Ad Code

លោក​Mattis និយាយ​ម៉ឺងម៉ាត់​លើ​ប្រទេស​ចិន​ក្នុង​សុន្ទរកថា​នៅ សិង្ហ​បុរី



រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ការ​បង្កើន​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​សព្វាវុធ​កម្រិត​ខ្ពស់​នៅក្នុង​ផ្លូវទឹក​មាន​ជម្លោះ​ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បំភិតបំភ័យ​ និង​គំរាមកំហែង​អ្នកជិតខាង។

ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​កម្រិត​កំពូល​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ថា យោធា​អាមេរិក​នៅតែ​បន្ត​គាំទ្រ​ដល់​ការជំរុញ​ផ្នែក​ការទូត​ចំពោះ “​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​ចេញពី​ឧបទ្វីប​កូរ៉េ​”​។​

លោក Mattis បាន​និយាយថា ក្រុង​ប៉េកាំង​បានដាក់​ពង្រាយ​ឧបករណ៍​យោធា​ជាច្រើន​រួមទាំង​មី​ស៊ី​ល​ប្រឆាំង​នាវា មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​និង​ឧបករណ៍​អេឡិចត្រូនិក​ផងដែរ​នៅ​ទូទាំង​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​កន្លែង​ខ្លួន​បាន​សាងសង់​កូន​កោះ​និង​ប្រែក្លាយ​ទីតាំង​ដទៃទៀត​ទៅជា​មូលដ្ឋាន​យោធា​ដ៏​រឹងមាំ​។​

ក្រុង​ប៉េកាំង​ក៏បាន​ចុះចត​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅលើ​កោះ Woody និង​ប្រជុំ​កោះ Paracel ផងដែរ​។​

លោក Mattis បាន​ប្រាប់​កិច្ចប្រជុំ Shangri-La Dialogue ថា “​ថ្វីបើ​ការអះអាង​របស់​ចិន​ផ្ទុយគ្នា​ក៏ដោយ ការដាក់​ប្រព័ន្ធ​អាវុធ​ទាំងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ដោយផ្ទាល់​ទៅនឹង​ការប្រើប្រាស់​របស់​យោធា​ដើម្បី​បំភិតបំភ័យ​និង​គំរាមកំហែង​”​។​

លោក​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​ប្រធានាធិបតី​ចិន Xi Jinping ធ្វើតាម​ការសន្យា​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឡើង​នៅ​សេត​វិមាន​ថា ក្រុង​ប៉េកាំង​នឹងមិន​ធ្វើ​យោធា​ភា​វូ​នីយកម្ម​នៅ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។​

គួរ​បញ្ជាក់ថា សុន្ទរកថា​របស់លោក Mattis នៅ​ប្រទេស​សិង្ហ​បុរី​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​គាត់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ចាប់តាំងពី​គាត់​បាន​ក្លាយជា​ប្រធាន​មន្ទីរ​បញ្ច​កោណ​។​

រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា សហរដ្ឋអាមេរិក​គាំទ្រ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ដោយ​យុត្តិធម៌​និង​សមធម៌​និង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​និង​បទដ្ឋាន​អន្តរជាតិ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu