Ad Code

មុន​ពេល​បោះឆ្នោត​សកល​អាណត្តិ​ទី​៦​នេះ​ ពលរដ្ឋ​ខ្មែរ​សម្រុក ទៅ​ស្រុកកំណើត យ៉ាងច្រើន រថយន្តក្រុង​គ្រប់​ក្រុមហ៊ុន ​និង​តាក់ស៊ី​ បានដៃ​ឡើងថ្លៃ​តាមចិត្ត



ភ្នំពេញ​៖ ស្រប​ពេល​ដែល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​គេ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​បាន​សម្រុក​ចេញពី​ក្រុង​ដើម្បី​ទៅ​ស្រុកកំណើត​​យ៉ាង​ច្រើន​កុះករ​ ព្រោះ​ឱកាស​ប្រាំ​ឆ្នាំ​មាន​ម្តង​ក្នុង​ការសម្រេច​ជោគ​វាសនា​ប្រទេសជាតិ ក៏ដូចជា​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ និង តាម​ការ​គិតគូរ​ដ៏​ល្អិតល្អន់ ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ស្រប​ពេល​នោះ​ដែរ​ ពួកក្រុម​រក​ស៊ី​​ត្រីងៀត​ឆ្លៀត​ពង បាន​កាប់ឆៅៗ​តែម្តង ដោយ​ក្រុម​ត្រីងៀត​ឆ្លៀត​ពង​ទាំងនោះ​ ត្រូវបាន​គេ​ស្គាល់​ថា ក្រុម​ហ៊ុន​រថយន្តក្រុង​ និង​ក្រុម​អ្នក​រត់​តាក់​ស៊ី​ ដែល​ល្បី​ខាង​កាប់ឆៅ។ គេ​សង្កេតឃើញ​នៅ​គ្រប់​ទីកន្លែង​ក៏ដូចជា​នៅ​តាម​បេនឡាន​ក្រុង នីមួយៗ​មាន​មនុស្ស​ច្រើន​ស្អេកស្កះ​ដណ្ដើម​គ្នា​ជិះ​រថយន្ត តាំងពី​ល្ងាច​ថ្ងៃទី ២៧​មក​ម្ល៉េះ​រហូតដល់​ព្រឹក​ថ្ងៃទី ២៨​កក្កដា​នេះ។ ដោយសារ​តែមាន​មនុស្ស​ច្រើនបែប​នេះហើយ ទើប​ជា​ឱកាសល្អ​សម្រាប់​ក្រុម​ត្រីងៀត​ឆ្លៀត​ពង​ទាំងនោះ។

ការធ្វើដំណើរ​ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ​បោះឆ្នោត មាន​ទាំង​សិស្ស និស្សិត បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន នានា​រួម​នឹង កម្មករ កម្មការិនី ជាដើម។

ជាមួយគ្នា​នៅតាម​បណ្តា​ផ្លូវ​មួយចំនួន ដែលមាន​ចរាចរណ៍​មមាញឹក​ខ្លាំង​នោះ គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​នាំគ្នា​ចេញ​ជួយ​អន្តរាគមន៍ ​សម្រួល​ចរាចរណ៍​ឲ្យ​រថយន្ត​បាន​ធ្វើ​ដំណើរ​ចេញ​ទៅតាម​បណ្ដា​ខេត្ត បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា។

បងស្រី​ម្នាក់​ឈ្មោះ ប្រាក់ សាវឿន អាយុ​ជាង ៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់​បាន​តាំងចិត្ត​រួចជាស្រេច ថា​នឹង​ទៅ​បោះឆ្នោត នឹង​គេ​ ដោយ​គ្មាន​ចិត្ត​រារែក​នោះទេ ព្រោះ​រយៈពេល ៥​ឆ្នាំមាន​ម្តង ហើយ​បានឮ​រដ្ឋាភិបាល ប្រកាសថា​មិនឱ្យ​រថយន្តក្រុង និង​រថយន្ត​រត់​តាក់​ស៊ី​ដំឡើងថ្លៃ​ទេ ខណៈ​ពេល​ប្រជាពលរដ្ឋ​បាន​ច្បាប់ ឈប់​សម្រាក ៣​ថ្ងៃ​ក្នុង​ការ​ទៅ​បោះឆ្នោត​នេះ តែ​ផ្ទុយទៅវិញ​គាត់​ត្រូវ​ខកចិត្ត​យ៉ា​ង​ខ្លាំង ពេល​ថ្លៃ​សំបុត្រ​រថយន្តក្រុង​ឡើងថ្លៃ​កប់​ពពក ទ្វេ​មួយ​ជា​២ ពេលនោះ​គាត់​​បម្រុង​មិន​ទៅ​ទេ តែដោយសារ​ឆន្ទៈ ​និង​ដួងចិត្ត ស្រលាញ់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ទើប​គាត់​តាំងចិត្ត​ត្រូវ​ទៅ​បោះឆ្នោត​ឱ្យ​បាន។ សម្រាប់​ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ នេះ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ បោះឆ្នោត​ទាំងអស់ បាន​ស្វែងយល់ និង​ដឹង​ពី​គុណ​តម្លៃ នៃ​សន្លឹកឆ្នោត​របស់ខ្លួន ហើយ​ម្នាក់ៗ​សុទ្ធតែ បាន​ត្រៀមលក្ខណៈ រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ការបោះឆ្នោត។ ទាំង​ក្មេង​ចាស់ សុទ្ធតែ​បានដឹងថា សន្លឹកឆ្នោត​របស់​ពួកគាត់ គឺជា​ការសម្រេច​នូវ ជោគវាសនា​ប្រទេសជាតិ និង​ជ្រើស​យក​មេដឹកនាំ ដែល​ពួកគាត់​ជឿទុកចិត្ត​អាចជួយ​ឲ្យ​ជីវភាព​របស់​គាត់​ប្រសើរ និង​រស់នៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ដោយ​មិន​ជឿ​តាម​នូវ​ការ​ញុះញង់​ពី​ពួក​អគតិ​មួយចំនួន​តូច​នោះឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu