Ad Code

លីគ​កំពូល​កម្ពុជា បឹងកេត និងវិសាខា រក​បាន​ជ័យជម្នះ​ដូចគ្នា​តែ​អាស៊ី​អឺរ៉ុប ស្មើ​គ្នា​ជាមួយ​ប៉ូលិស



ក្រុម​បាល់ទាត់​បឹងកេងអែហ្វស៊ី និង​វិសាខាអែហ្វស៊ី រក​​បាន​ជ័យជម្នះ​ដូចគ្នា ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប ស្មើ​គ្នា​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលីស) ថ្ងៃ​ប្រកួត​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​ជម្រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៨ (Metfone Cambodian League 2018) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ឆ្នាំ២០១៨។



ចំពោះ​ក្រុម​បឹងកេតអែហ្វស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​អង្គរថាយហ្គឺរ ដោយ​លទ្ធផល​៤ទល់០ លើ​ទីលាន​​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាត​ចាស់) ខណៈ​ការ​ប្រកួត​ចាប់​ផ្តើម​ពី​ម៉ោង​៣រសៀល។ កីឡាករ​នីហ្សេរីយ៉ា Esoh Paul Omogba បាន​​រក​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​៤៥ ខណៈ​កីឡាករ​មិត្ត​រួម​ជាតិ Ajayi Gbenga រក​គ្រាប់​បាល់​ទី២​នៅ​នាទី​​៦៩ និង​កីឡាករ​ប្រេស៊ីល Maycon រក​បាន២គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​៧២ និង​៧៩។

ចំណែក​ក្រុម​វិសាខា វិញ​បាន​យក​ឈ្នះ​ក្រុម​កំពូល​តារាង​ណាហ្គាវើល ដោយ​​លទ្ធផល​៣ទល់០ លើ​ទីលាន​កីឡដ្ឋាន​ស្តាត​ចាស់​ដូចគ្នា ដោយ​ការ​ប្រកួត​ចាប់​ផ្តើម​ពី​ម៉ោង​៦ល្ងាច​តទៅ។ ៣គ្រាប់​របស់​វិសាខា រក​បាន​ដោយ​កីឡាករ រស់ សំអឿន រក​បាន​២គ្រាប់ ស្រប​ពេល​កីឡាករ​វ័យ​ក្មេង សាន គឹមហេង រក​គ្រាប់​បាល់​ទី៣​ឲ្យ​វិសាខា ក្នុង​ប្រកួត​នេះ​ផង​ដែរ។



ដោយ​ឡែក​ក្រុម​ម្ចាស់​ផ្ទះ​អាស៊ី​អឺរ៉ុប បាន​យក​​ប្រកួត​ស្មើ​គ្នា​១ទល់១ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​លទ្ធផល​១ទល់១ លើ​ទីលាន​កីឡដ្ឋាន AEU Sport Part ម្តុំ​អរិយក្សត្រ ដោយ​ការ​ប្រកួត​ចាប់​ផ្តើម​ពី​ម៉ោង​៣រសៀល​។ ក្រុម​ម្ចាស់​ផ្ទះ​បាន​រក​គ្រាប់​បាល់​បាន​មុន​គឺ​នៅ​នាទី​៥៥ និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ​បាន​វាយ​បក​នៅ​នាទី​៦១ ដោយ​កីឡាករ នួន បូរី។

ចំណែក​កម្មវិធី​ប្រកួត​ផ្សេង​ទៀត​ប្រចាំ​សប្ដាហ៍​ទី៨ នេះ​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ដោយ​ក្រុម​វេស្ទើនភ្នំពេញ ទទួល​ក្រុម​ភ្នំពេញ​ក្រោន នៅ​វេលា​ម៉ោង​៣រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន ហើយ​ក្រុម​អគ្គីសនីកម្ពុជា ប៉ះ​ក្រុម​សូលទីឡូអង្គរ នៅ​ម៉ោង​ដំណាល​គ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនីកម្ពុជា និង​ចុងក្រោយ​ក្រុម​ព្រះខ័នរាជស្វាយរៀង ទទួល​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៦ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។



ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២ជើង​​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។ ការ​ប្រកួត​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី៣​ខែ​មីនា ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២ក្រុម។ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu