ភ្នំពេញ ៖ បុរស៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនខណៈឆែកឆេរពួកគេពេលកំពុងធ្វើដំណើរតាមផ្លូវ រកឃើញមានលាក់ទុកដាវកែច្នៃ ជាអាវុធខុសច្បាប់ ក្នុងពេលដាច់ដោយឡែកពីគ្នា កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១៨។
ប៉ូលិសនិយាយថា ក្រុមជនជាប់ចោទក្រុមទី១ ត្រូវបានឃាត់ចំនួន២នាក់នៅម៉ោង ២៣យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ពួកគេ១.ឈ្មោះ ពេជ្រ ប៊ុនថាវ អាយុ១៨ឆ្នាំ ទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ២.ឈ្មោះ នឿន ណារ៉ូថ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងគោកចំបក់ជាមួយគ្នា។ នៅក្នុងការឃាត់ខ្លួននេះប៉ូលិសបានដកហូតអាវុធ(ដាវ)កែច្នៃ១ដើម រួមនឹងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GD-0364។
ក្រុមទី២ឃាត់ខ្លួនបានម្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមដែរ នៅវេលាម៉ោង១៩យប់ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដកហូតបានកាំបិតស្នៀត ប្រវែងជាង ៤តឹក ជាប្រភេទកាំបិតចាក់ជ្រូក។ ជនដែលត្រូវគេឃាត់ខ្លួនចុងក្រោយនេះឈ្មោះ មេម សីហា ហៅអាជ្រូក អាយុ៣១ឆ្នាំមុខរបរកម្មករសម្លាប់ជ្រូក។ ប៉ូលិសនិយាយថា មុនកើតហេតុមានប្រជាជនបានរាយការណ៍មកថា កម្មករចាក់ជ្រូកម្នាក់ស្រវឹងថ្នាំញៀនជ្រុល កាន់កាំបិតជ្រូកដើររេរាពេញផ្លូវរកចាក់គេឯង ក្រោយមកកម្លាំងនគរបាលបាននាំគ្នាចុះទៅបង្ក្រាបភ្លាមៗ។
ក្រោយពេលឃាត់ខ្លួនប៉ូលិសបានធ្វើការត្រួតពិនិត្យល្បាយទឹកនោមពួកគេរកឃើញ មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ ប៉ូលិសកំពុងកសាងឯកសារដើម្បីបញ្ជូនពួកគេទៅតុលាការ វិនិច្ឆ័យទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments