Ad Code

សិស្ស​ប៊ែ​ល​ធី​៧០០​នាក់ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស លើក​ទី​២



​ភ្នំពេញ​ ៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស​លើក​ទី​២ (English Writing Contest Program) នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ (​សាខា​ស្ទឹងមានជ័យ​) ក្រោម​អធិបតីភាព​លោក​បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យា​ធិ​ការ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​លោកស្រី កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨។​

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បានអោយដឹងថា ​៖ បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​២១ សាខា ក្នុងនោះ ១៩​សាខា កំពុងដំណើរការ និង​០២​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា ៣៦.៦០៨​នាក់ ។ គោលបំណង​នៃ​ការប្រកួត​សំណេរ​ភាសា​អង់គ្លេស​គឺ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​ភាព​ក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព ថ្នឹក​ដៃ​ក្នុង​ការ​សរសេរ​ភាសា​អង់គ្លេស និង​អាច​ចូលរួម​ប្រកួតប្រជែង​សំណេរ​ជា​លក្ខណៈ​អន្តរជាតិ​។​

កម្មវិធីសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ ត្រូវ​បានរៀបចំ​សម្រិតសម្រាំង​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ ក្នុងនោះដែរ សាលា​ក៏បាន​បន្ថែម​កម្មវិធីសិក្សា​ដូចជាៈ ចម្រៀង រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ដល់​សិស្ស​គ្រប់​កម្រិត​ចាប់ពី Preschool 1 ដល់ Level 12។

នៅពេល​បញ្ចប់ Level 12 សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ជាពិសេស​ទទួលបាន​ពិន្ទុ TOEFL ឬ IELTS យ៉ាងតិច 6.5 ឡើង ដែល​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ក្មួយៗ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បានល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​ជយលាភី​នាពេលនេះ​។

លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​មាតា បិតា អាណាព្យាបាល​សិស្ស និស្សិត ដែល​តែងតែ​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​អប់រំ និង​ផ្តល់​លទ្ធភាព​ដល់​កូនៗ​របស់ខ្លួន​ឲ្យ​មក​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ ក៏ដូចជា សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ផងដែរ​។ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នឹង​គ្រោង​បើកសម្ពោធ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ សាខា​ទី​២ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៣ (​ចោមចៅ​) នៅពេល​ឆាប់ៗ​ខាងមុខ​។​

ជាទី​បញ្ចប់ លោក​បណ្ឌិត និង​លោកស្រី ក៏បាន​ប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស ជ័យលាភី កម្រិត​ទី​៥ ទី​៨ ទី​១១​និង​ទី​១២ ចំនួន ១២​នាក់ ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu