Ad Code

អភិបាល​រាជធានី​ណែ​នាំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​កំណត់​តួ​ប្រឡាយ​ហា ប្រឡាយ​ភូមិ​មល មុន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​​

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ទីរ រៀបចំ​ដែនដី នគរោបនីយកម្ម សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ​កំណត់​តួ​ប្រឡាយ​ហា និង​ប្រឡាយ​ភូមិ​មល ឲ្យ​បាន​ច្បាស់លាស់ មុន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ជិត​ប្រឡាយ​នេះ ជៀសវាង​កំ​អោយ​ប្រជាពលរដ្ឋ​សាងសង់​លំនៅដ្ឋាន​រំលោភ​លើ​ប្រឡាយ​បន្ត​ទៀត។


លោកប៉ា សុជាតិ​វង្ស បាន​ធ្វើ​ការណែនាំ​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី៤ ធ្នូ ឆ្នាំ​២០១៥ គឺ​ក្នុង​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពានថ្ម​២​កន្លែង គឺ​ស្ពាន​បឹង​តា​ម៉ា​ត​ឆ្លងកាត់​ប្រឡាយ​ភូមិ​មល​ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហា ស្ថិត​នៅតាម​ព្រំប្រទល់​ខណ្ឌ​មានជ័យ​និង​ខណ្ឌដង្កោ។


លោកប៉ា សុជាតិ​វង្ស បាន​មាន​ប្រសា​ស​ន៏​ថា ប្រឡាយ​ខាង​លើនេះ ​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក ដោយ​សាងសង់​លំនៅដ្ឋាន​លើ​ប្រឡាយ​ដែល​ធ្វើ​ឲ្យ​​តួ​ប្រឡាយ​កាន់តែ​រួម​តូច មិន​អាច​រំដោះ​ទឹកបាន​លឿន ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើការ​អភិវឌ្ឍន៍​ប្រឡាយ​នេះ​ឡើង​រួម​និង​ការ​កសាង​ស្ពានថ្ម​ឆ្លងកាត់​ប្រឡាយ​នេះ​ផងដែរ។ លោក​បន្ត​ថា ប្រ​ឡាយ​នេះ​ដាច់ខាត​ត្រូវតែ​សាងសង់​ផ្លូវ​នៅ​សងខាង​ប្រឡាយ ដើម្បី​ឲ្យ​គ្រឿងចក្រ​ចូល​ស្តា​ប្រឡាយ​បាន បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​ស្តា​ប្រឡាយ​នេះ​បាន​ឡើយ។ លោកប៉ា សុជាតិ​វង្ស​ក៏បាន​បញ្ជាក់​ផងដែរ​ថា លើក​បញ្ហា​នេះ​សម្រាប់​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ​ត្រូវ​ចុះ​មក​ពិនិត្យ​និង​កំណ​ត់តួ​ប្រឡាយ​ហា និង​ប្រឡាយ​ភូមិ​មល ឲ្យ​បាន​ច្បាស់លាស់ ថា​តួ​ប្រឡាយ​មាន​ទំហំ​ប៉ុណ្ណា នៅសល់​ពី​នោះ វា​ជា​ដី​របស់​ប្រជាពលរដ្ឋ ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ទៅ។


លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ពាន​បឹង​តា​ម៉ា​ត​ឆ្លងកាត់​ប្រឡាយ​ភូមិ​មល ​ដែល​ត្រូវ​ស្ថាបនា​ឡើង​នេះ​មាន​ប្រវែង​២៤​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ​កន្លះ និង​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហា​ប្រវែង​១៥​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ​កន្លះ ជា​ស្ពានបេតុង ស្ថិត​នៅ​តាម​ព្រំប្រទល់​ខណ្ឌ​មានជ័យ​និង​ខណ្ឌដង្កោ។ លោក​បន្ត​ថា ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៧១​មក​ផ្លូវ​២១៧​បាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០១២​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​៧​ម៉ែត្រ មាន​តួនាទី​ក្នុង​ការ​ដោះ​ចរាចរ​ពី​ផ្លូវ​លេខ​៣៧១​មកពី​តំបន់​ចម្ការ​ដូង​ឆ្ពោះ​ទៅ​ក្រុង​តាខ្មៅ ផ្លូវជាតិ​លេខ​២ លេខ​៣ ពិសេស​រំដោះ​ចរាចរ​ពី​ចំណុច​ស្ពាន​មល​ ដែល​មាន​ចរាចរ​រថយន្ត​ធុន​ធ្ងន់ យ៉ាង​មមាញឹក​ជាប្រចាំ ប៉ុន្តែ​កំណាត់​ផ្លូវ​បឹង​តា​ម៉ា​ត​នេះ​បច្ចុប្បន្ន ពុំទាន​អាច​ដោះស្រាយ​ចរាចរ​រថយន្ត​ធុន​ធ្ងន់​នៅ​ឡើយ​ទេ ដោយសារ​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៧១ ជា​ស្ពានដែក​ចាស់​តូច មាន​ភាព​ចាស់​ទ្រុឌទ្រោម និង​ពុំ​អាច​ធ្វើ​ចរាចរ​ធុន​ធ្ងន់​បាន​។​ដោយឡែក​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហាត​ភ្ជាប់​ពី​ផ្លូវ​២១៧​មក​ព្រៃ​ស ជា​ផ្លូវ​បេតុង​ដែល​ទើបនឹង​ស្ថាបនា​រួច​កាលពី​ឆ្នាំ​២០១៤​មាន​ទទឹង​៨​ម៉ែត្រ ប៉ុន្តែ​ត្រង់​ចំណុច​ស្ពាន ឆ្លងកាត់​ប្រឡាយ​ហា​ជា ស្ពានដែក​តូច​មាន​ទទឹង​ត្រឹមតែ​៥​ម៉ែត្រ និង​មាន​ភាព​ចាស់​ទ្រុឌទ្រោម ដែល​ស្ពាន​ទាំង​២​នេះ ទាមទារ​សាងសង់​ស្ពានបេតុង​ថ្មី ធំ មាំ និង​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ធានា​សុវត្ថិភាព ក្នុង​ការ​បើកបរ ដឹកជញ្ជូន​ធុន​ធ្ងន់។ ដោយហេតុ​នេះ​ហើយ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ ទើប​សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​ស្ពានថ្ម​ថ្មី​ទាំង​២​នេះ​តែ​ម្តង​៕


Nita-4-A-13-Full


Nita-4-A-14-Full


Nita-4-A-15-Full


Nita-4-A-16-Full



អភិបាល​រាជធានី​ណែ​នាំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​កំណត់​តួ​ប្រឡាយ​ហា ប្រឡាយ​ភូមិ​មល មុន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​​

Post a Comment

0 Comments

Close Menu