Ad Code

ស្ត្រី​ធ្លាប់​សម្រាលកូន​ដោយ​ការវះកាត់ ក៏​អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​បាន​វិញ​ដែរ



​ភ្នំពេញ ​៖ ​ជា​ការ​ពិត​ណាស់ ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​ដោយ​ការវះកាត់​ពិតជា​មាន​ចម្ងល់​ពី​ការ​សម្រាលកូន​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​ ព្រោះ​ស្ត្រី​មួយចំនួន​យល់ថា ​គាត់​ពុំ​អាច​សម្រាល​បានទេ ហើយ​ត្រូវតែ​ធ្វើការ​វះកាត់​ម្តងទៀត​នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​នោះ​។

បើ​យោង​តាម​ការសិក្សា​បង្ហាញ​ឲ្យ​ឃើញថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់ធ្វើ​ការវះកាត់ និង​មាន​អាង​ត្រគាក​ប្រហាក់ប្រហែល​ធម្មតា អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​ដោយ​គ្មាន​ផលវិបាក ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន និង​វាយតម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព​។



កត្តា​ដែល​កំណត់​ថា ​ស្ត្រី​អាច​សម្រាលកូន​តាមផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ ប្រវត្តិ​វះកាត់​ពីមុន (​វះ​ដោយ​ការ​បញ្ហា​អ្វី ផ្ទៃពោះ​គ្រប់​ខែ​ឬទេ​? ប្រភេទ​វះកាត់ ការវិវត្តន៍​ជំងឺ​ក្រោយ​ការវះកាត់​)​និង​ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (​ឧ​. វះកាត់​ស្បូន​) ការវាយតម្លៃ​ទម្ងន់​ទារ ការវាយតម្លៃ​ទៅលើ​អាង​ត្រគាក ការវាយតម្លៃ​មាត់ស្បូន (​ការបើក​នៃ​មាត់ស្បូន និង​កម្ពស់​ទម្ងន់​កូន​)​។

ស្ត្រី​អាច​ប្រឈមមុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពរ​ពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ (​អត្រា​ស្លាប់ទារ​កមាន​ប្រហែល ៥.៥% ក្នុងករណី​រហែក​ស្បូន​)​។​ក្នុងពេល​ពរ​ពោះ​អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប​។



ក្នុងពេល​ឈឺពោះ​សម្រាល​អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មានការ​តាមដាន​ទៅលើ​ការ​តាមដាន​ចង្វាក់បេះដូង​កូន ការ​ធ្លាក់​ឈាម ការឈឺចាប់​ត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​ស្បូន​រាល់​ការប្រែប្រួល​ចង្វាក់បេះដូង​កូន (​ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ​) លាយឡំ​ការ​ធ្លាក់ឈាម​។

ការឈឺចាប់​ខ្លាំង​នៅត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​នៃ​ស្បូន​ញាប់​ហើយ​ខ្លាំងៗ ឬ​បាត់​ការ​កន្ត្រាក់​នៃ​ស្បូន គឺជា​សញ្ញា​នៃ​ការត្រៀម​នឹង​រហែក ឬ​រហែក​ស្បូន​។

ស្ត្រី​ដែល​ស្បូន​ធ្លាប់​វះកាត់​ហើយ និង​កំពុងតែ​ពរ​ពោះ បើសិនជា​មានការ​ឈឺពោះ ត្រូវតែ​សម្រាក​ពេទ្យ​ដូច្នេះ​ហើយ​ គប្បី​មក​ពិគ្រោះ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា​ពី​ការ​សម្រាលកូន​លើក​ក្រោយ ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ត្រូវ​បាន​ហាមឃាត់ ក្នុង​ពេល​តាមដាន​ការ​សម្រាល។ ប្រសិនបើ​ស្ត្រី ស្នើសុំ​ធ្វើការ​វះកាត់​ម្តង​ទៀត ក្រោយពី​ការ​ខ្វល់​ពី​ផល​ចំណេញ ដែល​ប៉ះពាល់​ពី​គ្រូពេទ្យ​ជំនាញ ការវះកាត់​នឹងត្រូវ​បានធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ​។



ករណី​ពិសេស​មួយចំនួន​ការវះកាត់​ត្រូវធ្វើ​ដោយ​ជៀស​មិនបាន​ដូចជា​ស្បូន​ដែល​ធ្លាប់​ឆ្លងកាត់​ការវះកាត់ ២​ដង​រួចហើយ​កូន​បញ្ច្រាស កូន​ថ្លោស កូនភ្លោះ​ឬ​ច្រើន​។

ស្ត្រី​គ្រប់រូប​អាច​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជំនាញ​ដើម្បី​ទទួល​ការ​ប្រឹក្សា​យោបល់​ដ៏​ល្អ ដែល​ធានា​នូវ​សុខមាលភាព សុវត្ថិភាព នៅមុន និង​ក្រោយ​សម្រាល ជាពិសេស​អំឡុង​ពេល​សម្រាល​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu