បាត់ដំបង ៖ ដីព្រៃរាប់រយហិកតា ដែលស្ថិតនៅលើជួរភ្នំ ហើយក៏ជាដីរបស់រដ្ឋផងនោះ ត្រូវបានប្រជាពលរដ្ឋ ដែលមកពីទីជិត និងទីឆ្ងាយ ធ្វើសកម្មភាពកាប់ឆ្ការ និងទន្ទ្រានយ៉ាងស្ងៀមស្ងាត់ សូម្បីតែអាជ្ញាធរមូលដ្ឋាន ក៏គ្មានអ្នកណាដឹងដែរ ទើបធ្វើអោយសកម្មភាពនេះ រីករាលដាលរហូតបានរាប់រយហិកតា ដែលគេសង្ស័យថា « ដឹងតែធ្វើមិនដឹង »។
បើតាមការអោយដឹងពីប្រភពច្បាស់ការណ៍មួយចំនួនបានខ្សឹបថា មួយរយៈនេះដូចជាមានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ មកពីភ្នំពេញ បានទំនាក់ទំនងជាមួយលោកមេឃុំត្រែង ក្នុងស្រុករតនៈមណ្ឌល គឺលោក រ៉ាន់ កុង ដើម្បីចរចារឿងដីខ្ពង់រាបដែលនៅទំនេររាប់ពាន់ហិកតា លើខ្នងភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ដោយលោកធំម្នាក់នោះ ហ៊ានអោយតម្លៃក្រោម២ ០០០ ដុល្លារ ក្នុងមួយហិកតា។
ប្រភពដដែលបានបន្តថា នៅក្នុងការចរចារនេះដែរ គឺត្រូវបានភាគីមានអំណាច ប្រគល់នាទីអោយលោកមេឃុំ ដើម្បីចាត់ចែងអោយប្រជាពលរដ្ឋធ្វើការកាប់ឆ្ការ និងរានព្រៃ ដោយក្នុងមួយហិកតា តម្លៃ ៣០០ ដុល្លារ ប៉ុន្តែត្រូវបានលោកមេឃុំស៊ីភាគរយ គឺលោកសុំដក១០០ ដុល្លារ ក្នុងមួយហិកតាពីប្រជាពលរដ្ឋ ដែលជាអ្នកបញ្ចេញកម្លាំងពលកម្ម រហូតដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅលើជួរភ្នំវែងនេះ ត្រូវបានបំផ្លាញព្រៃឈើ គ្មានសល់ បើគិតពីទំហំនាពេលបច្ចុប្បន្ននេះ បានប្រមាណជាង ២០០ ហិកតា ហើយ។
ជុំវិញបញ្ហានេះ លោកមេភូមិ តាគ្រក់ គឺលោក អារុណ ធ្លាប់បានបង្ហើរពាក្យថា លោកដាច់ខាតមិនស៊ីញ៉េឯកភាពនោះទេ ព្រោះលោកខ្លាចជាប់គុក ព្រោះផ្ទៃដីទាំងនេះ គឺជាដីរបស់រដ្ឋ ព្រោះកន្លងមក មន្ត្រីនៃមន្ទីរ រ៉ែ និង ថាមពល ធ្លាប់បានចុះទៅពិនិត្យ ហើយបានលើកឡើងថា ទីតាំងនេះគ្មានអ្នកណាអាចមកកាន់កាប់ ឬទន្ទ្រានធ្វើជា ដីកម្មសិទ្ធិឯកជនបានឡើយ។
ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏រសើបនេះ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នេះដែរលោកមេឃុំត្រែង រ៉ាន់ កុង បានបកស្រាយតាមរយៈទូរស័ព្ទប្រាប់ ភ្នាក់ងារ កាសែតកម្ពុជាថ្មីថា រឿងទាំងអស់នេះគឺមិនពិតនោះទេ មានន័យថា មិនមានអស់លោកផ្កាយ ២ ណាមកទិញដីរដ្ឋនោះទេ តែការកាប់ឆ្ការ និងទន្ទ្រានដីព្រៃពីសំណាក់ប្រជាពលរដ្ឋ វាមានមែនគឺលោកទទួលស្គាល់ រហូតបែកធ្លាយឮទៅដល់អាជ្ញាធរស្រុក ទើបប្រមាណជា៥ ថ្ងៃមុន ក្រុមប្រឹក្សាស្រុករតនៈមណ្ឌល បានចុះទៅហាមឃាត់ប្រជាពលរដ្ឋ មិនអោយធ្វើសកម្មភាពកាប់បន្តទៀតឡើយ ដោយតម្រូវអោយផ្អាកត្រឹមហ្នឹង ចំណែករូបលោក ដោយសារតែរវល់ការងារពេក មិនទាន់បានទៅមើលទៀតឡើយ ដោយ២ថ្ងៃទៀត លោកនិងចុះទៅមើលដែរ ក្រែងប្រជាពលរដ្ឋលបកាប់ព្រៃបន្តទៀត។
ជាចុងក្រោយ លោកក៏បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងប្រាក់១០០ ដុល្លារ គឺលោកមិនបានដឹងអ្វីទាំងអស់។ នេះទើបពិតជាលោកមេឃុំ កន្ទេលធំ បន្លំដេកមែន រឿងដែលបានកើតឡើហនៅក្នុងមូលដ្ឋានរបស់ខ្លួន ហេតុអ្វីបានជាចាំរឿងបែកធ្លាយទៅដល់ស្រុក ទើបស្រុកជាអ្នកចេញមុខរារាំង ចុះបើលោកជាមេឃុំស្រាប់ទៅហើយ គួរតែសុំគោលការទៅស្រុកហើយចាត់វិធានការដោយខ្លួនឯង មិនកើតឬយ៉ាងណា ឬមួយក៏ដឹងដែរ តែធ្វើមិនដឹង ដោយសារតែទឹកប្រាក់ទាំងនោះមែន ?៕
Source: Kampuchea Thmey Daily
0 Comments