ភ្នំពេញ ៖ ពលរដ្ឋស្រីប្រុសចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួនពីបទសង្ស័យ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តិ កាលពីអំឡុងយប់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មីនិងសង្កាត់ឃ្មួញ។
បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនខាងលើត្រូវបានចាប់ខ្លួន ខណៈដែលពួកកំពុង តែធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀន ហើយត្រូវបានប្រជាជនជិតខាងឃើញក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង និងមួយចំនួនទៀត កំពុងតែចរាចរណ៍ថ្នាំញៀនតាមដងផ្លូវមកចំគោលដៅសមត្ថកិច្ចឆែកឆេរអាវុធជាតិផ្ទុះ។
ពួកគេមានឈ្មោះ ១.ណៃ ហុង ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ។ ២.អេង សុខងីម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសែនសុខ២។ ៣.ណុប កាហ្សា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិសែនសុខ៧។ ជនទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅសង្កាត់ឃ្មួញ ពីបទប្រើប្រាស់ថ្នាំញៀននិងមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ ៤.សុ ផាន់ណារដ្ឋ ហៅលុច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិរោងចក្រ
សង្កាត់គោកឃ្លាង។ ៥.ណែម សុផល ហៅម៉ៅ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនទី៤ និងទី៥ នេះត្រូវបានចាប់ខ្លួនខណៈកំពុងធ្វើដំណើរដោយម៉ូតូ មកប៉ះចំគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងច្បាប់ចរាចរណ៍របស់សមត្ថកិច្ច នៅចំណុចតាមផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីបានឆែកឆេរក៏ឃើញថ្នាំចំនួន២កញ្ចប់នៅក្នុងហោប៉ៅ។
សំបុកគ្រឿងញៀន ដែលល្បីល្បាញជាងគេនៅភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃត្រូវបានកម្ចាត់ ប៉ុន្តែគ្រឿងញៀននៅតែមានពាសពេញទីក្រុង ជាពិសេសនៅត្រង់តំបន់ណាដែលមានភាពអនាធិបតេយ្យនិងតំបន់ផ្ទះជួលច្រើន៕
Source: Kampuchea Thmey Daily
0 Comments