ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់ដាក់ក្នុងពន្ធនាគារអស់រយៈពេលមួយឆ្នាំមកហើយដោយមិនទាន់បានកំណត់ទោសជាផ្លូវការតាមនីតិវិធី។
ចៅក្រមតុលាការបានបង្គាប់អោយនាំខ្លួនជនជាប់ចោទមកសាលាដំបូងចំនួន២ដងរួចមកហើយកាលពីខែកុម្ភៈ និងក្នុងខែឧសភា ឆ្នាំ២០១៨នេះដើម្បីជំនុំជម្រះទោស តែជនត្រូវចោទបានសុំពន្យារពេលសវនាការនិងរកមេធាវីដោយខ្លួនឯងជាហេតុធ្វើអោយតុលាការខកខានមិនបានកាត់ទោស និងជាមូលហេតុដែលធ្វើអោយការឃុំខ្លួនជនជាប់ចោទត្រូវពន្យារហូតមួយឆ្នាំពេញមិនទាន់បើកសវនាការ ។
លោក Jame Ricketson ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិអូស្ត្រាលី ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ឃុំខ្លួននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ពីបទប្រមូលផ្តុំព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា ៤៤៦នៃក្រមព្រហ្មទណ្ឌ។
បទចោទប្រកាន់នេះ អាចអោយជនត្រូវចោទជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ បើតុលាការរកឃើញថាជនត្រូវចោទបានប្រព្រឹត្តអោយមានកំហុស។
បុរសជនជាតិអូស្ត្រាលីម្នាក់ នេះជាប់ពាក់ព័ន្ធថា បានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ មិថុនា ២០១៧ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនអន្តោប្រវេសន៍ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធបទល្មើសខាងលើនេះ។
ការសាកសួរជនសង្ស័យនៅដំណាក់តំណាងអយ្យការ បានអូសបន្លាយមកដល់ព្រឹកថ្ងៃទី៩ មិថុនា នេះ ទើបបានលោក សៀង សុខ ព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់ជាផ្លូវការ។
គួរបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី៣ មិថុនា ២០១៧ កម្លាំងសមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែន អន្តោប្រវេសន៍រាជធានីភ្នំពេញ នគរបាលបានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នេះនៅចំណុចម្តុំរូបសំណាកព្រះគម្លង់ ក្នុងទឹកដីខណ្ឌដូនពេញ ពាក់ព័ន្ធករណីបង្ហោះកាមេរ៉ាថតផ្តិតយករូបភាពនានាពីលើអាកាស ដើម្បីទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញាត។ បុរសរូបនោះឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ តែគេបានលាក់បាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែន មិនបង្ហាញចំពោះសមត្ថកិច្ចទេ។
ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នេះ ទុកស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់។ ពេលចាប់ខ្លួនទើបដឹងថា ជនជាតិអូស្ត្រាលីម្នាក់នេះជាផលិតករភាពយន្តអូស្ត្រាលីម្នាក់ មានរឿងអាស្រូវជាច្រើនទៀត និងមានរឿងខ្លះត្រូវបានតុលាការប្រទេសកម្ពុជាផ្តនទាទោសរួចហើយដែរ។ ក្នុងនោះដូចជាមានរឿងជួញដូរកុមារខ្មែរលក់ទៅក្រៅប្រទេស ដែលត្រូវផ្តន្ទាទោសពីរឆ្នាំតែទោសនោះត្រូវព្យួរ និងមានសំណុំរឿងរដ្ឋប្បវេណីមួយទៀត តុលាការបានផ្តន្ទាទោសពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៥លានរៀល និងសងទៅដើមបណ្តឹង៦លានរៀល តែសាលក្រមនេះបានប្រកាសធ្វើឡើងកំបាំងមុខជនជាប់ចោទ នៅក្នុងអំឡុងឆ្នាំ២០១៤ ដោយសារគេចខ្លួនទៅប្រទេសអូស្ត្រាលី។
ប្រភពព័ត៌មានត្រូវបាន សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ បានលួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ ដោយការស្នាក់នៅមិនពិតប្រាកដ ។ លុះថ្ងៃទី៣ មិថុនា ត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីស្នងការនគរបាលរាជធានីភ្នំពេញ បានពិនិត្យឃើញជនបរទេសរូបនេះ ដើរបង្ហោះកាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិយកពីសកម្មភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលសាលារាជធានីភ្នំពេញហាមឃាត់។ ចំណុចនេះហើយដែលបានធ្វើឲ្យតំណាងអយ្យការ សាកសួរកឃើញបទល្មើសថ្មី ដូចបានចោទប្រកាន់ខាងលើនោះ៕
Source: Kampuchea Thmey Daily
0 Comments