Ad Code

កងទ័ព​អ៊ីស្រាអែល​សម្លាប់​គិលានុបដ្ឋាយិកា​ប៉ាឡេស្ទីន​ក្នុង​បាតុកម្ម​នៅ​ព្រំដែន​ហ្គា​ហ្សា​



ក្រុម​មន្ត្រី​សុខាភិបាល​ និង​សាក្សី​ម្នាក់​ បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​ បាន​សម្លាប់​គិលានុបដ្ឋាយិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ​កាលពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​នាង​ព្យាយាម​ជួយ​បាតុករ​រង​របួស​ម្នាក់​នៅ​ព្រំដែន​ហ្គា​ហ្សា​ ខណៈដែល​អ៊ីស្រាអែល​និយាយ​ថា ពួក​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​កងទ័ព​រប​ស់​ខ្លួន​ដោយ​គ្រាប់កាំភ្លើង​និង​គ្រាប់បែកដៃ​។​

ការស្លាប់​របស់​នាង Razan Al-Najar បានធ្វើ​ឲ្យ​ចំនួន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវ​សម្លាប់​នៅក្នុង​បាតុកម្ម​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៣០​ខែមីនា​នៅ​ជ្រោយ​ហ្គា​ហ្សា​កើន​ឡើងដល់​១១៩​នាក់​។​

សាក្សី​ម្នាក់​បាន​និយាយថា នាង Najar អាយុ​២១​ឆ្នាំ​ដែលជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​គឺ​ត្រូវបាន​គេ​បាញ់​នៅពេល​នាង​រត់​ឆ្ពោះទៅកាន់​របង​ព្រំដែន​ដែលមាន​កំពែង​រឹងមាំ​នៅ​ភាគ​ខាងកើត​ទីក្រុង Khan Younis នៃ​ភាគខាងត្បូង​តំបន់​ហ្គា​ហ្សា​ក្នុង​គោលបំណង​ទៅ​ជួយ​ជនរងគ្រោះ​។​

សាក្សី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​រ៉​យ​ទ័​រថា “​នាង​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ស​។ នាង​លើកដៃ​ខ្ពស់​នៅតាម​ផ្លូវ​ដ៏​ទូលាយ​ប៉ុន្តែ​ទាហាន​អ៊ីស្រាអែល​បាន​បាញ់​នាង​ចំ​ទ្រូង​”​។​

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​ការសម្លាប់ Najar ទេ​។ មន្ត្រី​អ៊ីស្រាអែល​ធ្លាប់បាន​និយាយថា អ្នកបាញ់​ស៊ី​ប​បាន​សំដៅ​ទៅលើ​តែ​អ្នកណា​ដែល​បង្ក​ការគំរាមកំហែង​ប៉ុណ្ណោះ​ប៉ុន្តែ​ថា​ជួនកាល​គ្រាប់កាំភ្លើង​អាច​រត់​កាត់​ពួកគេ​ហើយ​ត្រូវចំ​អ្នក​នៅក្បែរនោះ​។​

មន្ត្រី​សុខាភិបាល​ហ្គា​ហ្សា​បាន​និយាយថា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១០០​នាក់​បាន​រងរបួស​ដោ​យ​គ្រាប់កាំភ្លើង​ក្នុងអំឡុង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​សុក្រ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ យោធា​អ៊ីស្រាអែល​បាន​និយាយថា កងទ័ព​របស់ខ្លួន​បាន​ចាត់វិធានការ​ដើម្បី​បំបែក “​កុបករ​រាប់ពាន់នាក់​” នៅ​ទីតាំង​ចំនួន​ប្រាំ​។​

គួរ​បញ្ជាក់ថា ចំនួន​បាតុករ​កាលពី​ថ្ងៃ​សុក្រ​គឺមាន​តិចជាង​កាលពី​សប្តាហ៍​មុន​ប៉ុន្តែ​គេ​រំពឹងថា​នឹង​កើនឡើង​នៅ​សប្ដាហ៍​ក្រោយ​នៅពេលដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រារព្ធ​ខួប​នៃ​ការកាន់កាប់​របស់​អ៊ីស្រាអែល​លើ​ជ្រោយ​ហ្គា​ហ្សា​និង​តំបន់​វេស​ប៊េ​ង​និង​ក្រុង​យេ​រូ​សា​ឡឹម​ភាគ​ខាងកើត​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៦៧៕ REUTERS



[caption id="attachment_921203" align="aligncenter" width="960"] Colleagues of Palestinian nurse Razan Al-Najar, who was killed during a protest at the Israel-Gaza border, react at a hospital in the southern Gaza Strip June 1, 2018. REUTERS/Ibraheem Abu Mustafa[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu