ភ្នំពេញ ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម កាលពី ថ្ងៃទី២៦ ខែកក្កដា បានដឹកនាំគណៈប្រតិភូក្រសួងបន្តដំណើរអញ្ជើញមក ចូលរួមក្នុងកម្មវិធីពិព័រណ៍ផ្សារណាត់ដែលបានរៀបចំឡើង នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
ក្រសួងបានឲ្យដឹងថា ខេត្តកំពង់ធំ គឺជាខេត្តទី៨ ក្នុងខេត្តគោលដៅទាំង១១ ដែលបានរៀបចំពិព័រណ៍ ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពដោយមានការចូលរួមពីកសិករ អាជីវករ សហគមន៍ វិស័យឯកជន និងអតិថិជនយ៉ាងច្រើនកុះករ។
ក្នុងបរិយាកាសសប្បាយរីករាយ រួមជាមួយនឹងសេចក្តីមោទនភាពក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ក៏ដូចខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រី និងលោកស្រី លឹម សុគន្ធារីអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលគម្រោងជំរុញផលិតកម្មស្បៀងសម្រេចបានកន្លងមក ដោយលទ្ធផលនេះ បាននិងកំពុងចូលរួមចំណែកក្នុងការជួយបំពេញតម្រូវការបន្លែ និងផលិតផលសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក កាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។ ស្តែងចេញពីសមិទ្ធផល ដែលសម្រេចបាននេះគឺស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសេដ្ឋកិច្ចជាតិកម្ពុជា មានកំណើនបានល្អប្រសើរក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ និងបានធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើងជាលំដាប់ ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នា ឆ្នាំ២០៣០។
ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងរៀបចំកសាងគោលនយោបាលនិង យុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដោយផ្តោតលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាសំខាន់។ នៅចំពោះមុខអាជីវករ ផលិតករ អតិថិជន លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកចូលរួម លើកស្ទួយ ឧបត្ថម្ភ គាំទ្រ និងបរិភោគផលិតផលក្នុងស្រុកដែលកសិករយើងជាអ្នកផលិត ដើម្បីគាំទ្រសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ពិសេសដើម្បីសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments