Ad Code

ធនាគារ CIMB​បង្ហាញ​ពី​នីតិវិធី​ក្នុងការ​ផ្តល់​កម្ចី​រថយន្ត​ដល់​អតិថិជន​ខណៈ​តម្រូវ​ការប្រើប្រាស់​រថយន្ត​នៅ​ប្រទេស​កម្ពុជា មានការ​កើនឡើង



ភ្នំពេញ ​៖ ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​(CIMB)​បានបង្ហាញ​ពី​នីតិវិធី​ក្នុងការ​ផ្តល់​កម្ចី​រថយន្ត​ដល់​អតិថិជន​ ខណៈ​តម្រូវ​ការប្រើប្រាស់​រថយន្ត​ក្នុងប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

ការប្រើប្រាស់​រថយន្ត ក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​នេះ ​គឺ​បណ្តាល​មក​ពី​កំណើន​ប្រាក់ចំណូល ​និង ​តម្រូវការ​យានជំនិះ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ដែល​នាំមក​នូវ​សុវត្ថិភាព និង​ផាសុកភាព​។ ជា​មួយ​គ្នា​នេះ ការ​ផ្តល់​កម្ចី​រថយន្ត កំពុងមាន​ភាព​ពេញនិយម និង​កាន់តែ​មាន​ភាព​សម្បូរបែប ដែលមាន​ការ​ផ្តល់ជូន​ពី​សំណាក់​ធនាគារ និង​ស្ថាប័ន​ផ្សេងៗ រួមមាន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ជាដើម​។

ជារឿយៗ អតិថិជន​តែង​យល់ច្រឡំ អំពី​ជម្រើស​កម្ចី​រថយន្ត​ខុសៗ​គ្នា ដែល​ពួកគេ​អាច​ជ្រើសរើស​បាន​។ អត្ថបទ​នេះ​នឹង​ពន្យល់​លម្អិត ពី​លក្ខណៈ​សម្បត្តិ​នៃ​ប្រភេទ​កម្ចី​រថយន្ត​ផ្សេងៗ​គ្នា និង​ការ​ប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ដែល​អតិថិជន​ត្រូវ​ទទួលយក ផ្អែក​តាម​តម្លៃ​រថយន្ត ដែល​ពួកគេ​ចង់​ទិញ​នោះ​។

ការពិត​ណាស់ វា​មាន​ភាព​ខុស​ពីគ្នា​តែម្តង រវាង​ផលិតផល «​ឥណទាន​» និង «​ភតិសន្យា​ហិរញ្ញវត្ថុ​»​។ សម្រាប់​ប្រភេទ​ឥណទាន អតិថិជន​គឺជា​ម្ចាស់​រថយន្ត ទាំង​ក្នុងអំឡុងពេល​បង់​រំលស់ និង​ក្រោយ​បញ្ចប់​ការ​បង់​រំលស់​រួចរាល់​។ សម្រាប់​ប្រភេទ​ភតិសន្យា​ហិរញ្ញវត្ថុ​វិញ អតិថិជន​ត្រូវ​រៀបចំ​ការ​ផ្ទេរកម្មសិទ្ធិ​រថយន្ត ពី​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​នោះ បន្ទាប់ពី​កិច្ចសន្យាជួល​ផុតកំណត់​។

សម្រាប់​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) អតិថិជន​មិន​ចាំ​បាច់​រៀបចំ​ការផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ឡើយ ព្រោះ​អតិថិជន​បាន​ក្លាយជា​ម្ចាស់​រថយន្ត តាំងពី​ទទួល​បាន​ការ​អនុម័ត​ឥណទាន​ដំបូង​មកម្ល៉េះ​។

ក្រៅពី​នេះ ការប្រាក់​ក៏​មាន​ភាព​ខុសប្លែកគ្នា​ផង​ដែរ គឺ​រវាង​អត្រា​ការប្រាក់​ថេរ និង​អត្រា​ការប្រាក់​ថយ​តាម​ប្រាក់​ដើម​។ ជាទូទៅ ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ ប្រើប្រាស់​អត្រា​ការប្រាក់​ថេរ ហើយ​ឧទាហរណ៍ សម្រាប់​ទំហំ​ភតិសន្យា​ហិរញ្ញវត្ថុ $ 10,000 ជាមួយនឹង​អត្រា​ការប្រាក់ 1.5% ក្នុង​មួយខែ ឬ 18% ក្នុង​មួយឆ្នាំ អតិថិជន​នឹង​ត្រូវ​បង់​ប្រមាណ $ 1,800 ទៅលើ​អត្រា​ការប្រាក់ ជា​រៀងរាល់​ឆ្នាំ រហូតដល់​ផុតកំណត់​ភតិសន្យា​ហិរញ្ញវត្ថុ​។

យ៉ាងណាមិញ សម្រាប់​សេណា​រេ​យ៉ូ​អត្រា​ការប្រាក់​ថយ​តាម​ប្រាក់​ដើម ក្នុង​ទឹកប្រាក់ $ 10,000 និង​អត្រា​ការប្រាក់ 18% ក្នុង​មួយឆ្នាំ​ដូចគ្នា អតិថិជន​នឹង​ត្រូវ​បង់​ប្រមាណ $ 1,700 ក្នុង​ឆ្នាំ​ទីមួយ $ 1,430 ក្នុង​ឆ្នាំ​ទី​ពីរ $ 1,110 ក្នុង​ឆ្នាំ​បី និង​ថយចុះ​បន្តបន្ទាប់​ទៀត​ទៅតាម​ឆ្នាំ​។ អត្រា​ការប្រាក់​ដែល​ត្រូវ​បង់ បាន​ថយចុះ​ទៅតាម​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ទំហំ​ឥណទាន ដែល​បាន​ថយចុះ ទៅតាម​ការបង់​រំលោះ​ប្រចាំខែ​របស់​អតិថិជន​។

CIMB សូម​ផ្តល់​យោបល់​ដល់​អតិថិជន​ផង​ដែរ ក្នុង​ការ​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​កិច្ចព្រមព្រៀង​ឥណទាន ឬ​ភតិសន្យា​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​កំណត់​កម្រៃ​សេវាកម្ម ដែល​ត្រូវ​បង់​សម្រាប់​ពាក្យស្នើសុំ​ឥណទាន ឬ​ភតិសន្យា​ហិរញ្ញវត្ថុ​នោះ ក៏ដូចជា​កម្រៃ​ប្រចាំឆ្នាំ​នានា​ជាដើម​។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារ CIMB កំណត់​កម្រៃ​សេវាកម្ម​តែម្តង​ប៉ុណ្ណោះ ក្នុង​ចំនួន 1% នៃ​ទឹកប្រាក់​ឥណទាន​សរុប ហើយ​ពុំមាន​ការ​គិត​កម្រៃ​ផ្សេងៗ​ទៀតឡើយ ក្នុងអំឡុងពេល​ដំណើរការ​ឥណទាន​រថយន្ត​ទាំងមូល​។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ជាច្រើន អំពី​ទំហំ​ប្រាក់ចំណូល ដែល​អាច​ស្នើសុំ​ឥណទាន​បាន​លម្អិត​អំពី​ចំណុច​នេះ សម្រាប់​អតិថិជន​ទាំងអស់ រវាង​ការ​សង​ត្រឡប់​ប្រចាំខែ និង​តម្លៃ​រថយន្ត ដែល​ពួកគេ​ចង់​ទិញ​នោះ​។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​កំណត់​ប្រាក់ចំណូល​របស់​អ្នកណាម្នាក់ មុននឹង​ឈានដល់​ការគិតគូ​កត្តា​ផ្សេងទៀត​។ ធនាគារ ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ អាចជួយ​ដល់​អតិថិជន ក្នុងការ​គណនា​បន្ទុក​ហិរញ្ញវត្ថុ​បន្ថែម មុននឹង​អនុម័ត​ការស្នើសុំ​ឥណទាន​នោះ​។

នៅ​ធនាគារ CIMB តែងតែ​ផ្តល់​ដំបូន្មាន និង​កំណត់​ឲ្យ​អតិថិជន​របស់​យើង មាន​ប្រាក់ចំណូល​ប្រចាំខែ 2​ដង លើសពី​ទឹកប្រាក់​ប្រចាំខែ ដែល​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​។

សម្រាប់​ការវិភាគ​ឆាប់រហ័ស នៃ​ការ​បង់​រំ​លោះ​ប្រចាំខែ និង​ប្រាក់ចំណូល​ទាប​បំផុត ដែល​តម្រូវ​ឲ្យ​មាន សម្រាប់​ការស្នើសុំ​ឥណទាន​រថយន្ត ដែលមាន​ទំហំ​ចន្លោះ​ពី $10,000 ដល់ $ 50,000 ។​
​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​រថយន្ត ដែល​ពួកគេ​ស្រឡាញ់ សម្រាប់​ធនាគារ CIMB យើង​ផ្តល់ជូន​អត្រា​ការប្រាក់​ល្អប្រសើរ ប្រមាណ 1.5%​ប៉ុណ្ណោះ ក្នុង​មួយខែ (​ការប្រាក់​ថយ​) ឬ 0.9% ក្នុង​មួយខែ (​ការប្រាក់​ថេរ​) រយៈពេល​ឥណទាន​រហូត​ដល់ 5​ឆ្នាំ ទំហំ​ឥណទាន​រហូតដល់ 70% នៃ​តម្លៃ​រថយន្ត​។ មិនតែប៉ុណ្ណោះ យើង​ក៏​ផ្តល់​ដំបូន្មាន​ដល់​អតិថិជន អំពី​ទឹកប្រាក់​សង​ត្រឡប់​ដ៏​សមស្រប​មួយ ដើម្បី​ប្រាកដថា ការបង់​រំ​លោះ​នោះ​នឹងមិន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​អនាគត​ក្រុមគ្រួសារ​របស់​ពួកគេ​»​។

ដើម្បី​ស្នើសុំ​ឥណទាន​រថយន្ត ជាមួយ​ធនាគារ CIMB អតិថិជន​ត្រូវមាន​ប័ណ្ណបើកបរ​រថយន្ត សេវា​ធានារ៉ាប់រង​រថយន្ត និង​លិខិតបញ្ជាក់​ប្រាក់ចំណូល​ច្បាស់លាស់ ព្រមទាំង​ឯកសារ​ផ្ទាល់ខ្លួន​មួយចំនួន​ផងដែរ​។ មិនតែប៉ុណ្ណោះ អតិថិជន អាច​ស្នើសុំ​ឥណទាន​ទាំង​ទៅលើ​រថយន្ត​ថ្មី និង​មួយ​ទឹក តាមរយៈ​ដៃគូ​ក្រុមហ៊ុន និង​យានដ្ឋាន​លក់​រថយន្ត​ធំៗ និង​មានកេរ្តិ៍ឈ្មោះ​របស់​ធនាគា​រ CIMB នៅ​ទូទាំងប្រទេស​។ ហើយ​សម្រាប់​រថយន្ត​មួយ​ទឹក ធនាគារ CIMB អាច​ទទួលយក​ការស្នើសុំ​ឥណទាន​រថយន្ត ដែល​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត​ច្រើន​បំផុត គឺ​ដក​១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ដែល​ស្នើសុំ​ឥណទាន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu