កីឡាករ ប្រាក់ មុន្នីឧត្តម សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបផុតកិច្ចសន្យាជាមួយក្លិបបាល់ទាត់ Negeri Sembilan ក្នុងលីគកំពូលម៉ាឡេស៊ី (Malaysia Super League) កាលពីពេលថ្មីៗ បានប្រកាសស្វែងរកកីឡាករវ័យក្មេងចូលរួមក្នុងក្រុម Prak Football Academy ក្រោមការគ្រប់គ្រងពីសំណាក់អ្នកកីឡាត្រកូលប្រាក់ របស់ខ្លួន។
ម្ចាស់អាវលេខ៧ក្នុងក្រុមជម្រើសជាតិកម្ពុជា រូបនេះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា បើសិនជាប្អូនៗចង់ធ្វើការសាកល្បងតេស្តសមត្ថភាពអាចមកចូលរួមបាននៅតារាង៦០ម៉ែត្រ នៅថ្ងៃអាទិត្យ ទី១៧ ឆ្នាំ២០១៨ វេលាម៉ោង៨និង០០ រហូតដល់ម៉ោង ១០និង០០ព្រឹក។ ប្អូនគ្រាន់តែបង់ថ្លៃតារាងជាការស្រេច បើសិនជាជាប់ការតេស្តនេះប្អូនៗ គឺមានឱកាសក្នុងការចូលហ្វឹកហាត់ជាជម្រើសរបស់ក្លឹប Prak Football Academy ហើយក៏អាចមានឱកាស ជាប់ជាជម្រើសជាតិផងដែរ។
សម្រាប់អាយុរបស់ប្អូនៗដែលអាចធ្វើការតេស្ត និងការវឹកហាត់បាន គឺរង់ចាំការផ្សាយផ្ទាល់នៅក្នុង Page បេះដូងកីឡាខ្មែរ - Besdong Keila Khmer ដើម្បីស្ដាប់ពីការនិយាយលម្អិត ការផ្សាយផ្ទាល់មាននៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៧និង០០ - ៨និង០០ យប់។ លេខទូរស័ព្ទសម្រាប់ទាក់ទងហ្វឹកហាត់ និងការធ្វើតេស្តសមត្ថភាពគឺលេខ 010 85 84 84។
គ្រួសារត្រកូលប្រាក់ជាគ្រួសារ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយ ពិសេសកីឡាករឆ្នើម ប្រាក់ មុន្នីឧត្ដម និងគ្រូបង្វឹកកម្រិត Pro-License ប្រាក់ សុវណ្ណារ៉ា។ ក្រៅពីនេះនៅមានលោកគ្រូ ប្រាក់ វុទ្ធី, ប្រាក់ សុមុន្នី, លោក ងួន ច័ន្ទសុធា ជាកូនបង្កើតនិងកីឡាករ សាយ ពិសិដ្ឋ ជាកូនប្រសាអ្នកស្រី ប្រាក់ សម្ផស្ស ព្រមទាំង កីឡាករ ប្រាក់ មុន្នីភីរុណ ប្អូនបង្កើតរបស់ មុន្នីឧត្ដម ជាដើម។ នេះជាមូលហេតុធ្វើឲ្យសម្រេចដាក់ឈ្មោះក្រុមបាល់ទាត់យុវជនរបស់ខ្លួនជាPrak Football Academy។
គ្រួសារត្រកូលប្រាក់បានផ្ដួចផ្ដើមគំនិតបើកថ្នាលបណ្ដុះបណ្ដាលយុវជនឈ្មោះថា Prak Football Academy ដើម្បីរួមចំណែកក្នុងការបង្កើនធនធាននិងគុណភាពបាល់ទាត់កម្ពុជានាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments