នៅសល់តែ៣សប្ដាហ៍ទៀតប៉ុណ្ណោះពានរង្វាន់លីគបាល់ទាត់ក្នុងសាលាឆ្នាំ២០១៨ (National Futsal League 2018) ក្រោមការរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ចប់សកម្មភាពប្រកួតវិលជុំសន្សំពិន្ទុ ខណៈក្រុមខ្លាំងជាងគេចំនួន៤ក្រុមដែលអាចរកកៅអីឡើងទៅដណ្តើមជើងឯកបានរកឃើញបណ្តើរៗហើយគិតត្រឹមសប្ដាហ៍ទី១៥ថ្មីៗនេះ។
សរុបលទ្ធផលប្រកួតប្រចាំសប្ដាហ៍ទី១៥ មាននៅថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ក្រុម Down Town Sport ឈ្នះក្រុម Fan Sport FT ៧ទល់៣ ហើយក្រុមឱម៉ាល់ ឈ្នះក្រុមអាណាចក្របៃតង ១០ទល់៥ និងក្រុម B.A United ចាញ់ក្រុម Panda FC ៧ទល់៦ ហើយនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា វិញក្រុមយុវជន៧មករា ចាញ់ក្រុមស.ស.យ.ក កំចាយមារ ១០ទល់៤ និងក្រុមឆន្ទៈកីឡា ចាញ់ក្រុម Home Sport FC៩ទល់៦។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នក្រោយប្រកួតបាន១៥លើកម្នាក់មកឃើញថា ក្រុម Down Town Sport FCឈរលេខ១ មាន៣៦ពិន្ទុ តាមពីក្រោយដោយក្រុម Home Sport FC ឈរលេខ២ មាន៣៣ពិន្ទុ ក្រុម ស.ស.យ.ក កំចាយមារ ឈរលេខ៣ មាន៣០ពិន្ទុ ស្មើគ្នានឹងក្រុមលេខ៤ ឱម៉ាល់ តែខុសគ្រាប់បាល់ចំណេញ។ ក្រុមលេខ៥ អាណាចក្របៃតង មាន២១ពិន្ទុ ហើយក្រុមលេខ៦ Fan Sport FT មាន២១ពិន្ទុ ដូចគ្នា។ លេខ៧ ក្រុម Panda FC មាន១៤ពិន្ទុ ហើយក្រុមឆន្ទៈកីឡាករ ឈរលេខ៨ មាន១៤ពិន្ទុដូចគ្នា ហើយក្រុមយុវជន៧មករា ឈរលេខ៩ មាន១១ពិន្ទុ និងក្រុមB.A United លេខ១០ មាន៤ពិន្ទុ។
ចំណែកក្រុមដែលស្ថិតក្នុងបញ្ជីក្រុមខ្លាំងទាំង៤ប្រចាំរដូវកាល (Top4) មានក្រុម Down Town Sport FCក្រុមឱម៉ាល់ ក្រុមHome Sport និងក្រុម ស.ស.យ.ក កំចាយមារ។ ក្រុមដែលដណ្តើមបានកៅអី Top4 នឹងត្រូវបែងចែកកៅអីគ្នានៅប្រកួតចុងក្រោយដោយក្រុមលេខ២ប៉ះក្រុមលេខ៣ និងក្រុមលេខ១ប៉ះក្រុមលេខ៤ ដើម្បីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រប្រជែងយកជើងឯកប្រចាំរដូវកាលផងដែរ។
ការប្រកួតលីគហ្វូតសាលជាលើកដំបូងនៅក្នុងស្រុកនេះធ្វើឡើងពីថ្ងៃទី០៣ ខែ មិនា រហូតដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈភាគច្រើនប្រកួតនៅថ្ងៃចុងសប្ដាហ៍ ដែលមានក្រុមជាសមាជិកចំនួន១០ក្រុមលើទីលាន ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។ ការប្រកួតមានរូបមន្តជាលក្ខណៈប្រកួតបែបលីគ តាមប្រព័ន្ធលីគ២ជុំ (វិលជុំសន្សំពិន្ទុ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម (Top4) ត្រូវឡើងទៅប្រកួតគ្នាដណ្តើមជើងឯកប្រចាំរដូវកាល។ ក្រុមជើងឯកនឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១និងប្រាក់រង្វាន់២០លានរៀលផងដែរ។
សម្រាប់ប្រកួតសប្តាហ៍ទី១៦ នឹងបន្តធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមយុវជន៧មករា ប៉ះក្រុម B.A United នៅវេលាម៉ោង២និង៣០នាទីល្ងាច ខណៈនៅម៉ោង៤ល្ងាចក្រុមអាណាចក្របៃតង ជួបក្រុម Down Town Sport និងនៅវេលាម៉ោង៥និង៣០នាទីល្ងាចក្រុមស.ស.យ.ក កំចាយមារ ជួបក្រុមឆន្ទៈកីឡា។ នៅថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ ក្រុម Panda FC ប៉ះក្រុមឱម៉ាល់ នៅវេលាម៉ោង៤ល្ងាចនិងនៅវេលាម៉ោង៥និង៣០នាទីល្ងាចក្រុម Home Sport FC ប៉ះក្រុម Fan Sport FT៕
Source: Kampuchea Thmey Daily
0 Comments