កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម សូមនាំយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអុតក្ដាម អោយបានគ្រប់ៗគ្នា។
ការអំពាវបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងពិធីចាក់ថ្នាំបង្ការ ការពារជំងឺ សារទឹក អុតក្ដាម នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨។
លោក គួច ចំរើន ក្នុងឱកាសនោះ បានបង្ហាញពីគោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តកំពង់ចាម គឺធ្វើឡើងដើម្បីការពារកុំឲ្យសត្វចិញ្ចឹម (គោ ក្របី ) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចឲ្យសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។
លោកអភិបាល បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហាចាក់ថ្នាំបង្ការនេះ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចម្បងដែលបណ្តាលឲ្យមានជំងឺ អុតក្ដាម និងសារទឹក នាពេលកន្លងមក។
ជាក់ស្តែងក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោងជំងឺប្រភេទនេះបាន បណ្តាលឲ្យសត្វគោក្របីឈឺជាបន្តបន្ទាប់ ហើយត្រូវបានអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកគួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី យកបញ្ហាទាំងនេះទៅផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមិនបានចូលរួម សូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ។
បន្តមកទៀត លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានទៅពិនិត្យមើលសាលាឆាន់ដែលបានឆាបឆេះដោយអគ្គិភ័យ កាលវេលាម៉ោង២ទៀបភ្លឺក្នុងថ្ងៃទី១១ ខែមិថុនាថ្មីៗនេះ ដែលបណ្តាលឲ្យឆាបឆេះខូចខាតអស់ទាំងស្រុង។ ក្នុងនោះលោកអភិបាលខេត្តបានយកបច្ច័យ១លានរៀលប្រគេនដល់ព្រះគ្រូចៅអធិការវត្តក្រូចសើច ហើយជាមួយគ្នាដែរ លោកអភិបាលខេត្តក៏បានចុះសំណេះសំណាលជាមួយគ្រូសិស្សមេត្តយ្យសហគមន៍ ក្នុងបរិវេណវត្តក្រូចសើចនោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments