Ad Code

បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី​ នឹង​ធ្វើឡើង​ថ្ងៃ​ទី​២០-២១ ខែ​មិថុនា​នៅ​វត្ត​កោះ​មេត្តា​ពោធិ​វង្ស​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​ខ្មែរ​ទាំង​៨ នៅ​ទឹកដី​ពុ​ទ្ធ​ភូមិ



ភ្នំពេញ ៖ បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដែល រៀបចំ​ពិធី​ឡើង​ ដោយ​ព្រះ​ទេវ​ត្ថា ពឿ​យ មេត្តា ចៅអធិការ​វត្ត​ទាំង​៨ ដែនដី​ពុទ្ធភូមិ​នេ​ប៉ាល់​-​ឥណ្ឌា នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត កោះ​មេត្តា​ពោធិ​វង្ស ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​វត្ត​ខ្មែរ​ទាំង​៨ នៅ​ទឹកដី​ពុ​ទ្ធ​ភូមិ ជា​ភូមិ​ដ៏​ប្រសើរ​ដែល​មនុស្ស និង​ទេវតា តែងតែ​គោរព​បូជា​ទាំងយប់​ទាំង​ថ្ងៃ ជាមួយនឹង​ការ​រាប់បាត្រ​ព្រះសង្ឃ ១០៨​អង្គ។



ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​នេះ​នឹង​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃ​ពុធ-ព្រហស្បតិ៍ ៨-៩​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០~២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វត្ត​កោះ​មេត្តា​ពោធិ​វង្ស ស្ថិតនៅ​ភូមិ​កោះអណ្តែត ភូមិ​កោះអណ្តែត ផ្លូវ​ម៉ុងឫទ្ធី​ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ។

តាមរយៈ​បុណ្យផ្កា​ប្រាក់​សាមគ្គី​នេះ ព្រះ​ទេវ​ត្ថា ពឿ​យ មេត្តា ចៅអធិការ​វត្ត​ទាំង​៨ ដែនដី​ពុទ្ធភូមិ​នេ​ប៉ាល់​-​ឥណ្ឌា បាន​មាន​ថេរៈ​ដីកា​ថា ប្រទេស​កម្ពុជា​យើង​តាំងពី​បុរមបុរាណ​មក ពោល​គឺ​ជាង​២៥០០​ឆ្នាំ កន្លង​មក​នេះ​យើង​មិនដែល​មាន​វត្ត​នៅ​ទឹកដី​ពុ​ទ្ធ​ភូមិ នេ​ប៉ាល់​-​ឥណ្ឌា​នោះ​ទេ។ តែ​ពេលនេះ​យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ដោយ​យើង​មាន​វត្ត​នៅ​ទីនោះ​រហូតដល់​៨​វត្ត ដោយ​យើង​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុង​ការ​ធ្វើ​ពិធី​សាសនា​កន្លងមក​នេះ​មាន​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​ចូលរួម​ជាង​១៥០០​អង្គ​នាក់ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​យើង​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តជាតិ ធ្វើ​ឲ្យ​គេ​ស្គាល់​គ្រប់គ្នា។



ព្រះ​ទេវ​ត្ថា ពឿ​យ​មេត្តា មាន​ថេរៈ​ដីកា​បន្ត​ថា ការ​កសាង​វត្ត​នៅ​ទឹកដី​ពុ​ទ្ធ​ភូមិ នេ​ប៉ាល់​-​ឥណ្ឌា មិនមែន​ចេះតែ​ធ្វើ​បាន​ងាយៗ​នោះ​ទេ ពោលគឺ​បើ​យើង​មិនមាន​និស្ស័យ​គឺ​យើង​ធ្វើ​មិនបាន​នោះទេ តែ​ពេលនេះ​យើង​បានធ្វើ​កសាង​រហូតដល់​៨​វត្ត​ឯណោះ។ ប៉ុន្តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​នោះ គឺ​យើង​ត្រូវការ​បច្ច័យ​ជាច្រើន​ទៀត​ដើម្បី​យក​ទៅ​កសាង​វត្ត​ខ្មែរ​ទាំង​៨​នោះ​បន្ថែមទៀត។

ព្រះ​ទេវ​ត្ថា ពឿ​យ មេត្តា សូម​ជូន​មគ្គផល​ដល់​ពុ​ទ្ធបរិស័ទ ដែល​បាន​ចូលរួម​ចាប់មគ្គផល ដើម្បី​ជា​កុសល​ក្នុង បុណ្យ​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​លើក​ទី​១២​នេះ ។ ដូច្នេះ​សូម​ពុទ្ធបរិស័ទ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។

ព្រះអង្គ​មាន​សង្ឃ​ដីកា​បញ្ជាក់​ថា ចំពោះ​ពុ​ទ្ធ​បរិស័ទ ដែលមាន​បំណង​ទៅកាន់​វត្ត​ខ្មែរ នៅ​ទឹកដី​ពុ​ទ្ធ​ភូមិ សូម​ទាក់ទង​នៅ​កុដិ​លេខ​៣៥ នៅ​វត្ត​បុ​ទុម​វ​ត្តី ឬ​ទំនាក់ទំនង តាម​លេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និង​លេខ ០១៧ ៤៧៤ ៧៤២៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu