Ad Code

គំនុំគំកួន​ក្នុង​អាជីវកម្ម​លក់​ទឹកកក​ដូចគ្នា ក្លាយជា​ហិង្សា រងរបួស​២​នាក់ ជាប់​ខ្នោះ​ប៉ូលិស​២​នាក់



ភ្នំពេញ​ ៖ បុរស​ម្នាក់​និង​នារី​ម្នាក់​ ដែល​ទើបតែ​សម្រាល​កូន បាន​៥​ខែ ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​មិនតិចជាង​១០​នាក់ ព្រួត​គ្នា​វាយ​បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ ក្រោយពី​មាន​ទំនាស់​ក្នុង​អាជីវកម្ម​លក់​ទឹកកក​ដូចគ្នា រហូត​ក្លាយជា​ហិង្សា​នោះ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ជនសង្ស័យ​២​នាក់​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ដែរ​។​

អំពើ​ហិង្សា​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៥​និង​៤០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​២៩ (​លក់​បោះ​ដុំ​ទឹកកក ) ផ្លូវ​លេខ​២៥៧ ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​កន្លែង​ប្រព្រឹត្ត​និង​ចំណុច​ឃាត់ខ្លួន​តែមួយ)។

ជនសង្ស័យ ១-​ឈ្មោះ វ៉ាន់ នី​ម ហៅ នី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក ស្នាក់​នៅផ្ទះ​លេខ​១៧៦ ផ្លូវ លេខ​១៤៦ ក្រុមទី​១៣ ភូមិ​៥ សង្កាត់ ទឹក ល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​ថៅកែ​លក់​ទឹកកក)។ ២-​ឈ្មោះ ទូច វិ​តា ហៅ តយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លក់​ទឹកកក ស្នាក់​នៅផ្ទះ​លេខ​១៧៦ ផ្លូវ លេខ​១៤៦ ក្រុមទី​១៣ ភូមិ​៥ សង្កាត់​ទឹក ល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​កម្មករ​លក់​ទឹកកក​)។

ចំណែក​ជនរងគ្រោះ ទី​១-​ឈ្មោះ សាន លក្ខិណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក​ដាក់​ឲ្យ​ម៉ូយ​តាម​ហាង ស្នាក់​នៅផ្ទះ​លេខ ២៩ ផ្លូវ​លេខ​២៥៧ ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រង​របួស​ជាំ​ចុង​ចិញ្ចើម​ខាងស្ដាំ , ដងខ្លួន និង​ក ទើបតែ​សម្រាល​កូនខ្ចី​បាន​៥​ខែ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​គ្លីនិក​ វ​នី​ដា។ ទី​២-​ឈ្មោះ សាន សុ​គួ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លក់​ទឹកកក ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវ លេខ​២៥៧ ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹក ល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​របួស​បែក​ថ្ងាស​ខាងឆ្វេង ដេរ​ចំនួន​០៦​ថ្នេរ។ វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ មាន ដែក​ទំ​ពួក​សំរាប់​ខ្វារ​ទឹកកក​មួយ។

មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​អោយ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ៩​និង​០០​នាទី ឈ្មោះ សាន លក្ខិណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ និង​ប្ដី​ឈ្មោះ សាន សុ​គុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បាន​ប្រើ​ឈ្មោះ សាន សុ​ខៃ ភេទ​ប្រុស អាយុ​ប្រហែល​១៨ ឆ្នាំ ជនជាតិខ្មែរ ដឹក​យកទៅ​ទឹកកក ទៅ​ឲ្យ​ម៉ូយ​នៅ​ខាងក្រោយ​សាលាសង្កាត់​ទឹកល្អក់​ទី​២ ពេលទៅដល់​មុខផ្ទះ​ម៉ូយ​ដាក់​ទឹកកក ស្រាប់តែ​ឈ្មោះ ទូច វិ​តា ហៅ តយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ និង​បក្សពួក​ម្នាក់ទៀត ជា​កម្មករ របស់​ឈ្មោះ វ៉ាន់ នី​ម បាន​វាយ​មកលើ​ឈ្មោះ សាន សុ​ខៃ បណ្ដាល​ឲ្យ​ត្រូវ​មុ។ ពេល​គេ​វាយ​រួច ឈ្មោះ សាន សុ​ខៃ ក៏​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​ប្រាប់​ឈ្មោះ សាន លក្ខិណា និង​ប្តី​។ លុះ​មកដល់​ម៉ោង​ប្រហែល ១៥​និង​៤០​នាទី​ជនសង្ស័យ​ឈ្មោះ វ៉ាន់ នី​ម និង​កម្មករ​ឈ្មោះ ទូច វិ​តា ហៅ តយ បាន​នាំ​បក្សពួក​ប្រហែល ១០​នាក់ មករក រឿង​ជនរងគ្រោះ​ឈ្មោះ សាន លក្ខិណា និង​ប្ដី បន្ថែម​មួយលើកទៀត ដោយ ឈ្មោះ វ៉ាន់ នី​ម ឈ្មោះ ទូច វិ​តា និង​បក្សពួក បាន​វាយ​មកលើ​ជនរងគ្រោះ ឈ្មោះ សាន​លក្ខិណា បណ្ដាល​ឲ្យ​ត្រូវ​លើ​ចុង​ចិញ្ចើម​ខាងស្ដាំ និង​ដងខ្លួន ចំណែក​ឈ្មោះ សាន សុ​គួ​ន បណ្ដាល​ឲ្យ​រងរបួស​ជាំ​ចុង​ភ្នែក​ខាងឆ្វេង ភ្លាមនោះ ​កម្លាំង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​២ ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២ នាក់ ឈ្មោះ វ៉ាន់ នី​ម និង​ឈ្មោះ ទូច វិ​តា រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង។ ចំណែក​បក្សពួក​០៨​នាក់ គេចខ្លួនបាត់។

មន្ត្រី​ប៉ូលិស​ក៏បាន​បញ្ជាក់​អោយដឹង​ផងដែរ​ថា ​រយៈពេល​១​អាទិត្យ​មុន ម៉ូយ​ដែល​យក​ទឹកកក​របស់​ឈ្មោះ វ៉ាន់ នី​ន (​ជនសង្ស័យ​) បាន​ផ្អាក​យក​ទឹកកក របស់​ជនសង្ស័យ​ឈ្មោះ វ៉ាន នី​ម ហើយ​បែរ​ជា​មក​យក​ទឹកកក​ពី​ឈ្មោះ សាន លក្ខិណា និង​ប្ដី​ទៅវិញ ដែល​ធ្វើ​ឲ្យ​ឈ្មោះ វ៉ាន់ នី​ម មានការ​ខឹង ទើប​បង្ក​​ឲ្យ​មានរឿង​ហិង្សា​បែបនេះ​តែម្ដង។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំ​រឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu