Ad Code

សមាជិក​បក្ស​ប្រមាណ ១០៥០០​នាក់ ចូលរួម​ដង្ហែ​ក្បួន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ស្រុក​កោះធំ



កណ្តាល ៖ កាលពី​ថ្ងៃ​សុក្រ ១៥​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កោះធំ បាន​អញ្ជើញ​ដឹកនាំ​ក្បួន​ដង្ហែ​ទ្រង់ទ្រាយ​ធំ​ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ប្រមូលផ្ដុំ និង​ចេញដំណើរ​ហែរ​ក្បួន​នៅ​កីឡាដ្ឋាន​ស្រុក​កោះធំ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​។



សមាសភាព​ដែល​អញ្ជើញ​ចូលរួម​នាឱកាស​នោះ​រួមមាន សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ស្រុក គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក ឃុំ ភូមិ គណៈកម្មាធិការ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ សមាជិក​សមាជិកា​គណ​បក្ស​មូលដ្ឋាន​សរុប​ប្រមាណ​១០៥០០ នាក់​។



មធ្យោបាយ​ធ្វើដំណើរ​ចូលរួម​ក្បួន​ដង្ហែ​រួមមាន​រថយន្ត​ចំនួន ១២៤​គ្រឿង ម៉ូតូ​មាន​ចំនួន ៣.៧៣៥​ម៉ូតូ រថយន្ត​គណៈ​ពង្រឹង ១៥៨​គ្រឿង និង​កង់​សណ្តោង​ស្លាក​គណបក្ស ចំនួន ១០០គ្រឿង។



បន្ទាប់ពី​ស្តាប់​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ប្រធាន​គណបក្ស​រួច លោក​ប្រធាន​គណៈអចិន្ត្រៃយ៍ បាន​ផ្តាំផ្ញើ​ដល់​សមាជិក​សមាជិកា​បក្ស​ដែល​បាន​ចូលរួម​ហែ​ក្បួន សូម​រក្សា​សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ មាន​ភាព​ចាស់ទុំ​នយោបាយ គោរព​ច្បាប់​ចរាចរណ៍ មិន​ប្រើប្រាស់​អំពើ​ហិង្សា មានការ​អធ្យាស្រ័យ​ខ្ពស់ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​។



លោក​ប្រធាន​គណៈ​អចិន្ត្រៃយ៍ បាន​បន្ថែម​ទៀត​ថា យើង​ទាំងអស់​គ្នា​ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការពារ​សុខ​សន្តិភាព ឲ្យ​ខាង​តែ​បាន​លុះ​ក្នុង​តម្លៃ​ណាក៏ដោយ ពីព្រោះ​សុខសន្តិភាព​ និង ​ការ​អភិវឌ្ឍ​ដែល​កើតឡើង​នៅលើ​ទឹកដី​កម្ពុជា​យើង​នេះ គឺ​បាន​មក​ពី​ពលិកម្ម​ដ៏​ធំធេង មិនអាច​កាត់ថ្លៃ​បាន​របស់​គណបក្ស​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល​។



ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ​រាជរដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​លើកកម្ពស់​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​រុងរឿង​។

សូម​បញ្ជាក់​ថា ពិធី​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅថ្ងៃនេះ បាន​បង្ហាញថា​កម្ពុជា​បាន​នឹង​កំពុង​ការពារ​បាន​យ៉ាង​រឹងមាំ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ ការពារ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ ការពារ​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​បាន​យ៉ាងរឹងមាំ ដែល​ប្រការនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុ​ជា​មាន​សុខសន្តិភាព សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម និង​បាន​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដ៏​ត្រឹមត្រូវ​នៅ​កម្ពុជា​។



លោក​ប្រធាន​គណៈអចិន្ត្រៃយ៍ ក៏បាន​ជំរុញ​ឲ្យ​មហា​គ្រួសារ​បក្ស ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​គោលនយោបាយ ក៏ដូចជា​សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ជ្រាប​ច្បាស់ និង​ផ្ដាំ​ផ្ញើឲ្យ​ពួកគាត់​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ មាន​រូប​ទេវ​ត្តា​បាចផ្កា​ជា​សម្គាល់ ដើម្បីឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​បន្ត​ការដឹកនាំ​ប្រទេស​ឲ្យ​កាន់​តែមាន​ការរីក​ច្រើន​ថែមទៀត៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu