Ad Code

មន្ត្រី​ក្រិ​ក​មើលឃើញ​សញ្ញា​ថា អគ្គិភ័យ​ដ៏​សាហាវ​គឺ​បង្កឡើង​ដោយ​ការ​លួច​ដុត



រដ្ឋាភិបាល​ក្រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​សញ្ញា “​ច្បាស់លាស់​” ដែលថា អគ្គិភ័យ​ដែល​សម្លាប់​មនុស្ស​ចំនួន​៨២​នាក់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​គឺអាច​ត្រូវបាន​បង្កឡើង​ដោយ​ចេតនា​។​

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រជាជន​លោក Nikos Toskas បាន​និយាយថា “​ព័ត៌មាន​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​នាំ​ឲ្យ​យើង​បើក​ការស៊ើបអង្កេត​មួយ​ចូលទៅក្នុង​អំពើ​ព្រហ្មទណ្ឌ​នៅ​ពីក្រោយ​អគ្គិភ័យ​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់ឆ្នេរ​សមុទ្រ Mati ភាគ​ខាងកើត​ទីក្រុង​អា​តែ​ន​”​។​

លោក​បាន​និយាយថា អាជ្ញាធរ​ក៏​កំពុង​ពិនិត្យមើល​ផងដែរ​ថា​តើ​អគ្គិភ័យ​ផ្សេងទៀត​ដែល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ជិត​តំបន់ Kineta ភាគ​ខាងលិច​នៃ​រដ្ឋធានី​ក្រិ​ក​គឺ​ត្រូវបាន​គេ​ដុត​ដោយ​ចេតនា​ដែរ​ឬក៏​អត់​។ យ៉ាងណាក្តី គ្មាន​នរណាម្នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​នៅ Kineta ទេ​។​

លោក Toskas បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​អា​តែ​ន​ថា “​មាន​សាក្សី​ប៉ុន្តែ​ខ្ញុំ​មិនអាច​និយាយ​អ្វី​បាន​ច្រើន​ទេ​នាពេល​ឥឡូវនេះ​”​។​

មន្ត្រី​ដែល​ដកស្រង់​ព័ត៌មាន​ពី​ផែនទី​ផ្កាយរណប​បាន​និយាយថា​អគ្គិភ័យ​ចំនួន​១៣​បាន​ផ្ទុះឡើង​ក្នុងពេល​តែមួយ​នៅ​ទូទាំង​តំបន់ Attica ដែល​រួមមាន​ទាំង​ទីក្រុង​អា​តែ​ន​ផងដែរ​កាលពី​ថ្ងៃ​ចន្ទ​។​

ខណៈដែល​សមាជិកគ្រួសា​រ​កំពុង​ជួយ​កំណត់​អត្តសញ្ញាណ​សាកសព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នោះ កំហឹង​បាន​ផ្ទុះ​ឡើងលើ​របៀប​ដែល​អាជ្ញាធរ​បណ្តោយ​ឲ្យ​គ្រោះមហន្តរាយ​នេះ​កើតឡើង​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Tzanakopoulos បាន​ព្យាយាម​ដោះស្រាយ​ការរិះគន់​ដោយ​និយាយថា “​ការជម្លៀស​ប្រជាជន​នៅ​ភូមិ Mati គឺ​មិនអាច​ទៅរួច​នោះទេ​ពីព្រោះ​បាតុភូត​នេះ​កើតឡើង​ក្នុង​រយៈពេល​ត្រឹម​តែមួយ​ម៉ោង​កន្លះ​ប៉ុណ្ណោះ​”​។​

លោក​បាន​បន្ថែមថា ខ្យល់​ដែលមាន​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​គឺជា​កំណត់ត្រា​ខ្លាំង​បំផុត​សម្រាប់​រយៈពេល​ប្រាំបី​ឆ្នាំ​ចុង​ក្រោយនេះ​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​អំពី​វិធានការ​ដើម្បី​ទូទាត់​សំណង​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​អគ្គិភ័យ​ផងដែរ​។​

គួរ​បញ្ជាក់ថា មនុស្ស​ទី​៨២​ត្រូវបាន​ប្រកាសថា​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​អ្នកនាំពាក្យ​សេវា​ពន្លត់​អគ្គិភ័យ​ប៉ុន្តែ​មិន​បញ្ជាក់ថា​តើ​ម្នាក់​នោះ​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ជួយសង្គ្រោះ​ឬ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នោះទេ​។​

មិនមាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​អំពី​ចំនួន​មនុស្ស​ដែល​បាត់​ខ្លួន​ទេ​បន្ទាប់ពី​មាន​គ្រោះមហន្តរាយ​នេះ​ប៉ុន្តែ​ចំនួន​អ្នកស្លាប់​៨២​នាក់​បានធ្វើ​ឲ្យ​វា​ក្លាយទៅជា​អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​អ៊ឺរ៉ុប​ក្នុង​សតវត្ស​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu