ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ១៨ឆ្នាំ (U18) ជាបេក្ខភាពចុងក្រោយគេដែលដណ្តើមបានកៅអីឡើងទៅបំពេញក្នុងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំទី១២ (Hun Sen Cup 2018) ក្រោយយកឈ្នះលើក្រុមខេត្តកោះកុងទាំង២ជើងនៅក្នុងវគ្គ១៦ក្រុម។
ប្រកួតជើងទី២នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានបន្តយកឈ្នះក្រុមខេត្តកោះកុង ១ទល់០ លើទីលានកីឡដ្ឋានខេត្តកោះកុង ខណៈកាលពីជើងទី១កន្លងទៅក្រុមសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះលើក្រុមខេត្តកោះកុង ៤ទល់១ លើទីលានសាលាបាល់ទាត់ជាតិ នៅស្រុកបាទី។ សរុបលទ្ធផលទាំង២ជើងក្រុមយុវជនសាលាបាល់ទាត់ជាតិ បានយកឈ្នះខេត្តកោះកុង ៥ទល់១។
ចំណែកកម្មវិធីវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានចាប់ឆ្នោតជ្រើសរើសគូប្រកួតរួចរាល់ហើយខណៈជើងទី១ ធ្វើឡើងនៅថ្ងៃទី១ ខែសីហា និងជើងទី២ធ្វើឡើងនៅថ្ងៃទី៨ខែសីហា។ ក្រុមទាំង៨ដែលត្រូវប៉ះគ្នាមានក្រុមអង្គរថាយហ្គឺរ ត្រូវប៉ះក្រុមភ្នំពេញក្រោន ហើយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមសាលាបាល់ទាត់ជាតិបាទី ខណៈក្រុមក្រសួងការពារជាតិ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ប៉ះក្រុមណាហ្គាវើល។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ពានរង្វាន់សម្តេចតេជោឆ្នាំនេះរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូល (វគ្គជម្រុះបឋម) និងជម្រុះចុងក្រោយ។ ជាលទ្ធផលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាម្ចាស់ជើងឯក ហើយក្រុមគីរីវង់សុខសែនជ័យ ជាក្រុមជើងឯករង។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជាបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត មានដូចជា ក្រុមសាលាបាល់ទាត់ជាតិ គីរីវង់អែហ្វស៊ី កំពត និងកោះកុង។ ក្រុមទាំងអស់ចំនួន១៦ ដោយចាប់ឆ្នោតរើសគួប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) បន្តស្វែងរកក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។ តាមគម្រោងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments