ភ្នំពេញ ៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីដើម្បីអភិវឌ្ឍន៍ខណ្ឌមានជ័យនិងជាភរិយាលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យរួមដំណើរជាមួយលោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ស្ទឹងមានជ័យទី២កាលពីថ្ងៃទី៣ខែមិថុនាបានអញ្ជើញចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយមានគ្រឿងឧបភោគបរិភោគទៅផ្តល់ស្ត្រីជួបការលំបាកក្នុងជីវភាពពិសេសលោកយាយៗចាស់ជរារស់នៅគ្មានទីពឹង។
លោកស្រី ចន គន្ធា ប្រធានសមាគមនារីដើម្បីអភិវឌ្ឍន៍ខណ្ឌមានជ័យបានជម្រាបជូនស្ត្រីៗដែលបានទទួលអំណោយថាថ្ងៃនេះលោកស្រីបានទទួលការអនុញាតិពីលោក ពេជ្រ កែវមុនី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យឲ្យនាំយកអំណោយរបស់លោកផ្ទាល់រួមមានគ្រឿងឧបភោគបរិភោគនិងថវិកាមកផ្តល់ជូនបងប្អូនស្ត្រីជួបការលំបាកក្នុងជីវភាពពិសេសលោកៗដែលរស់នៅគ្មានទីពឹង។
លោកស្រី ចន គន្ធា បានបញ្ជាក់តាងនាមលោកស្រីជាភរិយាលោកអភិបាលខណ្ឌមានជ័យលោកស្រីតែងទទួលការអនុញ្ញាតពីស្វាមី ឲ្យចុះសាកសួរសុខទុក្ខដល់បងប្អូនស្ត្រីដែលរស់នៅក្នុងស្ថានភាពក្រីក្រដោយការយកចិត្តទុកដាក់ជាទីបំផុត។
ជាក់ស្តែងនៅថ្ងៃទី២និងទី៣ខែមិថុនានេះ លោកស្រីបាននាំយកអំណោយមកផ្តល់ជូនបងស្រីគង់ ភាអាយុ៣៨ឆ្នាំ មានបញ្ហាសម្រាលកូនមិនគ្រប់លក្ខណៈមានទីលំនៅភូមិក្បាលទំនប់សង្កាត់បឹងទំពន់២ដោយទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកាចំនួន៣០០,០០០រៀល។
លោកយាយសុខ លី អាយុ ៦៥ឆ្នាំរស់នៅភូមិក្បាលទំនប់សង្កាត់បឹងទំពន់២ទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកា៣០០,០០០រៀល។ លោកយាយមឿន ខន រស់នៅភូមិក្បាលទំនប់សង្កាត់បឹងទំពន់២ ទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកាចំនួន៣០០,០០០រៀល។
លោកយាយគង់ អៃ អាយុអាយុ៨៣ឆ្នាំរស់នៅភូមិតំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យ២ទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកា៣០០,០០០រៀល។លោកយាយគង់ អ៊ុំ អាយុ៨៥ឆ្នាំរស់នៅភូមិតំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យ២ទទួលបានគ្រឿងឧបភោគបរិភោគនិងថវិកា៣០០,០០០រៀល។
ក្នុងឱកាសនោះដែរ លោកស្រីចន គន្ធា ក៏បានជម្រាបជូនលោកមេភូមិនិងលោកចៅសង្កាត់សូមចុះពិនិត្យតាមខ្នងផ្ទះដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋដែលកំពុងរស់នៅជួបការលំបាកហើយរាយការណ៍បន្ទាន់មកលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដើម្បីឲ្យលោកចាត់ចែងនាំយកអំណោយមកផ្តល់ជូនដល់ដៃភ្លាមៗមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយអត់អាហារនោះឡើយ។
ក្នុងថ្ងៃនោះដែរ លោកស្រីចន គន្ធា និងក្រុមការងារបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋយើងសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ឲ្យបានគ្រប់ៗគ្នាគឺប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាយើងទទួលបានជ័យជំនះនឹងបន្តដឹកនាំប្រទេសជាតិឲ្យសម្បូរសប្បាយនិងមានសុខសន្តិភាពជារៀងរហូត៕
Source: Kampuchea Thmey Daily
0 Comments