ភ្នំពេញ ៖ ប្រឡាយទ្វារទឹកបឹងក្រចាប់ ដែលមានបណ្ដោយជាង៣គីឡូម៉ែត្រ ហើយអាចស្រោចស្របផ្ទៃដីស្រូវរដូវវស្សាបានជាង៤០០ហិកតា របស់ភូមិគល់ និងភូមិទួល ស្ថិតក្នុងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ត្រូវបានអាជ្ញាធរមានគម្រោងរៀបចំអាងស្តុប នៅទ្វារទឹកបឹងក្រចាប់ឡើងវិញ ដើម្បីថែរក្សាទឹកឲ្យបានដល់រដូវប្រាំង ទុកសម្រាប់ឲ្យប្រជាពលរដ្ឋមកពីទីជិតឆ្ងាយមកកម្សាន្ត។
ប្រឡាយទឹកបឹងក្រចាប់នេះមានតាំងពីបុរាណមកម្ល៉េះ ដែលបង្ហូរទឹកធ្លាក់មកពីខាងលើតាមជើងភ្នំរាប និងភ្នំបាសិទ្ធ ដើម្បីការពារទឹកជំនន់ កុំឲ្យលិចភូមិ និងដើម្បីស្រោចស្របស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំងនេះបានជាច្រើនទៀតផង។ ដោយមើលឃើញពីសារប្រយោជន៍ទាំងនេះលោកសុខ សម្បតិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះទៅមើលផ្ទាល់ ហើយបានលើកគម្រោងថែរក្សា និងអភិវឌ្ឍន៍ប្រឡាយទ្វារទឹកបឹងក្រចាប់នេះបន្ថែមទៀត ដើម្បីឲ្យក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តឲ្យបានគ្រប់ពេល។
ក្នុងឱកាសចុះទៅពិនិត្យកាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះលោកសុខ សម្បតិ បានឲ្យដឹងថា លោកនឹងរៀបចំអាងស្តុបនៅទ្វារទឹកបឹងក្រចាប់ឡើងវិញ ដែលមានបណ្ដោយជាង៣គីឡូម៉ែត្រដើម្បីថែរក្សាទឹកឲ្យបានដល់រដូវប្រាំង ជាមូលនិធិរបស់សាលាខណ្ឌព្រែកព្នៅ។ លោកបន្តថា អាជ្ញាធរសង្កាត់ត្រូវផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ ត្រូវតែថែរក្សាឲ្យបានល្អ និងតាមដានមើលដើមឈើនៅជុំវិញអាងស្តុបមាត់ទ្វារទឹកបឹងក្រចាប់នេះ កុំឲ្យមាននរណាកាប់ឲ្យសោះ ព្រោះដើមឈើទាំងនេះវាជាទិដ្ឋភាពមួយដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានផងដែរ។
លោកសុខ សម្បតិ ប្រាប់ឲ្យដឹងទៀតថា បើយើងធ្វើកន្លែងនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍បានមែននោះ គឺវាអាចផ្ដល់ការងារឲ្យប្រជាពលរដ្ឋ នៅតំបន់នេះបានជាច្រើន ហើយមិនធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនទំនេរពីការធ្វើស្រែ ចំណាកស្រុកទៅរកការងារផ្សេងធ្វើបន្ថែមនោះឡើយ។
លោកបានបញ្ជាក់ថា គម្រោងរៀបចំអាងស្តុប នៅទ្វារទឹកបឹងក្រចាប់នេះ បើអាជ្ញាធរថ្នាក់សង្កាត់ និងខណ្ឌធ្វើមិនបានទេលោក និងដាក់គម្រោងនេះទៅថ្នាក់លើបន្តទៀត ឲ្យខានតែបាន ដើម្បីថែរក្សាទឹកក្នុងអាងស្តុបនៅទ្វារទឹកបឹងក្រចាប់ឲ្យបានខួបប្រាំងខួបវស្សា ហើយនឹងប្រែក្លាយតំបន់នេះឲ្យទៅជា តំបន់ទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តឲ្យបានគ្រប់ពេល នឹងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាការកាត់បន្ថយការធ្វើ ចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ៕
អាងស្តុបទឹកទ្វារទឹកបឹងក្រចាប់ និងខ្លាចជាតំបន់ទេសចរណ៍ នៅសង្កាត់ពន្សាំង
0 Comments