Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ ឈ្នះ​ដូចគ្នា​ក្នុង​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ



​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល និង​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ សុទ្ធតែ​ឈ្នះ​ដូចគ្នា​ក្នុង​ប្រកួត​នៅសល់​ដែល​លើក​ពេល​កន្លង​មក ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។



ចំពោះ​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល​២​ទល់​១​។ កីឡាករ​នី​ហ្សេ​រី​យ៉ា Mathew Osa និង​កីឡាករ សួង វីរៈ បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ណាហ្គាវើល បន្ត​កៅអី​លេខ​២​ក្នុង​តារាង ខណៈ​កីឡាករ ញឹម សុវណ្ណារ៉ា បានធ្វើឲ្យរ​បួ​ត​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង ដូចជា​ផ្តល់​ការដូរ​ឲ្យទៅ​ខាង​ក្រុម​ភ្នំពេញ​ក្រោ​ន​។

ចំណែក​ក្រុម​ក្រសួងការពារជាតិ វិញ​បាន​យកឈ្នះ​លើ​ក្រុម​កំពូល​តារាង​បឹងកេត ២​ទល់​០​។ បរាជ័យ​ដំបូង​របស់​ក្រុម​បឹងកេត គិត​តាំងពី​ដើមរដូវ​កាល​មកនេះ​គឺ​ស្របពេល​អវត្តមាន​គ្រូបង្វឹក​លោក ហៅ សុជាតិ ដែល​ជាប់​ពិន័យ​មិនឲ្យ​ចួ​ល​ទីលាន​រយៈពេល​១​ខែ​។ កីឡាករ ឈិន ឈឿន និង​កីឡាករ​កូរ៉េខាងត្បូង Yoo Jae-ho បា​នរក​គ្រាប់​បាល់​ម្នាក់​១​គ្រាប់​ឲ្យ​ក្រសួងការពារជាតិ​។



​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឃើញថា​ ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​វិសាខា មាន​៣៥​ពិន្ទុ ឈរ​លេខ​៣ មាន​៣៥​ពិន្ទុ​ដូចគ្នា​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៤​ពិ​ន្ទ ខណៈ​ក្រុម​លេខ​៥ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៣​ពិន្ទុ ក្រុម​លេខ​៦ ភ្នំពេញ​ក្រោ​ន មាន​២១​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២១​ពិន្ទុ ដែរ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​សូល​ទី​ឡូ​អង្គរ មាន​១៤​ពិន្ទុ ហើយ​ក្រុម​លេខ​១០ អង្គ​រថា​យ​ហ្គឺ​រ មាន​១៣​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។



សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​បន្ត​នឹង​នៅ​ដើមខែ​ក្រោយ បន្ទាប់ពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ចុងខែ​នេះ​រួចរាល់​។ ពេល​ត្រឡប់មកវិញ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ហើយ​ក្រុម​វិសាខា ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា និង​១​គូ​ទៀត​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​ដែរ​លើ​ទីលាន​កីឡដ្ឋាន RSN​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែសីហា វិញ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣​រសៀល​ដែរ​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​បឹងកេត វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu