Ad Code

ចប់​ការឃោសនា គ​.​ជ​.​ប ទទួល​បាន​ពាក្យបណ្ដឹង​សរុប​ចំនួន​៣០ ក្នុងនោះ​ដោះស្រាយ​ចប់​ខ្លះ នៅសល់​ខ្លះ



ភ្នំពេញ ​៖ ក្នុងអំឡុងពេល​នៃ​ការ​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ ដែលមាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួល​បាន​ពាក្យបណ្ដឹង​សរុប​ចំនួន​៣០ ហើយ​ចំណោម​បណ្តឹង​ទាំងនោះ ដោះស្រាយ​ចប់​ខ្លះ នៅសល់​ខ្លះ កំពុង​ដោះស្រាយ​បន្ត នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប​។​

សេចក្តី​ជូនដំណឹង ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​បញ្ជាក់​ថា សម្រាប់​ដំណាក់កាល​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ គ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន​៣០​បណ្ដឹង ក្នុង​នោះ​បណ្ដឹង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​-​សប​) មាន​ចំនួន​២៩ បណ្ដឹង និង​ដើមបណ្ដឹង ប្ដឹង​ផ្ទាល់​មក​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​-​ខ​ប​) ចំនួន​១​បណ្តឹង (​គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨)​។

​តាម គ​.​ជ​.​ប ក្នុងចំណោម​ពាក្យបណ្ដឹង​ទាំង​២៩ នៅ គឃ​-​សប នោះ មាន​បណ្ដឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨​បណ្ដឹង​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​១៤​បណ្ដឹង​,​អាជ្ញាធរ​ចំនួន​៦​បណ្ដឹង និង​ប្រជាពលរដ្ឋ​ចំនួន​១​បណ្ដឹង ហើយ​បណ្តឹង​ទាំងនោះ ត្រូវ​បាន​ផ្សះផ្សា​សះជា​ចំនួន​១៥​បណ្ដឹង​, ផ្សះផ្សា​មិន​សះជា​ចំនួន​៩​បណ្ដឹង​, ធ្វើ​លិខិត​ជូនដំណឹង​ចំនួន​២ បណ្ដឹង​, ដើមបណ្ដឹង​សុំ​ដក​ពាក្យបណ្ដឹង​ចំនួន​១​បណ្ដឹង និង​កំពុង​ដោះស្រាយ​ចំនួន​២​បណ្ដឹង​។

បន្ទាប់ពី​ផ្សះផ្សា​មិន​សះជា​នៅ​ថ្នាក់ គឃ​-​សប ដើមបណ្ដឹង​បាន​ប្ដឹង​បន្ត​មក​ថ្នាក់ គ​ធ​-​ខ​ប ចំនួន ៧​បណ្ដឹង និង​ចំនួន​១​បណ្ដឹង ដាក់​ផ្ទាល់​មក គ​ធ​-​ខ​ប ដែល​សរុប​នៅ​ថ្នាក់ គ​ធ​-​ខ​ប មាន​ចំនួន​៨ បណ្ដឹង ហើយ​បណ្ដឹង​ទាំងនោះ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២​បណ្ដឹង​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​៣​បណ្ដឹង និង​អាជ្ញាធរ​ចំនួន​៣​បណ្ដឹង​។ បណ្តឹង​ទាំងនោះ កំពុង​ដោះស្រាយ​ចំនួន​១​បណ្ដឹង​, ធ្វើ​លិខិត​ជូនដំណឹង​ចំនួន​១​បណ្ដឹង​, ដើមបណ្ដឹង​សុំ​ដក​ពាក្យ​ចំនួន​១​បណ្ដឹង និង​យល់ព្រម​តាម​ពាក្យបណ្ដឹង​ផាកពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ចំនួន​៥​បណ្ដឹង​។

សូម​បញ្ជាក់​ថា ប្រសិនបើ​ភាគី​ណាមួយ​មិន​ពេញចិត្ត​ទៅនឹង​សេចក្តី​សម្រេច​របស់ គ​ធ​-​ខ​ប ភាគី​នោះ មាន​សិទ្ធិ​ប្ដឹង​បន្ត​មកកាន់ គ​.​ជ​.​ប និង​តាម​នីតិវិធី​ជា​បន្តបន្ទាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu