរទស្សន៍ Fox News ក្នុង​បទសម្ភាសន៍​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ថា “​យើង​នឹងមិន​ធ្វើ​សមយុទ្ធ​ទេ​ដរាបណា​យើង​កំពុង​ចរចា​ដោយស្មោះ​ត្រង់​”​។​
​មានការ​យល់ច្រឡំ​ខ្លះ​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ដែល​លោក ត្រាំ បាន​សន្យាថា​នឹង​បញ្ឈប់​។​

កាលវិភាគ​នៃ​សមយុទ្ធ​របស់​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​បានកើត​ឡើង​ចំ​ចំណុច​ខ្ពស់​ជា​រៀងរាល់ឆ្នាំ​ជាមួយ​សមយុទ្ធ Foal Eagle និង Max Thunder ដែល​សមយុទ្ធ​ទាំងពីរ​នេះ​បានបញ្ចប់​កាលពី​ខែ​មុន​។ សមយុទ្ធ​សំខាន់​មួយទៀត​គឺ​នឹង​ធ្វើឡើង​នៅក្នុង​ខែសីហា​។​

សហរដ្ឋអាមេរិក​បាន​រក្សា​ទាហាន​ប្រហែល​២៨,៥០០​នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែល​នៅតែ​ស្ថិតក្នុង​ស្ថានភាព​បច្ចេកទេស​នៃ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​បន្ទាប់ពី​ជម្លោះ​រវាង​ពួកគេ​បានបញ្ចប់​ក្នុង​បទ​ឈប់​បាញ់​ដែល​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​ឡើយ​។​

ការប្រកាស​របស់លោក​ត្រាំ​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ​សូម្បីតែ​ចំពោះ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​លោក​មូ​ន​ចេ​អ៊ី​ន​នៅ​ទីក្រុង​សេ​អ៊ូ​ល​ដែល​បានធ្វើការ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដើម្បី​ជួយ​នាំមក​នូវ​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម ។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​នៅ​សហរដ្ឋអាមេរិក​បាន​និយាយថា លោក​ត្រាំ​បានផ្តល់​ឲ្យ​ច្រើនពេក​ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែល​នឹងធ្វើ​ឲ្យ​លោក​គីម​មាន​ជំហរ​ជា​អន្តរជាតិ​៕ REUTERS



[caption id="attachment_927892" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu