Ad Code

ខ្សែបម្រើ​ស្លាប Esoh Paul Omogba របស់​បឹងកេត អាច​ត្រឡប់​មកជួយ​ក្រុម​វិញ​បាន​ហើយ​ក្រោយ​ជា​ពីរ​បួស​កជើង



ខ្សែបម្រើ​ស្លាប​ជនជាតិ​នី​ហ្សេ​រី​យ៉ា Esoh Paul Omogba របស់​បឹងកេត​អែ​ហ្វ​ស៊ី អាចជួយ​ក្រុម​បាន​វិញ​ហើយ ​ក្នុង​យុទ្ធនាការ​ប្រកួត​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ក្រោយ​ជាសះស្បើយ​ពីរ​បួស​កជើង ដែល​ញាំញី​រូបគេ​កាលពីដើម​ខែមេសា កន្លងទៅ​។



លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បានសម្រេច​ដាក់​ម្ចាស់​អាវ​លេខ​៣០ ឲ្យ​ចូល​លេង​ឡើងវិញ​ពេល​ក្រុម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ឆ្នាំ​២០១៨​សប្ដាហ៍​នេះ​។ Omogba បាន​អវត្តមាន​ពី​ការប្រកួត​ជិត​២​ខែ​មកហើយ ដោយសារ​របួស​កជើង​ពេល​បឹងកេត ស្មើ​១-១​ជាមួយ សូល​ទី​ឡូ​អង្គរ កាលពី​ថ្ងៃទី​៧​ខែមេសា​។ របួស​របស់​កីឡាករ​ដែល​ធ្លាប់មាន​បទពិសោធន៍​នៅ​ប្រទេស​ថៃ មួយ​នេះ ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ជួយ​ក្រុម​បាន​ទាំង​ក្នុង​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup នាពេល​កន្លងទៅ​ផងដែរ​។



យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ កីឡាករ​បរទេស​ទាំង​៥​នាក់​របស់​បឹងកេត មាន​Maycon Calijuri​ជា​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល កីឡាករ​ខ្សែបម្រើ​កណ្ដាល Hikaru Mizuno ជា​ជនជាតិ​ជប៉ុន កីឡាករ Julius Oiboh ជា​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា មិត្ត​រួម​ជាតិ​ខ្សែបម្រើ Samuel Gbenga Ajayi និង Esoh Paul Omogba នេះឯង​។

​កីឡាករ Esoh Paul Omogba ធ្លាប់បាន​ចូលរួម​ជាមួយ​ក្រុម​បឹងកេត កាលពី​ឆ្នាំ​២០១៥ កន្លងទៅ ខណៈ​មុន​មកដល់​កម្ពុជា រូបគេ​ធ្លាប់​លេង​នៅ​ក្លិប Udon Thani និង Samut Sakhon ក្នុងប្រទេស​ថៃ ខណៈ​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ផ្ទេរ​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Yadanarbon ដែលជា​ក្រុម​ជើងឯក​លី​គ​កំពូល​របស់​មី​យ៉ាន់​ម៉ា តែ​បង្ហាញខ្លួន​បាន​ពាក់កណ្ដាល​រដូវ​កាល​ក៏​ផ្លាស់​មក​បឹងកេត វិញ​នៅ​រដូវ​កាល​ជាមួយគ្នា​នោះ​ផងដែរ​។



​ចំពោះ​ក្រុម​បឹង​កេត ការ​ត្រឡប់មកវិញ​របស់ Esoh Paul Omogba គឺ​ស្ថិត​ក្នុង​ការចាំបាច់​ព្រោះថា​ក្លិប​ត្រូវ​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ផង ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផង ទោះបីជា​អស់​ឱកាស​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ក៏ដោយ​។ បច្ចុប្បន្ន​ក្លិប​កំពុងអវត្តមាន​អ្នកចាំ​ទី​ ដៃទី១ ស៊ូ យ៉ាទី ដែល​មាន​បញ្ហា​របួស​ភ្លាត់​សាច់​ដុំ​ភ្លៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu