Ad Code

ជិះ​ម៉ូតូឌុប​សង្សារ​ដើរលេង​ពេលយប់ រេ​ចង្កូត​ឡើង​ទួល​រអិល​ដួល​អូស​ជិត​១០​ម៉ែត្រ របួស​ទាំងពីរ​នាក់​ធ្ងន់ធ្ងរ



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​សន្លប់​ស្ដូកស្តឹង ចំណែក​នារី​ម្នាក់ទៀត​ដែល​គេ​អះអាងថា ជា​សង្សារ​បាន​រងរបួស​បែក​មុខ​បែក​មាត់​ឈាម​ហូរ​ជោក​ខ្លួន​ផងដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើកបរ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ហើយដោយ​ខ្វះ​ការប្រុងប្រយ័ត្ន និង​មិន​ពាក់មួក​សុវត្ថិភាព ជិះ​ឡើង​ទួល​រេ​ចង្កូត​រអិលដួល​បោក​ទៅ​នឹង​ថ្នល់ អូស​ជិត​១០​ម៉ែត្រ​នោះ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត មុខ​ធនាគារ​មេគង្គ (​ជិត​ស្តុ​ប Intercon) ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-9954​។​ ក្រោយ​កើតហេតុ​ភ្លាមនោះ ​បុរស​ដែល​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម​រួម​ទាំង​នារី ដែល​របួស​បែក​មុខ ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែកឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចុះ​មក​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ដើម្បី​រង់ចាំ​ម្ចាស់​មក​យក​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu