កីឡាករ ធារី ចន្ថាប៊ីន របស់កម្ពុជា ជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨ ត្រូវបន្តប្រកួតសប្ដាហ៍ទី២២ របស់ខ្លួននៅចុងសប្ដាហ៍នេះដើម្បីស្វែងរកពិន្ទុបន្ថែមប្រជែងកៅអីកំពូលតារាង។
កាលវិភាពប្រកួតសរុបប្រចាំសប្ដាហ៍ទី២២នេះឃើញថានៅថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ ក្រុម Johor Darull Ta'zim ត្រូវទទួលក្រុម Kuala Lumpur ហើយក្រុម PKNS ជួបក្រុម Perak ស្របពេលក្រុម Negeri Sembilan ប៉ះក្រុម Melaka United។ ចំណែកនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ វិញក្រុម Kedah ប៉ះក្រុម PKNP ហើយក្រុម Kelantan ជួបក្រុម Pahang FA និងក្រុម Selangor ជួបក្រុម Terengganu FA របស់ ធារី ចន្ថាប៊ីន។ ការប្រកួតទាំងអស់ធ្វើឡើងនៅវេលាម៉ោង៨យប់ទាំងអស់។
លីគកំពូលម៉ាឡេស៊ី ឆ្លងកាត់២១ប្រកួតមកនេះក្រុមTerengganu របស់ ធារី ចន្ថាប៊ីន កំពុងប្រដេញតំបន់ប្រជែងកំពូលតារាងជាមួយក្រុមខ្លាំងJorhor និងក្រុម Pahang FA ជាក្រុមចាស់របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុមKedah និងក្រុម PKNS អតីតក្រុមរបស់ កែវ សុខផេង ជាដើម។ ចំណែកក្រុម Negeri Sembilan អតីតក្រុមរបស់ ប្រាក់ មុន្នីឧត្តម ក៏ត្រូវការពិន្ទុដែរដើម្បីគេឲ្យផុតពីតំបន់ដែលត្រូវកាត់ចេញឲ្យទៅលេងពានរង្វាន់លីគលំដាប់ទី២ របស់ម៉ាឡេស៊ី។
ពានរង្វាន់លីគកំពូលម៉ាឡេស៊ី មានក្រុមសរុបចំនួន១២ក្រុមដោយតម្រូវឲ្យក្រុមទាំងអស់ប៉ះគ្នាចំនួន២លើក (២ជុំ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនៅចប់រដូវកាលនឹងឈ្នះជើងឯកនឹងទទួលកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Champion League 2019 ផងដែរ។ តាមគ្រោងការប្រកួតនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ មុនក្រុមជម្រើសជាតិរបស់ប្រទេសនេះត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។
សូមបញ្ជាក់ថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឲ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments