Ad Code

ក្រុម​គ្រួសារ​និយាយ​ថា ខ្មាន់កាំភ្លើង​ក្រុង តូ​រ៉ុ​ន​តូ មាន​បញ្ហា​ផ្លូវចិត្ត



បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​ ដែល​បាន​បើក​ការ​បាញ់ប្រហារ​ទៅលើ​អ្នក​ចូល​ភោជនីយដ្ឋាន​និង​អ្នក​ថ្មើរជើង​នៅ​លើ​ផ្លូវ​ទីក្រុង​តូ​រ៉ុ​ន​តូ​នា​ពេលយប់​ដោយ​សម្លាប់​មនុស្ស​ចំនួន​២​នាក់​ និង​រង​របួស​១៣​នាក់​គឺ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រួសារ​របស់​គាត់​កាលពី​ថ្ងៃ​ចន្ទ។

ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​រូបនេះ​ថា​មានឈ្មោះ Faisal Hussain ដែលជា​អ្នកក្រុង​តូ​រ៉ុ​ន​តូ​។ គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ជិត​កន្លែងកើតហេតុ​នៃ​ការបាញ់ប្រហារ​នោះ​បន្ទាប់ពី​ការបាញ់​តបត​ជាមួយ​ប៉ូលិស​។​

មេ​ប៉ូលិស​ក្រុង​តូ​រ៉ុ​ន​តូ​លោក Mark Saunders បាន​និយាយថា ស្ត្រី​អាយុ​១៨​ឆ្នាំ​ម្នាក់​និង​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​នេះហើយ​មនុស្ស​១៣​នាក់​ដែលមាន​អាយុ​ពី​១០​ទៅ​៥៩​ឆ្នាំ​បាន​រងរបួស​ដោយ​មួយចំនួន​របួសធ្ងន់​ធ្ង​រ​។​

អាជ្ញាធរ​មិនទាន់​កំណត់​នៅឡើយ​ទេ​អំពី​ការជំរុញ​ចំពោះ​ការវាយប្រហារ​នេះ​ដែល​បាន​កើតឡើង​ក្នុង​សង្កាត់ Greektown នៃ​ទីក្រុង​តូ​រ៉ុ​ន​តូ​នៅវេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃអាទិត្យ​។​
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ទូរទស្សន៍ CBC News, ក្រុមគ្រួសារ​របស់លោក Hussain បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​គួរ​ឲ្យ​រន្ធត់​របស់គាត់​ដោយ​និយាយថា គាត់​មាន​បញ្ហា​ផ្លូវចិត្ត​។​

សេចក្តីថ្លែងការណ៍​រប​ស់​គ្រួសារ​នេះ​បាន​និយាយថា “​កូនប្រុស​របស់​យើង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ មាន​រោគ​ចិត្ត​និង​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ពេញ​មួយជីវិត​របស់គាត់​”​។ គ្រួ​សារបាន​និយាយថា “​ខណៈដែល​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​គាត់​ពេញ​មួយជីវិត​របស់គាត់​ឲ្យ​តស៊ូ​និង​យកឈ្នះ​ការឈឺចាប់​នោះ យើង​មិនអាច​ស្រមៃ​ដល់​ការបំផ្លិចបំផ្លាញ​របស់​គាត់​បែបនេះ​ទេ​”​។​

រូបភាព​វីដេអូ​ដែល​បង្ហោះ​ដោយ​បណ្តាញសារព័ត៌មាន​កាណាដា​បាន​បង្ហាញថា លោក Hussain ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ​បាន​ដើរ​លើ​ចិញ្ចើមផ្លូវ​ហើយ​ភ្លាមៗ​នោះ​គាត់​បាន​ទាញ​កាំភ្លើង​និង​បាញ់​ចូលទៅក្នុង​ភោជនីយដ្ឋាន​មួយ​។​

សាក្សី​បាន​និយាយថា ការបាញ់ប្រហារ​នេះ​មាន​រយៈពេល​ត្រឹមតែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោរ​នៅក្នុង​សង្កាត់​ដែល​ជាទី​ពេញនិយម​ជាមួយនឹង​បារ​និង​ភោជនីយដ្ឋាន​មួយ​នេះ​។​
​ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការបាញ់ប្រហារ​នៅក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​កាណាដា​មួយ​នេះ​។​

ប្រទេស​កាណាដា​មាន​កម្រិត​ទាប​នៃ​អំពើហិង្សា​ដោយ​កាំភ្លើង​ជាពិសេស​បើ​ប្រៀបធៀប​ទៅនឹង​សហរដ្ឋអាមេរិក​ដែល​នៅ​ជិតខាង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu