វង្ស ណយ អ្នកប្រដាល់កម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ បានផ្តួល អ្នកប្រដាល់ជើងខ្លាំងថៃ Rareung Sor. Prosith អោយតដៃលែងកើតនៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃទី២៧កក្កដា២០១៨។
គូប្រកួតរបស់វង្ស ណយ ដែលគេបានលាក់ឈ្មោះនិងប្រវត្តិមិនអោយផ្សព្បផ្សាយមុននោះ តាមពិតជាជើងខ្លាំងនិងជាអ្នកប្រដាល់ដែលធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកមកហើយដែរ នោះគឺ Rareung Sor. Prosith ដែលមុនគេឈ្មោះ Rarueng Luk Champachai។
គេនៅចាំបានថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់វាយឈ្នះឯម ខ្លឹមខ្មៅ ក្នុងទឹកទី៣ វាយស្មើជាមួយពេជ្រ សីហា ចាញ់កែវ រំចង់ដោយពិន្ទុ ឈ្នះឡៅ ស៊ីណាត ក្នុងទឹកទី២ ឈ្នះ វង្ស ណយ ក្នុងទឹកទី៤ និងឈ្នះ-ចាញ់ជាមួយឡុង សុភីទៀតផង។
តែមកលើកនេះ ត្រូវវង្ស ណយ ដែលជាគូសងសឹកវាយអោយសន្លប់ក្នុងទឹកទី២ ដោយត្រូវនឹងកែងមុខកប៉ាល់ឆ្វេងរបស់វង្ស ណយ បុកចំមុខ ធ្វើអោយ Rareung Sor. Prosith ដួលសន្លប់លែងក្រោកតែម្តង ។ ដូច្នេះ វង្ស ណយ គេសងសឹក Rareung បានសម្រេចវិញហើយ។
ចំណែក អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានវាយចាញ់អ្នកប្រដាល់ថៃឈ្មោះFamai Pisanuracharn ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ ។ ពួកគេទាំងពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧ គ.ក្រ។
ដោយឡែក សម្រាប់ការប្រកួតជម្រុះរកអ្នកខ្លាំងទី៥ សម្រាប់បង្គ្រប់ចំនួន៥នាក់ ដើម្បីឈានទៅធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ៥នាក់ដែរនោះ ទីបំផុតបានទៅលើ រិទ្ធអាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ លេខ៣ពូលA។
សម្រាប់ការប្រកួតយកអ្នកទី៥នេះ គឺ រិទ្ធ អាទិត្យ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ លេខ៣ពូលA ប្រកួតជាមួយលេខ៣ពូលB គឺសយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុលដារិទ្ធពោធិសែនជ័យ ដែលការប្រកួតបានប្រព្រឹត្តទៅ៥ទឹកពេញ ហើយលទ្ធផលរិទ្ធ អាទិត្យ ឈ្នះសយ សី ដោយពិន្ទុ ។ដូច្នេះសយ សីយ ត្រូវចប់ត្រឹមនេះ ឯរិទ្ធ អាទិត្យ គេត្រូវបានទៅចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងការប្រកួតជម្រុះវិលជុំសន្សំពិន្ទុក្នុងពូលAនិងពូលB ដែលបានបញ្ចប់កាលពីថ្ងៃទី២០ខែកក្កដាកន្លងមក បានរកឃើញអ្នកប្រដាល់៤រូប ដែលត្រូវបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយថៃនោះ គឺពូលA មានចាន់ សាន់ ក្លិបនិរោធមានជ័យ និង ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលជាប់លេខ១លេខ២ក្នុងពូលA ។ ចំណែក អ្នកជាប់លេខ១លេខ២ក្នុងពូលB ដែលត្រូវឡើងទៅប្រកួតជាមួយថៃដែរនោះ គឺប៊ុន សុធា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា។ ហើយនៅខ្វះម្នាក់ទៀត ដែលត្រូវបង្គ្រប់ចំនួន៥រូបនោះ គឺតម្រូវឲ្យមានការប្រកួតយកម្នាក់បន្ថែម រវាងអ្នកដែលមានចំណាត់ថ្នាក់លេខ៣ក្នុងពូលនីមួយៗ ប្រកួតគ្នា ហើយពេលនេះបានរកឃើញរិទ្ធ អាទិត្យ ដែលជាអ្នកបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយថៃនោះ៕
Source: Kampuchea Thmey Daily
0 Comments