បន្ទាយមានជ័យ ៖ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិកបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្នុងពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិនិងគ្រឿងឥស្សរិយយសដល់មន្ត្រីនគរបាលចំនួន១៦១នាក់ ថាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខជិតចូលមកដល់ កម្លាំងនគរបាលទាំងអស់ត្រូវរៀបចំផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅពេលបោះឆ្នោតនិងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ដើម្បីការពារសន្តិសុខជូនពួកគាត់ឲ្យបានល្អ។
កិច្ចប្រជុំនេះ មានអ្នកចូលរួមលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត មន្ត្រីនគរបាលជាន់ខ្ពស់ និងនគរបាលចូលរួម១៣៨នាក់នៅព្រឹក ថ្ងៃទី១៣ខែ មិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល មានប្រសាសន៍ទៀតថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោក នាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិលោកបានឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងណែនាំត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់។ និងកិច្ចការពារ ថែរក្សាសន្តិសុខសណ្តាប់ក្នុងដំណើរការបោះឆ្នោតខាងមុខ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌ គ្មានអំពើហិង្សា ក្តាប់ព័ត៌មាន និងទប់ស្កាត់ការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ការងារប្រតិបត្តិការ ចាត់ចែងបែងចែកការងារតាមតួនាទីភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤លើ២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយទាក់ទងផ្សេងៗ ការងារមន្ត្រីនគរបាលយុត្តិធម៌ ទប់ស្កាត់បង្ក្រាបរាល់មុខសញ្ញាបទល្មើសដែលកើតមានឡើងក្នុងភូមិសាស្ត្រ ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ ការងារកសាងអង្គភាព សាងសង់ទីកន្លែងស្នាក់នៅ កន្លែងធ្វើការងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និងកីឡា ត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ ការបំពាក់អាវុធត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់។ នៅបញ្ចប់កម្មវិធីលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានរំលឹកដល់នគរបាលគ្រប់រូប ត្រូវជួយជំរុញសាច់ញាតិ និងអ្នកជិតខាងឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នាផងដែរ និងបានធ្វើការប្រកាសមុខតំណែងមន្ត្រីនគរបាលជាតិចំនួន១៦១នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន១២០នាក់ ដល់មន្ត្រីនគរបាលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments