Ad Code

អ៊ុយ​ក្រែ​ន​អះអាងថា ពួកគេ​រកឃើញ​បញ្ជី​នៃ​គោលដៅ​ធ្វើឃាត​មនុស្ស​៤៧​នាក់​របស់​រុស្ស៊ី



ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ប្រតិបត្តិការ​របស់​ខ្លួន​ ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ក្លែងក្លាយ​លើ​អ្នកកាសែត​ជនជាតិ​រុស្ស៊ី​ឈ្មោះ Arkady Babchenko គឺជា​លទ្ធផល​បាន​រក​ឃើញ​បញ្ជី​ឈ្មោះ​មនុស្ស​៤៧​នាក់​ ដោយ​ភាគច្រើន​ជា​អ្នកកាសែត​ដែលជា​គោលដៅ​សម្រាប់​ការវាយប្រហារ​បន្តទៀត​។

អគ្គ​រដ្ឋអាជ្ញា Yuriy Lutsenko បាន​សរសេរ​នៅលើ Facebook ថា ប្រតិ​ប​ត្ដិ​ការ​ដ៏​ចម្រូងចម្រាស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់​ដែល​និយាយ​កុហក​ជា​សាធារណៈ​អំពី​ការស្លាប់​របស់លោក Babchenko បាន​ជួយ​ដល់​សេវា​សន្តិសុខ​ឲ្យ​រកឃើញ​បញ្ជី​មួយ​មានឈ្មោះ​មនុស្ស​៤៧​នាក់​ដែល​ភាគច្រើន​ជា​អ្នកកាសែត​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដែល​អាចជា​ជនរងគ្រោះ​បន្ទាប់​នៃ​អំពើ​ភេរវកម្ម​។​

លោក Lutsenko បាន​និយាយថា ពួកគេ​ទាំងអស់​ត្រូវបាន​ជូនដំណឹង​ហើយ​ការរៀបចំ​ត្រូវបាន​ធ្វើឡើង​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ​។​

អ្នកកាសែត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​គៀវ​ឈ្មោះ Matvei Ganapolsky ដែល​ធ្វើការ​ឲ្យ​វិទ្យុ​រុស្ស៊ី Echo of Moscow បាន​ប្រាប់​វិទ្យុ​នេះ​ថា គាត់​នឹង​អ្នកកាសែត​លេចធ្លោ​ម្នាក់ទៀត​ឈ្មោះ Evgeniy Kiselev ត្រូវបាន​កោះហៅ​ដោយ​សេវា​សន្តិសុខ​អ៊ុយ​ក្រែ​ន​ហើយ​ត្រូវបាន​ព្រមាន​អំពី​ហានិភ័យ​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ​ដោយ​ប្រមុខ​របស់​សេវា​នេះ​គឺ​លោក Vasyl Grytsak និង Lutsenko​។​

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពីមុន​ថា សេវា​សម្ងាត់​របស់​រុស្ស៊ី​គ្រោង​សម្លាប់​មិន​ត្រឹមតែ លោក Babchenko ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​នៅមាន​មនុស្ស​ចំនួន​៣០​នាក់​ទៀតផង​ដែរ​។​

កាលពី​ថ្ងៃ​សុក្រ មន្ត្រី​ច្បាប់​អ៊ុយ​ក្រែ​ន​រួមទាំង​លោក Lutsenko ផងដែរ​បាន​ជួប​អ្នកការទូត​លោកខាងលិច​ដើម្បី​ជម្រាប​ពួកគេ​អំពី​ការសម្រេចចិត្ត​របស់​ក្រុង​គៀវ​ក្នុង​ការរៀបចំ​ការសម្លាប់​ក្លែងក្លាយ​លើ​លោក Babchenko ដែល​បាន​ជំរុញ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​។​

អ្នកការទូត​ប្រហែល​១២​នាក់​បាន​ទៅ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​ជួប​ជាមួយ​លោក Lutsenko និង​លោក Grytsak ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ដែលមាន​រយៈពេល​ជិត​ពីរ​ម៉ោង​។​

ក្រុម​អ្នកការទូត​ត្រូវបាន​គេ​ប្រាប់ថា ការធ្វើ​ឃាតកម្ម​ក្លែងក្លាយ​លើ​លោក Babchenko បានអនុញ្ញាត​ឲ្យ​ពួកគេ “​ការពារ​ការស្លាប់​រប​ស់​អ្នកកាសែត​”៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu