Ad Code

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ ចាប់​រ៉ឺម៉ក​ទ្រុង​វែង​ដឹក​អីវ៉ាន់​សំពីងសំពោង​​​​២​គ្រឿង ​ធ្វើ​ការ​ ផាក​ពិន័យ



កំពង់ឆ្នាំង​ ៖​ រ៉ឺម៉ក​ដឹក​ពួក​សំពីងសំពោង​ហួត​ហេតុ​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចាប់​ឃាត់​ផាកពិន័យ​តាមផ្លូវ​ច្បាប់ ដោយ​តម្រូវ​ឲ្យ​រើរុះ​អីវ៉ាន់​សាង​ទៅ​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​យក​រ៉ឺម៉ក​នោះ ​ប្រគល់​ឲ្យ​មន្ទីរ​សាធារណការ​ខេត្ត ធ្វើការ​កាត់​ទ្រុង​រ៉ឺម៉ក​ ដែល​ធ្វើ​វែង​រហូតដល់​ទៅ​៦​ម៉ែ​ត្រែ​ខុស​បច្ចេកទេស​ចោល។

ការ​ចាប់​ឃាត់​ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង។

បុរស​២​នាក់​ជា​ម្ចាស់​រ៉ឺម៉ក​ទាំង​២​គ្រឿង​ខាង​លើ​នេះ បាន​អោយ​ដឹង​ថា ​៖ ពួកគាត់​រស់នៅ​ខេត្ត​តាកែវ បាន​ដឹក​ពួក​ក្នុង​១​រ៉ឺម៉កៗ​ចំនួន​២០០​ពួក ពី​ខេត្តបាត់ដំបង​ទៅ​លក់ដូរ​នៅ​តាម​រោងចក្រ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​ខេត្តកណ្តាល ដោយបាន​ធ្វើដំណើរ​ពី​បាត់​ដំបង​មកដល់​ស្រុក​រលាប្អៀរ​នេះ​ មាន​រយៈពេល​៥​ថ្ងៃ​៥​យប់ និង​បន្តដំណើរ​ទៅ​ក្រុងភ្នំពេញ ប្រហែល​៣​ថ្ងៃ​ទៀត​ទើប​ទៅដល់​។ ការដឹកជញ្ជូន​របស់​ពួកគាត់​នេះ​នៅ​តាម​ផ្លូវ​ក៏មាន​នគរបាល​ហៅ​សួរនាំ​ដែរ តែ​គេ​ចេះតែ​យោគយល់​អធ្យាស្រ័យ​អោយ​ហូរហែ​មក តែ​មកដល់​ខេត្តកំពង់ឆ្នាំង​ក៏ត្រូវ​នគរបាល​ចរាចរណ៍​ខេត្ត​ចាប់​ឃាត់​មែនទែន​ផាកពិន័យ​តែម្តង​។ ចំណែក​ការ​ដឹក​ពួក​ច្រើន​បែបនេះ​គាត់​ឃើញ​គេ​ដឹក​បាន​ ក៏​ចេះតែ​រកស៊ី​ដឹក​ដូច​គេ​ទៅ មិន​ដឹង​ថា​វា​ជា​រឿង​ខុសច្បាប់​នោះទេ។

លោក​វរសេនីយ៍ទោ ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ​៖ យោង​តាម​បទបញ្ជា​​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​អោយ​សមត្ថកិច្ច​រឹត​បន្តឹង និង​ផាកពិន័យ​ចំពោះ​រថយន្ត និង​រ៉ឺម៉ក​ដែល​ដឹក​អីវ៉ាន់​សំពីងសំពោង​បែបនេះ ដើម្បី​ការពារ​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​អោយ​មក​នៅ​កម្រិត​ទាប​។ ចំពោះ​រ៉ឺម៉ក​ទាំង​២​គ្រឿង​នេះ​ បាន​ដឹក​អីវ៉ាន់​សំពីងសំពោង​ហួសហេតុ​នេះ ដែលមាន​បណ្តោយ​រ៉ឺម៉ក​បូក​ទាំង​ម៉ូតូ​ផង​ប្រវែង​៨​ម៉ែត្រ ទទឹង​២​ម៉ែត្រ និង​កម្ពស់​ជាង​៣​ម៉ែត្រ ចំណែក​សាក់​ស៊ី​រ៉ឺម៉ក​ធ្វើ​អំពី​ដែក​តេ​ដូច​សាក់​ស៊ី​រថយន្ត​តែម្តង តាមផ្លូវ​ច្បាប់​ត្រូវ​ផាកពិន័យ​ប្រាក់​ចំនួន​៣០.០០០​រៀល និង​តាម​គោលការណ៍​ថ្នាក់លើ​អោយ​បញ្ជូន​រ៉ឺម៉ក​នេះ​ទៅ​មន្ទីរ​សាធារណការ​ខេត្ត ធ្វើ​ដើម្បី​ការ​កាត់​ទ្រុង​រ៉ឺម៉ក​វែង​ខុស​បច្ចេកទេស​ចោល។ ព្រោះថា​ការ​បើកបរ​របស់​រ៉ឺម៉ក​ដែល​វែង​បែបនេះ គឺ​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​ដែល​ប្រើប្រាស់​ផ្លូវថ្នល់ ព្រោះថា​គេ​មិនអាច​មើល​កញ្ចក់​ទៅក្រោយ​បានឡើយ និង​ពេល​បើកបរ​មាន​ខ្យល់​បោកបក់​ខ្លាំង​អាច​នឹង​ប៉ើង​រ៉ឺម៉ក​នេះ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។​

សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​អ្នក​រត់​រ៉ឺម៉ក​ទាំងអស់​សូមកុំ​ធ្វើ​ទ្រុង​រ៉ឺម៉ក​វែង​ហួសហេតុ​ពេក ដែល​តាមផ្លូវ​ច្បាប់​មិន​តម្រូវអោយ​កន្ទុយ​រ៉ឺម៉ក​មាន​ប្រវែង​វែង​បែបនេះ​ឡើយ ការផលិត​កន្ទុយ​រ៉ឺម៉ក​វែង​ខុសច្បាប់​និង​ដឹក​អីវ៉ាន់​សំពីងសំពោង​បែបនេះ ត្រូវ​ប្រឈម​ការផាកពិន័យ​ពី​សមត្ថកិច្ច និង​ប្រឈម​នឹង​ការ​កាត់​ទ្រុង​ដែល​វែង​នោះ​ចោល​ពី​សមត្ថកិច្ច​ជំនាញ​ផង​ដែរ ដូច​ករណី​ខាង​លើ​នេះ ដែល​នាំ​អោយ​ខាតបង់​ថវិកា​នៅក្នុង​ក្រុម​គ្រួសារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu