ភ្នំពេញ ៖ ក្រុមក្មេងពាលបាតសង្គមចំនួន៥នាក់ ជិះម៉ូតូពីរគ្រឿង បានប៉ុនប៉ងធ្វើបាបលើរូបរាងកាយក្មេងស្រីវ័យជំទង់ម្នាក់ ដែលមានសតិមិនប្រក្រតី តែមិនបានសម្រេចដោយសារនាងរត់មកឲ្យគេជួយទាន់ពេលវេលា ហើយក្រុមក្មេងពាលទាំងនោះនៅតែបន្ដតាមវាយទៅលើអ្នកជួយពីរនាក់ពូក្មួយនោះថែមទៀត ជាហេតុនាំឲ្យមានការយល់ច្រឡំថា ក្មេងស្រីរងគ្រោះជាធ្នាក់ក្រុមបក្ខពួកក្មេងពាលទាំងនោះទៅវិញ តែនៅទីបំផុតបន្ទាប់ពីមកដល់កន្លែងសមត្ថកិច្ចក្រុមគ្រួសារក្មេងស្រីរងគ្រោះមានឯកសារគ្រប់គ្រាន់បញ្ជាក់ថា ក្មេងស្រីរងគ្រោះមានសតិមិនប្រក្រតីមែន ទើបរឿងត្រូវបានបញ្ចប់ដោយមិនមានការប្ដឹងផ្ដល់គ្នាឡើយ ដែលករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីមានសតិមិនប្រក្រតីរូបនេះមាន ឈ្មោះ ស៊ុំរ៉ូស្សា អាយុ១៧ឆ្នាំ ទើបមកស្នាក់នៅផ្ទះជួលបងប្អូននៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន១ថ្ងៃមានស្រុក កំណើតនៅភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីឈ្មោះកង រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ហើយក្មួយប្រុសគាត់បានចេញពីទិញម្ហូបនៅ ម្តុំស្ទឹងមានជ័យ លុះបន្ទាប់មកគាត់និងក្មួយប្រុសខាងលើ បានបើកម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ក្មេងស្រីម្នាក់រងគ្រោះ រត់មកឲ្យគាត់ជួយដោយប្រាប់ថា មានគេចង់ធ្វើបាបរូបគាត់ ដោយសុំជិះម៉ូតូទៅជាមួយផង។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យមានគ្នា៥នាក់ ដោយជិះម៉ូតូចំនួន២គ្រឿង បានដេញវាយរូបគាត់និងក្មួយប្រុសព្រមទាំង ក្មេងស្រីម្នាក់ខាងលើ បណ្តាលឲ្យដួលរងរបួសស្រាល តែមិនបានប្លន់យកម៉ូតូទេ។
បន្ទាប់មកជនសង្ស័យទាំង៥នាក់ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់អស់ បណ្តាលឲ្យគាត់និងក្មួយប្រុសមានការភិតភ័យ និងសង្ស័យទៅលើក្មេងស្រីខាងលើថា ជាធ្នាក់របស់ក្រុមចោរប្លន់ ហើយតេប្រាប់នគរបាលប៉ុស្តិ៍ចោមចៅ២ ឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយមក រូបគាត់នាំក្មេងស្រីនោះមកដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ស្រាប់តែមានបងប្អូននិងម្តាយក្មេងស្រីរូបនោះ កំពុងរង់ចាំទីរួចជាស្រេច ព្រោះទទួលដំណឹងថា គេចាប់បានក្មេងស្រីម្នាក់ វាគាប់ជួននឹងពួកគាត់បាត់កូនស្រីមានសតិមិនប្រក្រតីម្នាក់ដែរ នៅពេលគេនាំមកដល់គឺពិតជាក្មេងស្រីនឹងមែន និងបានបង្ហាញឯកសារគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជាក់ថា កូនរបស់គាត់ពិតជាមនុស្សមានសតិមិនប្រក្រតីមែន ព្រោះឯកសារចេញដោយមន្ទីរពេទ្យរុស្ស៊ីឲ្យមកបើកថ្នាំសរសៃប្រសាទនៅថ្ងៃទី២៣នេះតែម្ដង ដោយពិនិត្យឃើញថា មានឯកសារគ្រប់គ្រាន់បែបនេះ ទើបបុរសវ័យចំណាស់និងក្មួយប្រុសអស់មន្ទិលសង្ស័យមិនដាក់ពាក្យប្ដឹងឡើយ និងបានបញ្ចប់រឿងត្រឹមប៉ុស្ដិ៍នោះតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments