ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៦ឆ្នាំ(U16) របស់កម្ពុជា ទើបតែបញ្ចប់បេសកម្មហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី រយៈពេល១០ថ្ងៃ ពេលនេះបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ី ហើយដើម្បីពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2018 AFF U16 Championship ចាប់ពីចុងខែកក្កដា នេះតទៅ។
ក្រុម U16កម្ពុជា ត្រូវប្រកួតបើកឆាកប៉ះក្រុមវៀតណាម នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះលើទីលានកីឡដ្ឋានGelora Joko Samudro Stadium ក្នុងទីក្រុង Gresik។ មុនទៅដល់ប្រទេសឥណ្ឌូនេស៊ី ក្រុមU16កម្ពុជា ដឹកនាំដោយលោកLee Tae Hoon គ្រូបង្វឹករបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានប្រកួតមិត្តភាពអន្តរជាតិចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីដោយលទ្ធផល៤ទល់០ និងស្មើគ្នាជាមួយក្រុម UiTM-U19 ០ទល់០ អំឡុងពេលហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី។
ចំពោះពានរង្វាន់ 2018 AFF U16 Championship វិញមានក្រុមត្រៀមចូលរួមចំនួន១១ ចាប់ដំណើរការប្រកួតពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់ទីលានចំនួន២គឺកីឡដ្ឋាន Gelora Joko Samudro Stadium និងកីឡដ្ឋានGelora Delta Stadium។ យោងតាមការចាប់ឆ្នោតបែងចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានពូល A ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ទីម័រខាងកើត និងហ្វីលីពីន ខណៈពូល B មានថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ និងប្រ៊ុយណេ។
ក្រឡេកមើលកាលវិភាគប្រកួតក្នុងពូលឃើញថាក្រុម U16កម្ពុជា ក្រោយប៉ះក្រុមវៀតណាម ត្រូវបន្តប្រកួតនៅថ្ងៃទី៣១ កក្កដា ទៀតដោយប៉ះក្រុមហ្វីលីពីន ខណៈនៅថ្ងៃទី២ ខែសីហា កម្ពុជា ជួបក្រុមទីម័រខាងកើត នៅថ្ងៃទី៤ ខែសីហា កម្ពុជាត្រូវប៉ះក្រុមមីយ៉ាន់ម៉ា និងនៅថ្ងៃទី៦ ខែសីហា កម្ពុជា ប្រកួតបិទពូលជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី៕
Source: Kampuchea Thmey Daily
0 Comments