ការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី២ ក្នុងជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអីសម្រាប់ដំណាក់កាលទី២ បន្តទៀត។
សម្រាប់ការប្រកួតជម្រុះលើកទី២នេះ ផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយ សេក ចៅជូត អ្នកប្រដាល់ក្លិបអង្គរមានជ័យ មកពីខេត្តសៀមរាប។ រវាងផាន រះ និង សេក ចៅជូតនេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក។ ប៉ុន្តែយ៉ាងណា សម្រាប់ការជួបគ្នាក្នុងជម្រុះពានរង្វាន់បែបនេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ផាន រះ ទំនងជាមិនអាចឈ្នះសេក ចៅជូត បាននោះទេ ។ ព្រោះចៅជូត គេខ្ពស់ជាង វាយបុកខ្លាំងនិងមានផ្លែល្អជាងផាន រះ ។
សេក ចៅជូត ត្បិតទើបតែបង្ហាញខ្លួននៅសង្វៀនភ្នំពេញ ប្រមាណ៦ប្រកួតយ៉ាងណាក្តី ប៉ុន្តែការវាយរបស់គេល្អ ហើយលទ្ធផលឈ្នះ៥ប្រកួតទៅហើយ ដែលការប្រកួតចុងក្រោយរបស់គេ គឺឈ្នះជើងខ្លាំងលិញ ភារម្យ ក្លិបភារម្យគុនខ្មែរ ដោយពិន្ទុ។
ឯការផាន រះ វិញ ថ្វីត្បិតតែជាអ្នកប្រដាល់ចាស់វស្សា ប៉ុន្តែការប្រកួតរបស់គេ មិនជាខ្លាំងនិងមានលទ្ធផលពុំល្អនោះទេ ។ ក្នុងការប្រកួត៤ប្រកួតចុងក្រោយនេះ គេវាយចាញ់ទាំង៤ប្រកួត ដែលការប្រកួតចុងក្រោយនេះ គេវាយចាញ់សួង សុវណ្ណថា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។
ចាំមើល តើការជួបគ្នារវាង ផាន រះ និង សេក ចៅជូត ក្នុងជម្រុះTV5 Knosk Out Seriesទម្ងន់៦០គីឡូក្រាមលើកនេះ ផាន រះ អាចយកប្រៀបឈ្នះលើ សេក ចៅជូតបានឬយ៉ាងណានោះ ? ។
សូមបញ្ជាក់ថា ការប្រកួតក្នុងដំណាក់ទី១នេះ ប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាង ឡូញ វ៉ាន់ឌី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ និង កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។
ឡូញ វ៉ាន់ឌី និង កំពែង ខ្មៅ ពួកគេទាំងពីរ ធ្លាប់ចូលរួមវាយដណ្តើមពានរង្វាន់នេះ ម្តងហើយ កន្លងមក តែត្រូវជ្រុះធ្លាក់ពាក់កណ្តាលផ្លូវ ។ ពេលនេះ គេទាំងពីរចូលរួមម្តងទៀត ប៉ុន្តែមិនដឹងថាគេ ទាំងពីរ មានជោគវាសនាយ៉ាងណានោះឡើយ ។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថា នរណា ជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតនោះទេ ? តែយ៉ាងណា កំពែង ខ្មៅ ប្រហែលជាអ្នកមានប្រៀបឈ្នះហើយ ត្បិតកំពែង ខ្មៅ គេ វាយខ្លាំងនិងល្អជាងវ៉ាន់ឌី ។ ប៉ុន្តែយ៉ាងណា កំពែង ខ្មៅ ក៏មិនអាចធ្វេសប្រហែសឬមើលស្រាលឡូញ វ៉ាន់ឌី បានដែរ ព្រោះអ្នកប្រដាល់រូបនេះ ថ្វីត្បិតតែរាងអន់កម្លាំង តែគេមានកលល្បិចនិងមានផ្លែល្អដែរ ។ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន ។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ ។ ចាំមើល រវាង ឡូញ វ៉ាន់ឌី និង កំពែង ខ្មៅ តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ ? ។
ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មីលើប្រភេទទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ ។
សូមរម្លឹកថា ការប្រកួតលើកទី១ (០៩មិថុនា២០១៨) កន្លងមកនោះ អ្នកប្រដាល់ពីរ រូប ត្រូវបានឡើងទៅចាំប្រកួតនៅក្នុងដំណាក់កាលទី២ហើយ នោះគឺម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក និង លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបាត់ដំបង។
ចំពោះការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិដែលមានមួយគូវិញ ឡុង សុភី អ្នកប្រដាល់ ក្លិបសាលវ័ន្តកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃThav Uolan ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩ គីឡូក្រាម ។
រវាងឡុង សុភី និង Thav Uolan មិនធ្លាប់ជួបគ្នាទេកន្លងមក ។ Thav Uolan គេធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយ និងថែមទាំងឈ្នះខ្សែក្រវាត់បាន១ទៀតផង ។ សម្រាប់ការមកប្រកួតលើកនេះ មិនដឹងថាឈ្នះឬចាញ់ ឡុង សុភីនោះទេ ? ។
ឡុង សុភី ជាអ្នកប្រដាល់ជើងខ្លាំង ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា និងជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័នទៀតផង។ គេប្រកួតចុងក្រោយជាមួយថៃ គឺផ្តួលWatcharalek អោយសន្លប់ក្នុងទឹកទី២ ។
Thav Uolan ក៏ជាជើងខ្លាំងនៅស្រុកថៃដែរ ។ តែយ៉ាងណា Thav Uolan មិនជាលើឡុង សុភី នោះទេ បើប្រៀបធៀបទៅនឹងកម្ពស់ និងប្រវត្តិប្រកួតរបស់សុភី ។ Thav Uolan មានកម្ពស់១,៧០ម៉ែត្រ ខណះដែលឡុង សុភី ១,៧១ម៉ែត្រ ហើយកំណត់ត្រាប្រកួតរបស់ Thav Uolan គឺ៦៩លើក ឈ្នះ៥៧លើក ចាញ់១២លើក និងមិនដែលស្មើ បើធៀបជាមួយឡុង សុភី មានប្រវត្តិប្រកួត១៣៩លើក ឈ្នះ១០៣លើក ចាញ់២១លើក ស្មើ០៤លើក និងធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន១៥លើក ។
ទោះជាយ៉ាងណា រវាងឡុង សុភីនិង Thav Uolan នេះ មិនដឹងថាអ្នកណាជាអ្នកឈ្នះទេ សំរាប់ការជួបគ្នានេះ ? ។ ព្រោះថា អ្នកប្រដាល់ Thav Uolan នេះ ថ្វីត្បិតតែគេមានប្រវត្តិប្រកួតតិចជាងសុភីក្តី ប៉ុន្តែគេមានស្នៀតប្រដាល់ល្អនិងវាយខ្លាំង ដែលឡុង សុភី មិនអាចមើលស្រាលគេបានឡើយ ។ចាំមើល តើឡុង សុភី អាចយកឈ្នះ Thav Uolan បានឬអត់នោះ ? ៕
Source: Kampuchea Thmey Daily
0 Comments