Ad Code

អាមេរិក​និយាយ​ថា ឪពុក​ម្តាយ​អន្តោប្រវេសន៍​ចំនួន​៤៦៣​នាក់ ​អាច​ត្រូវ​បាន​និរទេស​ដោយ​មិន​មាន​កូន



យោងតាម​ឯកសារ​រួមមួយ​ដែល​ដាក់​ដោយ​រដ្ឋាភិបាល​សហ​ព័ន្ធ​និង​សហភាព​សេរីភាព​ស៊ីវិល​អាមេរិក (ACLU) កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​ជនអន្តោប្រវេសន៍​ជាង​៤៥០​នាក់​ដែល​ត្រូវបាន​បំបែក​ចេញពី​កូន​របស់​ពួកគេ​នៅពេល​ពួកគេ​ចូល​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​គឺ​លែង​ស្ថិតនៅ​ក្នុងប្រទេស​នេះ​ទៀតហើយ​ថ្វីបើ​កូនៗ​របស់​ពួកគេ​ស្ថិតនៅ​ក៏ដោយ​។​

អវត្តមាន​របស់​ឪពុកម្តាយ​ចំនួន​៤៦៣​នាក់​ដែល​មេធាវី​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​និយាយថា “​កំពុង​ស្ថិតក្រោម​ការពិនិត្យ​ឡើងវិញ​” នោះ​គឺអាច​រាំងស្ទះ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​បង្រួបបង្រួម​ក្រុមគ្រួសារ​ដែល​បែកបាក់​គ្នា​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ថ្ងៃ​កំណត់​ដាក់​បញ្ជា​ដោយ​ចៅក្រម​សហព័ន្ធ​។​
​ឯ
កសារ​នេះ​មិនបាន​និយាយ​ពី​មូល​ហេតុដែល​ឪពុកម្តាយ​៤៦៣​នាក់​ត្រូវ​ចាក​ចេញពី​ប្រទេស​នោះទេ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់បាន​ទទួលស្គាល់ថា ឪពុកម្តាយ​ខ្លះ​អាច​ត្រូវបាន​និរទេស​ដោយ​គ្មាន​កូន​របស់​ពួកគេ​។​

យោងតាម​ឯកសារ​នេះ​បាន​ឲ្យ​ដឹងថា គិត​មកដល់​ថ្ងៃ​ចន្ទ ឪពុកម្តាយ​ចំនួន​៨៧៩​នាក់​បាន​ជួបជុំគ្នា​ឡើងវិញ​ជាមួយ​កូនៗ​របស់​ពួកគេ​។​

កុមារ​ប្រហែល​២,៥០០​នាក់​ត្រូវបាន​បំបែក​ពី​ឪពុកម្តាយ​របស់​ពួកគេ​បន្ទាប់ពី​រដ្ឋបាល​លោក Trump បានប្រកាស​គោលនយោបាយ “​គ្មាន​ការអត់ឱន​” កាលពី​ខែមេសា​ក្នុង​គោលបំណង​បំបាត់​ទឹកចិត្ត​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​។ គោលនយោបាយ​នេះ​ត្រូវបាន​បញ្ចប់​នៅ​ខែមិថុនា​ចំពេល​មានការ​រិះគន់​ជា​អន្តរជាតិ​អំពី​ឥរិយាបទ​របស់​រដ្ឋាភិបាល​ចំពោះ​កុមារ​អន្តោប្រវេសន៍​។​

ចៅក្រម​អាមេរិក​លោក Dana Sabraw នៅ​ទីក្រុង San Diego បានចេញ​បញ្ជា​កាលពី​ខែ​មុន​ថា រដ្ឋាភិបាល​ត្រូវតែ​បង្រួបបង្រួម​កូនៗ​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​វិញ​នៅក្នុង​ករណី​មួយ​ដែល​នាំមក​ដោយ ACLU ។​

កាលពី​ថ្ងៃ​ចន្ទ​រដ្ឋាភិបាល​ក៏បាន​និយាយ​ផងដែរ​ថា ឪពុកម្តាយ​ចំនួន​៩១៧​នាក់​គឺ​មិនមាន​សិទ្ធិ​ទទួលបាន​ការជួបជុំ​ឬ​មិនទាន់​ត្រូវបាន​គេ​ដឹងថា​មាន​សិទ្ធិ​អាច​ជួបជុំ​ជាមួយ​កូន​របស់​ពួកគេ​បាន​ឬក៏​អត់​នោះទេ​។ ចំនួន​នេះ​រាប់បញ្ចូល​ទាំង​ឪពុកម្តាយ​ដែល​លែង​ស្ថិតនៅ​ក្នុងប្រទេស​ក៏ដូចជា​អ្នក​ដែល​សន្មត​ថា​មិន​សមស្រប​ដោយសារតែ​បទល្មើស​ព្រហ្មទណ្ឌ​ឬ​សម្រាប់​មូលហេតុ​ផ្សេងទៀត​ផងដែរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu