បាត់ដំបង ៖ យុវជនម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដេកដួលសន្លប់ លែងដឹងខ្លួន បន្ទាប់ពីត្រូវជនមិនស្គាល់មុខប្រើប្រាស់ដំបងឫស្សី វាយចំពីក្រោយអស់ជាច្រើនដំបង ខណៈពេលដែលយុវជនរូបនេះ អង្គុយលេងនៅទីងងឹតជាមួយនឹងដៃគូ ដើម្បីបន្ធូរអារម្មណ៍ និងដើម្បីស្រូបយកខ្យល់អាកាសនាទេសភាពស្រុកស្រែ។
យោងតាមរបាយការណ៍ ដែលបញ្ជាក់ដោយលោកវរសេនីយ៍ទោ ណាប់ ស៊ីថា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឯកភ្នំ បានអោយដឹងថា ហេតុការណ៍នៃការប្លន់នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចបឹងស្នោ ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បើតាមការបំភ្លឺពីជនរងគ្រោះ ឈ្មោះ ថៃ ធៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានអោយដឹងថា ខណៈដែលខ្លួនកំពុងអង្គុយបែរខ្នងនោះ គឺត្រូវបានជនមិនស្គាល់មុខប្រើដំបងមកវាយចំពីក្រោយបណ្តាលអោយខ្លួនសន្លប់ និងរងរបួសរយះសៀតផ្កាខាងស្តាំ និងរលាត់ស្បែកស្មាទាំងសងខាង។ នេះបើតាមការពិនិត្យរបស់គ្រូពេទ្យ ក្រោយពីបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរួចមក។
ដោយឡែកខាងមន្ត្រីប៉ូលិសបាននិយាយថា ជនរងគ្រោះបានអង្គុយលេងជាមួយនឹងមិត្តស្រី ដោយមិនដឹងថាអ្នកណាមកលបវាយពីក្រោយខ្នង ធ្វើអោយយុវជនរូបនោះដួលសន្លប់ ចំណែកមិនស្រីបានរត់យករួចខ្លួនកាត់វាលស្រែ គឺមិនត្រូវបានជនសង្ស័យវាយនោះឡើយ។ ក្រោយពីវាយរួចជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណ បានយកទៅជាមួយនូវរបស់របរមួយចំនួនដូចជា ម៉ូតូម៉ាក ហុងដា ១ គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S0318 កុំព្យូទ័រ ១ គ្រឿង ម៉ាក(អេស័រ) ពណ៌ខ្មៅ ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស ពណ៌ខ្មៅ+ប្រផេះ ចំនួន០១គ្រឿង និងសម្ភារៈមួយចំនួនទៀត។ ដោយបច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុក បាននិងកំពុងធ្វើការស្រាវជ្រាវ ៕
Source: Kampuchea Thmey Daily
0 Comments