កណ្តាល ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករ៉ឺម៉កដឹកឈើមកបុកបង្កាន់ដៃស្ពានព្រែកក្តាមធ្លាក់មកក្រោមកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ប៉ូលិសមូលដ្ឋាន បានឲ្យដឹងថា ក្រុមជនរងគ្រោះដែលស្លាប់ ឈ្មោះ ប៉ូច ចក់ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសត្វល្អិត ឃុំចុងដូង ស្រុកបារាយ៍ ខេត្តកំពង់ធំ(អ្នកបើកបរ) និងម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ឈ្មោះ ហ៊ាន សាក់ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា។
តាមសំដីរបស់សាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉កម៉ូតូដឹកឈើ ត្រឡប់មកពីព្រែកព្នៅ ទៅផ្ទះវិញ ខណៈដែលបើកមកដល់លើស្ពាន ព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ស្រុកពញាឮ ខេត្តកណ្តាល ដោយបើកលឿនពេកបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលធ្លាក់មកក្រោមស្ពានបាក់.ក ស្លាប់អ្នកបើកបររ៉ឺម៉ក និង អ្នករួមដំណើរ រងរបួសធ្ងន់ ប៉ុន្តែម៉ូតូរ៉ឺម៉ក នៅលើស្ពានមិនធ្លាក់មកក្រោមទេ។
ក្រោយកើតហេតុប៉ូលិស បានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ជារៀងរាល់ថ្ងៃ គេតែងតែសង្កេតឃើញក្រុមរ៉ឺម៉កម៉ូតូទាំងនេះប្រហែល២០គ្រឿងដឹកឈើមូលៗ ដឹកមកពីខេត្តកំពង់ធំ និង កំពង់ស្ពឺ បន្តកន្ទុយគ្នារដឹកយកមកលក់ឲ្យឈ្មួញនៅម្តុំព្រែកព្នៅដោយមិនមានការបង្ក្រាបពីមន្ត្រីមេព្រៃឡើយ៕
Source: Kampuchea Thmey Daily
0 Comments