Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​ក្រុម​បឹងកេត រក្សា​កៅអី​ពូ​លតា​រាង ខណៈ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​រកបាន​ពិន្ទុ​ជា​លើកដំបូង​



ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ នៅពេលនេះ​កំពុងតែបន្ត​ឈរ​នៅ​កៅអី​កំពូល​តារាង​ជា​បន្ត ខណៈ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ រកបាន​ពិន្ទុ​ជា​លើកដំបូង ក្នុង​សប្តាហ៍ ទី​១៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



​សរុប​លទ្ធផល​ទាំងអស់​នៅក្នុង​សប្ដាហ៍​ទី​១៥ មានដូចជា​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ២០១៨ ក្រុម​អាស៊ី​អឺរ៉ុប ចាញ់​ក្រុម​វិសាខា ៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​ហើយ​ក្រុម​បឹងកេត ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ស្មើគ្នា​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា វិញ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​៣ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ៤​ទល់​១​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។​



​ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១៥ មកនេះ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឃើញថា​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​វិសាខា មាន​៣៥​ពិន្ទុ ហើយ​ក្រុម​ណាហ្គា​វើ​ល មាន​៣២​ពិន្ទុ ឈរ​លេខ​៣​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣១​ពិ​ន្ទ ខណៈ​ក្រុម​លេខ​៥ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៣​ពិន្ទុ ក្រុម​លេខ​៦ ភ្នំពេញ​ក្រោ​ន មាន​២១​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២១​ពិន្ទុ ដែរ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​សូល​ទី​ឡូ​អង្គរ មាន​១៤​ពិន្ទុ ហើយ​ក្រុម​លេខ​១០ អង្គ​រថា​យ​ហ្គឺ​រ មាន​១៣​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។​



​សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​បន្ត​នឹង​នៅ​ដើមខែ​ក្រោយ បន្ទាប់ពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចុងខែ​នេះ​រួចរាល់​។ ពេល​ត្រឡប់មកវិញ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ហើយ​ក្រុម​វិសាខា ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា និង​១​គូ​ទៀត​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​ដែរ​លើ​ទីលាន​កីឡដ្ឋាន RSN​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែសីហា វិញ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣​រសៀល​ដែរ​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​បឹងកេត វេលាម៉ោង​៦ល្ងាច លើ​ទីលាន​កីឡដ្ឋាន​ស្តាត់ចាស់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu