Ad Code

ទឹក​ជំនន់​ទន្លេ​សេកុង ​បាន​ជន់​លិច​ស្រែ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​ជាច្រើន​រយ​ហិកតា



ស្ទឹងត្រែង​ ៖ ​ក្នុង​ពេល​ទឹកទន្លេ​សេកុង​ចូល​ដល់​កម្រិត​កម្ពស់​១២,៥០​ម៉ែត្រ​ហួស​កម្រិត​ប្រកាស​អាសន្ន​ស្រែ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទះសម្បែង​អ្នក​រស់នៅ​ជិត​តាម​ដង​ទន្លេ សេកុង នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​លិច​អស់​ជាច្រើន​រយ​ហិកតា អាជ្ញាធរ​ឃុំ​និយាយ​ថា ​នេះ​វា​មាន​ផល​ប៉ះពាល់​ពី​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន សេណា​មណ​យ​ផង កាលពី​ថ្ងៃទី​២៣​កក្កដា​កន្លង​មកនេះ​។​

លោក​ស៊ឹម​ដាន​មេឃុំ​ថ្មកែវ​បាន​អះអាង​នៅ​ថ្ងៃទី​២៧​ ខែ​កក្កដា​នេះ​ថា ​ទឹកជំនន់​ទន្លេសេកុង​កំពុង​បន្ត​ឡើង​បន្ថែម​ទៀត​នៅ​ថ្ងៃទី​២៧​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ ​ហើយ​ប្រជាពលរដ្ឋ​យើង​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទ្វេ​​ដង ​ព្រោះ​ស្ថានការណ៍​នេះ ​វាទ​ទួល​ឥទ្ធិពល​ពី​ប្រទេស​ឡាវ​មក​ផង។

លោក​បន្ថែម​ថា ​៖ ​ស្ថានភាព​ទឹក​នេះ​បាន​ឡើង​លិច​ស្រូវ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ថ្មកែវ​នេះ​ជិត​ទៅ​១០០​ហិកតា​ហើយនឹង​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​មួយ​ចំនួន​ទៀត​នេះ​មិនទាន់​គិតដល់​ឃុំ​ផ្សេងៗ​ទៀត​នៅក្នុង​ស្រុក​ទាំងមូល​នោះទេ។

​លោក​បា​សុ​ណង ​កសិករ​នៅ​ភូមិ​ញាំ​ង​ស៊ុំ​ ឃុំ​ថ្មកែវ​ ស្រុក​សៀម​ប៉ាង​ បាន​សំដែង​ការ​ព្រួយបារម្ភ​ថា ​៖​នៅ​ចំពោះមុខ​នេះ​ កសិករ​មួយចំនួន​ត្រូវ​រង​ការ​ខ្វះខាត​ស្បៀង​នៅ​ចុងឆ្នាំ​ ប្រសិនបើ​ទឹកជំនន់​នេះ​នៅ​ត្រាំត្រែង​យូរ​អាច​ធ្វើឱ្យ​ស្រូវ​ និង​ដំណាំ​ខូចខាត ​ដែល​ជាទី​រំពឹង​របស់​កសិករ។

លោក​ថា​ នៅ​ថ្ងៃទី​២៧ ខែ​​កក្កដា​នេះ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ជម្លៀស​សត្វពាហនៈ​ ទ្រព្យសម្បត្តិ​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​មួយចំនួន​រួចហើយ ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់។

សូម​បញ្ជាក់​ថា ​៖ ​គិត​មកដល់​ថ្ងៃទី​២៧​កក្កដា​នេះ ​ទឹក​ទន្លេមេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​១០.១១​ម៉ែត្រ​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​(១០.៧០​ម៉ែត្រ​)​ ចំណែក​នៅ​ទន្លេសេកុង​មកដល់​ម៉ោង​១៦​និង​៤០​ខែកក្កដា​នេះ​ទឹក​មាន​កម្ពស់​១២,៥០​ម៉ែត្រ​ហួស​កម្រិត​ប្រកាសអាសន្ន​ហើយ តែ​អាជ្ញាធរខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ទាន់​ហេតុការណ៍​ស្តីពី​ករណី​គ្រោះ​ទឹកជំនន់​-​ការត្រៀម​បង្ការ​-​និង​ការ​អន្តរាគមន៍​នេះ​ព្រមទាំង​បាន​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍​ចំពោះ​គ្រោះ​ទឹកជំនន់​នេះ​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu