Ad Code

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ធ្វើ​ការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​លក់​ផលិតផល​ខ្មែរ​តាម​ប្រព័ន្ធ​អន​ឡាញ​ទៅកាន់​លើ​ទីផ្សារ​ពិភពលោក



ភ្នំពេញ ៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បានធ្វើការ​សហការគ្នា​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​ឱ្យជួយ​ណែនាំ​និង​បង្រៀន​សម្រាប់​ការលក់​ផលិតផល​នៅ​ប្រព័ន្ធ​អន​ឡាញ​ទៅលើ​ទីផ្សារ​ពិភពលោក ដើម្បី​បង្ក​ភាពងាយស្រួល និង​កាន់តែ​ទូលំទូលាយ​ជាង​មុន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម របស់​ប្រទេស​កម្ពុជា​។​

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ឥណ្ឌា​មួយ ឈ្មោះថា “SRAM & MRAM” បាន​សហការគ្នា​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​មួយ ដើម្បី​លក់​ផលិតផល​ខ្មែរ ទៅ​ទីផ្សារ​ពិភពលោក តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បង្ក​ភាពងាយស្រួល និង​កាន់តែ​ទូលំទូលាយ​ជាង​មុន​។​

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ឥណ្ឌា SRAM & MRAM ក៏បាន​ចុះ​កិច្ច​អនុស្សរណៈ​យោគយល់​គ្នា ទៅលើ​គម្រោង​ជំរុញ​ផលិតផល​ខ្មែរ ចូលក្នុង​ទីផ្សារ​ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​។ ការចុះ​អនុស្សរណៈ​នេះ ធ្វើឡើង​ដើម្បី​បញ្ជូន​ផលិតផល​ខ្មែរ ទៅកាន់​ទីផ្សារ​ពិភពលោក​។​

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ឥណ្ឌា SRAM & MRAM កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា ការចុះ​អនុស្សរណៈ​នេះ ជាការ​ជំរុញ​ផលិតផល​ខ្មែរ ឲ្យ​មានការ​ទទួលស្គាល់​កាន់តែ​ច្រើនឡើងៗ មួយវិញទៀត​នេះ ជាការ​ធ្វើឡើង​ស្របទៅនឹង យុទ្ធសាស្ដ្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ដែល​កាត់បន្ថយ​ការ នាំចូល​ផលិត​សម្រេច​ពី​បរទេស ក្នុង​ទីផ្សារ​កម្ពុជា​។​

លោក​បាន​បន្ថែមទៀត​ថា សម្រាប់​ការប្រតិបត្តិ​នៃ​ការលក់ដូរ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ក្រុមហ៊ុន​ឥណ្ឌា​នឹងធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ឲ្យ​សាធារណៈ​ដែលមាន​ផលិតផល​ទាំងអស់ ចូលរួម​ស្ដាប់ និង​យល់ដឹង​ពី​នីតិ​វិធី​ក្នុង​ការនាំ​ផលិតផល ចូលទៅ​កាន់​ពិភពលោក​តាម​ប្រព័ន្ធ​អន​ឡាញ​។​

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​បញ្ជាក់ថា ថា ““​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​បាន​ជំរុញ​ផលិតផល SMEs ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាន​”​។ ប្រតិបត្តិការ​នេះ នឹង​ចាប់ផ្ដើម​នាពេល​ឆាប់ៗ​ខាងមុខ​។ ខ្ញុំ​ជឿជាក់ថា បន្ទាប់ពី​ចូលក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា នឹងមាន​សប្ប​កម្ម​កែច្នៃ វេច​ខ្ចប់​ដើរ​តាម​ស្ដង់ដារ​”​។​

ចំណែក​ភាគី​ខាង​ឥណ្ឌា លោក Sailesh Lachu Hiranandani ប្រធាន​ក្រុមហ៊ុន SRAM & MRAM បានបញ្ជាក់​ផងដែរ​ថា សម្រាប់​ការលក់​ផលិតផល​នៅ​ប្រព័ន្ធ​អន​ឡាញ​នេះ ក្រុមហ៊ុន​នឹង​រៀបចំ​ឲ្យ​មាន​ច្រកចេញចូល​មួយ សម្រាប់​សម្របសម្រួល​ដើម្បី​នាំចេញ​បាន​។ លោក​នឹងធ្វើ​សិក្ខាសាលា​មួយនា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ ប​ង្រៀន ​និង​របៀបរបប​នៃ​ការនាំចេញ​តាម​ប្រព័ន្ធ​អន​ឡាយ​លើ​ពិភពលោក ជូនទៅ​កាន់​សិក្ខា​ម​ខ្មែរ​ចំនួន​៣០០​ក្រុមហ៊ុន​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu