Ad Code

លោក ហ៊ុន ម៉ា​ណែ​ត​ ៖​ កងទ័ព គឺជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​របស់​មាតុភូមិ ក្នុង​ចលនា​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ



ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​កម្មវិធី “​បរិច្ចាគ​ជើងសិប្បនិម្មិត​ជូន​ដល់​យោធិន​ពិការ​” នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។​

ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំនូវ​ការ​ផ្តាំផ្ញើ​​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​នាំមក​នូវ​ការ​ជូនពរ​សព្វ​សាធុការ​ពរជ័យ​ពី​សំណាក់ សម្តេច​ទាំងពីរ ជូន​ចំពោះ​អុំ​ពូ​មីង​យោធិន​ពិការ នាយទាហាន និង​សមាជិក សមាជិកា អង្គ​ពិធី​ទាំងអស់ ហើយ​ជំនួសមុខ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក៏ដូចជា​ជំនួសមុខ​ជូន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កង​យោធពល ខេមរភូមិន្ទ និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​សហការី​ទាំងអស់ នៃ​សមាគម​ចិន​ត្រកូល​លីម​-​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​ជា​ដៃគូ​​សហការ​នៃ​មូលនិធិ​ជើង​សិប្ប​និ​មិ្ម​តរបស់​ម្ចាស់​ក្ស​ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ឧបត្ថម្ភ និង​រៀបចំ​នូវ​កម្មវិធី​បរិច្ចាគ​ជើង​សិប្បនិម្មិត​បំពាក់​ជូន យោធិន​ពិការ (​ចំនួន​១៤០​នាក់​) ដើម្បី​បាន​ប្រើប្រាស់​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគាត់​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន​តាំង​ពីមុន​សង្គ្រាម និង​ដំណាក់កាល​ប្រទេសជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ រួមទាំង​ដំណាក់កាល​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការ​កសាង​ស្ថិរភាព​ជាតិ ឯកភាព​ជាតិ និង​បាន​រហូត​វិវត្តន៍​ឈាន​មកដល់​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ។ ជា​ការ​ពិត​ណាស់​ថា គ្រប់​ដំណាក់កាល គឺ​កម្ពុជា​មិន​អាច​ខ្វះ បាន​ឡើយ​នូវ​វត្តមាន​របស់​កងទ័ព​បានទេ​។ ព្រោះ​កងទ័ព គឺជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​របស់​មាតុភូមិ និង​ប្រជាជាតិ​យើង នៅ​ក្នុង​ចលនា​តស៊ូ និង​ការ​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​រួច​ចាក​ផុតពី​ភ្លើងសង្គ្រាម​។​

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នៅសល់តែ​៥​ថ្ងៃ​ទៀត​ទេ គឺជា​ថ្ងៃទី​២០ មិថុនា គម្រប់​ខួប​៤១​ឆ្នាំ ជា​ទិវា​ចងចាំ​នៃ​ដំណើរ​រ​ឆ្ពោះទៅរក​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​សម្តេច​តេ​ជោ រួមជាមួយ​ឥស្សរជន និង​យុទ្ធជន​ជាច្រើនរូប​ទៀត​បានចាប់ផ្តើម​ងើបឡើង​តស៊ូ នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ និង​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​ដើម្បី​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​សព្វថ្ងៃនេះ​។ លោក​បន្តថា យោធិន​ពិការ​ដែល​កំពុង​អង្គុយ​នេះ ក៏​មិន​ខុសពី​អតីតយុទ្ធជន​កម្ពុជា និង​យោធិន​ពិការ​នៅ​ទូទាំងប្រទេស រួមទាំង​សម្តេច​តេ​ជោ​ផងដែរ ដែល​បានទទួល​រងគ្រោះ​ពិការភាព លើ​រាងកាយ​ដោយសារ​ការតស៊ូ​នៅក្នុង​សង្គ្រាម​។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចាំបាច់​មួយចំនួន ដើម្បី​បង្កើន​ការគិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​យោធិន​ពិការ​របស់​យើង តាមរយៈ​ការលើកស្ទួយ​នូវ​កម្រិតជីវភាព ការលើកតម្កើង​កិត្តិយស​ដល់​ពួកគាត់ ការ​ដំឡើង​ប្រាក់បៀវត្ស និង​ការឧបត្ថម្ភ​ផ្សេងៗ ការបំពាក់​គ្រឿង​ឥស្សរិយយស ការផ្តល់​ដី​សម្បទាន ការបង្កើត​សមាគម​អតីតយុទ្ធជន​កម្ពុជា ដើម្បី​គាំពារ​បន្ថែម​ដល់​អតីតយុទ្ធជន និង​ការឧបត្ថម្ភ​ជាក់ស្តែង​ផ្សេងៗ​ទៀត ដើម្បី​រួមគ្នា​លើកទឹកចិត្ត និង​ការគោរព​ទទួលស្គាល់​ចំពោះ​គុណ​តម្លៃ​របស់​នាយទាហាន​ជំនាន់​មុន ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​បាន​ស្វែងរក​សន្តិភាព​ជូន​ជាតិ និង​ប្រជាជន​ឲ្យ​បានរស់នៅ​សុខសាន្ត​រហូតមកដល់​បច្ចុប្បន្ននេះ​។​

ក្រៅពីនេះ​រាជរដ្ឋាភិបាល ក៏បានផ្តល់​សេវា​ថែទាំ​សុខភាព​សម្រាប់​អតីតយុទ្ធជន ក៏ដូចជា​យោធិន​ពិការ ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន​នានា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ រួមទាំង​ការទទួលបាន​ជំនួយ​សង្គ្រោះ​នានា នៅពេល​អតីតយុទ្ធជន​យើង​ជួប​ការលំបាក​ផ្សេងៗ ការលើកកម្ពស់​វិធានការ​គ្រប់គ្រង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រដ្ឋ​តាម​បណ្តា​ខេត្ត ក្នុងទិសដៅ​ត្រៀម​បែងចែក និង​ផ្តល់ជូន អតីតយុទ្ធជន ដែល​ខ្វះខាត​ពិតប្រាកដ​ឲ្យ​បាន​អាស្រ័យ​ផល​ទៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​។ សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ តាមរយៈ​កិច្ចសហការ​រវាង​សមាគម​ចិន​ត្រកូល​លីម​-​កម្ពុជា ជាមួយ​មូលនិធិ​ជើង សិប្បនិម្មិត​របស់​ម្ចាស់​ក្ស​ត្រី​ប្រទេស​ថៃ គឺជា​ការចូលរួមចំណែក​មួយ​ដ៏​ថ្លៃថ្លា​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​យោធិន​ពិការ​របស់​យើង ហើយ​លោក​សង្ឃឹម​ផងដែរ​ថា សមាគម​នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​ទៀត​ទៅ​ថ្ងៃ​អនាគត​៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu