អង្គការយូណេស្កូ បានបើកពិនិត្យឯកសារស្ដីពី ការសុំស្នើបញ្ចូលក្បាច់គុនល្បុកត្តោកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាំងពីខែមីនាមកម្ល៉េះ។ ប៉ុន្តែជាមួយនឹងការបើកត្រួតពិនិត្យនេះ អង្គការអប់រំវប្បធម៌ របស់អង្គការសហប្រជាជាតិមួយនេះ បានសុំទោសកម្ពុជាដោយសារឆ្នាំនេះ មិនទាន់អាចបញ្ចូលក្បាច់គុនបូរាណមួយនេះទៅជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិបាននៅឡើយ។
ទោះជាយ៉ាងណា ក៏អង្គការពិភពលោកមួយនេះ បានសន្យាថា នឹងបញ្ចូលក្បាច់គុនចំណាស់នេះទៅជាសម្បត្តិវប្បធម៌អរូបិយសម្រាប់មនុស្សជាតិនាឆ្នាំ២០១៩ ឬ ២០២០។ មន្ត្រីអង្គរកាUNESCOបានបង្ហើបថា សំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជាបានបំពេញតាមទម្រង់បែបបទត្រឹមត្រូវអស់ហើយនៅតែការពិនិត្យព័ត៌មានបន្ថែមប៉ុណ្ណោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ ដែលធ្វើឲ្យលោកកាន់តែមានសង្ឃឹមថា គុនល្បុក្កតោកម្ពុជានឹងបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
លោកបានបន្តថា ក្រោយកម្ពុជាបញ្ជូនឯកសារគុនល្បុក្កតោកម្ពុជាដើម្បីស្នើសុំចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីខែមីនាឆ្នាំ២០១៧មួយឆ្នាំក្រោយមកពោលគឺនៅដើមខែមីនាឆ្នាំ២០១៨នេះ ទើបអង្គការUNESCOបានបើកកញ្ចប់ឯកសារដើម្បីត្រួតពិនិត្យ។
ដោយសារអង្គរកាពិភពលោកមួយចង់ផ្ដល់អាទិភាពនិងត្រួតពិនិត្យឯកសារប្រទេសមិនទាន់មានការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផ្សេងទៀតសិន ទើបអង្គការUNESCOសុំពន្យារពេលក្នុងបញ្ជូនឯកសារគុនល្បុក្កតោ ទៅក្រុមគណៈកម្មការជំនាញ ដើម្បីត្រៀមពិនិត្យ និងវាយតម្លៃចុងក្រោយពោលគឺពន្យារពេលពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ ទើបដឹងលទ្ធផលពិតប្រាកដ។
សូមបញ្ជាក់ថា សៀវភៅក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានបោះពុម្ពជាភាសាខ្មែរ និង ជាភាសាអង់គ្លេសរួចរាល់អស់ហើយៗសៀវភៅនេះ ត្រូវបានទទួលស្គាល់ និង វាយតម្លៃពីការខិតខំស្រាវជ្រាវរបស់អ្នកក្បាច់គុនខ្មែរចាស់ៗដែលនៅរស់ ដើម្បីរួមគ្នាចងក្រងសៀវភៅនេះឡើង៕
Source: Kampuchea Thmey Daily
0 Comments