ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី ត្រូវបានចុះហត្ថលេខា នៅវេលាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារកាំបូឌីយាណា។
លោក Sergey ORDZHONIKIDZE អគ្គនាយករងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី នឹងបានធ្វើឱ្យផ្នែកសង្គមស៊ីវិលយើងនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងជិតស្និទ្ធថែមទៀត។ ជាពិសេសតាមរយៈការចុះហត្ថលេខារវាងភាគីសង្គមស៊ីវិលកម្ពុជា និងរុស្ស៊ី ដើម្បីឱ្យកិច្ចសហការគ្នា ការយោគយល់គ្នារវាងប្រជាជន និងប្រជាជន សង្គមស៊ីវិលនិងសង្គមស៊ីវិល ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗមានទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត។ លោកបានបញ្ជាក់ថា នេះជាការល្អប្រសើរណាស់ ដែលមិនគ្រាន់តែចងសម្ព័នភាពរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជននោះទេ សូម្បីតែវិស័យឯកជនក៏យើងអាចធ្វើការងារជាមួយគ្នាបានដែរ។ ទំនាក់ទំនងនេះយើងអាចបញ្ជូននិស្សិតឱ្យទៅរៀននៅប្រទេសសូវៀតបាន ហើយកូនសិស្សនៅប្រទេសរុស្ស៊ី មករៀននៅប្រទេសកម្ពុជាបានដែរ។ យើងអាចផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ហើយប្រទេសយើងទាំងពីរអាចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីសិក្សាស្វែងយល់គ្នាកាន់តែច្បាស់ ហើយយើងបន្តស្វែងយល់គ្នានិងគ្នា ផ្តល់ព័ត៌មានគ្នាកាន់តែច្រើន ទំនាក់ទំនងទៅវិញទៅមកក៏កាន់តែស៊ីជម្រៅ។ នៅក្នុងឱកាសលោកដឹកនាំសមាជិករបស់សភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី ដើម្បីចុះអនុស្សារណៈយោគយល់គ្នានេះ លោកមានសេចក្តីសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជានាពេលនេះនឹងប្រព្រឹត្តទៅដោយលូន មានភាពយុត្តិធម៌ ភាពត្រឹមត្រូវ និងទទួលស្គាល់ពីសំណាក់អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភាគីចូលរួមដូចនៅប្រទេសរុស្ស៊ីកន្លងទៅផងដែរ។ លោកសូមជូនពរឱ្យការបោះឆ្នោត នៅថ្ងៃខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយភាពយុត្តិធម៌ មានភាពត្រឹមត្រូវ និងដោយមានការទទួល ស្គាល់ពីសំណាក់អ្នកពាក់ព័ន្ធ។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះបានលើកឡើងថា ការចុះហត្ថលេខានេះ សំដៅពង្រឹងសម្ព័ន្ធភាពក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល នៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។
លោកថា កម្ពុជា-រុស្ស៊ី ជាមិត្តដែលបានយល់ពីគ្នាចិត្តគ្នា រុស្ស៊ីបានជួយដល់កម្ពុជា នៅពេលដែលប្រទេសកំពុងតែឆ្លងកាត់ការលំបាក ជាពិសេសបន្ទាប់ពីសម័យប្រល័យពូជសាសន៍ (ប៉ុលពត) ឆ្នាំ១៩៧៩ គឺប្រទេសរុស្ស៊ី បាននៅជាមួយកម្ពុជា ដែលផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ នៅពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានការណ៍ចំណុចសូន្យ និងជាមូលដ្ឋានមួយដែលធ្វើឱ្យកម្ពុជា ឈានដល់ដំណាក់កាលដែលយើងទាំងអស់គ្នាបានឃើញដូចពេលបច្ចុប្បន្ននេះ។លោក កឹមរ័ត្ន វិសិដ្ឋ បានបន្តថា មានបញ្ញវន្តខ្មែរជាច្រើន ដែលកំពុងតែមានតួនាទីសំខាន់ៗ នៅក្នុងរាជរដ្ឋាភិបាលក្តី នៅក្នុងវិស័យសង្គមស៊ីវិលក្តី សុទ្ធតែទទួលបានការបណ្តុះបណ្តាលសិក្សារៀនសូត្រពីមិត្តរុស្ស៊ី ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍនៅកម្ពុជា។ លោក កឹមរ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលបានបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួន ឱ្យចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments