ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងប់ស្ងាត់នៅថ្ងៃបោះឆ្នោត និងប្រកាសចាត់វិធានការរាល់សកម្មភាពទាំងឡាយណា ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈមធ្យោបាយទុច្ចរិតផ្សេងៗ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប។
សេចក្តីអំពាវនាវ ដែលចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សូមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២និង០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២និង០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក បញ្ជាក់ដែរថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ និងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវនាំគ្នាចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
ជាមួយគ្នានោះ លោក ស៊ិក ប៊ុនហុក បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ ជាពិសេសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយណា ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខាន មិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
តាមលោក ស៊ិក ប៊ុនហុក គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ហើយសង្ឃឹមនិងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ និងអនុវត្តតាមការអំពាវនាវនេះឲ្យមានប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments