ក្រុមស.ស.យ.ក កំចាយមារ ដែលជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលឆ្នាំ២០១៧ (ហ្វូតសាល) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងមានឈ្មោះតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកហ្វូតសាលតំបន់អាស៊ាន AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា ខាងមុខ។
គិតត្រឹមពេលនេះគណៈកម្មការរៀបចំការប្រកួតបានរកឃើញបេក្ខភាពគ្រប់ចំនួនហើយគឺ៨ក្រុម ដែលបានបែងចែកជា២ពូល ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់នេះ ខណៈក្រុមSKN FC Kebumen មកពីប្រទេសឥណ្ឌូណេស៊ី ជាក្រុមរកឃើញចុងក្រោយគេកាលពីពេលថ្មីៗ។ យោងតាមការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) កាលពីពេលថ្មីៗបញ្ជាក់ថា ក្រុមកំចាយមាររបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជាមួយក្រុម East Coast Heat FC (អូស្ត្រាលី) Arbisyam FC (ប្រ៊ុយណេ)និង MIC (មីយ៉ាន់ម៉ា)។ ចំណែកពូល B វិញមានក្រុមSKN FC Kebumen របស់ឥណ្ឌូណេស៊ី, Bangkok BTS (ថៃ), Melaka United (ម៉ាឡេស៊ី) និង Sanatech Khanh Hoa (វៀតណាម)។
ពានរង្វាន់នេះនឹងចាប់ដំណើរការពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ខណៈក្រុមសមាជិកទាំង៨ក្រុមនេះ បែងចែកចេញជា២ពូលធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ហើយ២ក្រុមដែលមានពិន្ទុលើគេនឹងត្រូវប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងប្រជែងគ្នាដណ្ដើមជើងឯក។ តាមកាលវិភាគប្រកួតវគ្គជម្រុះតាមពូលរបស់ក្រុមកំចាយមារគឺ ត្រូវប៉ះក្រុម East Coast Heat FC នៅថ្ងៃទី១៥ កក្កដា ហើយនៅថ្ងៃបន្ទាប់ក្រុមរបស់កម្ពុជា មួយនេះត្រូវប៉ះក្រុម MIC និងនៅថ្ងៃទី១៧ កក្កដា ក្រុមកំចាយមារ បន្តប្រកួតបិទពូលជាមួយក្រុម Arbisyam FC។
លោក ខុន សន្ទនា អ្នកចាត់ការទូទៅរបស់ក្រុមកំចាយមារ បានត្អូញត្អែរពីស្ថានភាពរបស់ក្រុមទាំងខ្វះបទពិសោធន៍លើឆាកអន្តរជាតិ ខ្វះសមាជិកបន្ថែមមួយចំនួន។ ប៉ុន្តែលោកនៅមានគំនិតវិជ្ជមានថាកូនក្រុមនឹងរៀនសូត្រពីការប្រកួតនៅក្រៅប្រទេសលើកនេះបានច្រើន ដើម្បីបន្តមកអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។ តាមរយៈការប្រកួតលីគហ្វូតសាលក្នុងស្រុកតែមួយមុខប៉ុណ្ណោះ ដែលលោកគិតថា ជាដើមទុនពង្រឹងកម្រិតលេងរបស់ក្រុមមុនការប្រកួតអន្តរជាតិមកដល់។
ចំពោះពានរង្វាន់ AFF Futsal Club Championship រៀបចំឡើងទើបតែបាន៣លើកប៉ុណ្ណោះ គិតពីឆ្នាំ២០១៥ មកហើយក្លិប Port FC របស់ថៃ ជាក្រុមជើងឯកទាំង៣លើកនេះ។ សម្រាប់កម្ពុជា វិញនេះជាឆ្នាំដំបូងដែលមានបេក្ខភាពចេញទៅប្រកួតនៅក្រៅប្រទេសក្រោយមានចលនាប្រកួតនៅក្នុងស្រុកឡើងវិញ គិតតាំងពីឆ្នាំ២០១៧មក៕
Source: Kampuchea Thmey Daily
0 Comments