កណ្ដាល ៖ អគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បុគ្គលិក ក្រុមហ៊ុនទាំងអស់ អញ្ជើញទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឲ្យ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងការបន្តថែរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ។
លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយបុគ្គលិកកម្មកររបស់ក្រុមហ៊ុន ស្ថិតក្នុងឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។ លោកអគ្គនាយកបានបន្តថា សេរីភាព ដែលយើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីតែមួយគត់ បានអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមាន ការរីកចម្រើន មិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រថានមួយចំនួននោះឡើយ។
លោកឧកញ៉ាឌី ប៉ូបន្តថា ដោយមានគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាពិសេសក្នុង អាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែ ដូចជា ផ្លូវ ស្ពាន សាលារៀន វត្តអារាម ជាក់ស្តែងការផ្តល់ឱកាសឲ្យក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បានចូលរួមចំណែកអភិវឌ្ឍន៍ លើវិស័យកសិកម្មដាំដុះដំណាំស្រូវធម្មជាតិមកដល់ពេលនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ។
នៅក្នុងឱកាសនេះផងដែរ លោក លី សាម៉េតសមាជិកគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយ បានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់ ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការស់នៅប្រកបដោយសុខសានត្រាណ ក្រោមតម្លៃសន្តិភាពតែមួយរបស់សម្តេចតេជោ។
លោក បន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូម ឲ្យបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិតមកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។
តំណាងបុគ្គលិកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ជាច្រើន បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ មានការសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ បានធ្វើឲ្យពួកគាត់ចៀសផុតពីសេចក្តីស្លាប់ ដោយបានអភិវឌ្ឍប្រទេសជាតិ ជាពិសេសការជំរុញ អភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យមានផ្លូវ មានស្ពាន សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាពនៅតាមមូលដ្ឋានជាដើម ដូចនេះពួកគាត់ទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី៕
Source: Kampuchea Thmey Daily
0 Comments