Ad Code

បឹង​កន្សែង​ជា​កន្លែង​បង្កប់​ដោយ​កម្រង​អនុស្សាវរីយ៍​ ក្នុង​បទ​ចម្រៀង​ពី​សម័យ​ដើម​

រតនគិរី ៖ ប្រសិនបើ​អស់​លោកអ្នក ​បាន​ស្តាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង​មួយ​បទ​ មាន​ចំណងជើង​ថា​«​អក​បឹង​កន្សែង​»​ដែល​បង្ហើរ​សំនៀង​ដោយ​អធិរាជ​សំឡេង​ មាស​លោក​ស៊ីន ស៊ី​សាមុត នោះ​យើង​នឹង​ភ្នក​គិត​នឹកឃើញ​ដល់​កន្លែង​លេង​កម្សាន្ត​មួយ​ ដែល​មាន​ឈ្មោះថា​«​បឹង​កន្សែង​»​នា​ទឹកដី​ខេត្ត​រតនគិរី​ជាក់​ជាមិនខាន។


«​ជ្រោះ​ជ្រង​សែន​ជ្រៅ​ទឹក​នៅ​ស្ងៀម​នឹង ដងព្រៃ​ស្ងាត់ឈឹង​ដាក់​នាម​ហៅ​បឹង​កន្សែង សារាយ​ព្រលឹត​កៀក​កាយ​ប្រឡែង ថ្ងៃ​ច​ចាំង​សូរ្យសែង អស់​ឱ​!​កន្លែង​កម្សាន្ត​…!» នេះ​ជា​ប្រយោគ​១​ឃ្លា​ ដែល​បាន​ពិពណ៌នា​រៀបរាប់​ពី​សម្រស់​បឹង​ធម្មជាតិ​មួយ​ចោល​សម្រស់​ឆើតឆាយ​ពួន​កាយ​នៅក្នុង​ព្រៃ​ជ្រៅ​នៃ​ខេត្ត​រតនគិរី​នា​សម័យ​មុន ហើយ​នៅ​ពេល​បាន​ស្តាប់​នូវ​អត្ថន័យ​បទ​ចម្រៀង​នេះ​ភ្លាម​ គឺ​ក្នុង​ចិត្ត​ហាក់​គិត​អណ្ដែតអណ្ដូង​ថា តើ​ទេសភាព​នៅ​បឹង​កន្សែង​ពិត​ជា​មាន​ភាព​ស្រស់​បំព្រង​មែន​ឬ​បានជា​ធ្វើ​ឲ្យ​លោក​ស៊ីន ស៊ី​សាមុត​ងប់​នឹង​សម្រស់​ធម្មជាតិ​នៅ​ទីនោះ​ដក​ចិត្ត​មិន​រួច​យ៉ាងនេះ។


បឹង​កន្សែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​អូរ​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង កាលពី​សម័យ​មុន​ នៅ​តំបន់​បឹង​កន្សែង​នេះ​គឺ​សំបូរ​ទៅ​ដោយ​ដើម​រុក្ខជាតិ​គ្រប់​ប្រភេទ​ដុះ​ទ្រុប​ទ្រុល​រីក​ផ្កា​ចោល​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងុប​។ ចំណែក​ឯ​នៅ​ក្នុង​បឹង​កន្សែង​វិញ​ពោរពេញ​ទៅ​ដោយ​សារាយ ព្រលឹត​មាន​ផ្កា​រីក​រហង់ និង​មានទឹក​ត្រជាក់​ថ្លាយង់​ពេលដែល​សម្រស់​ធម្មជាតិ​នៅ​បឹង​កន្សែង​បាន​ទាក់​នឹង​ក្រសែភ្នែក​នរណាម្នាក់​ហើយ​នោះ​គឺ​ពិបាក​នឹង​ដកចិត្ត​រួច​ណាស់​។ ប៉ុន្តែ​បច្ចុប្បន្ន​នៅទីនេះ​វា​មាន​សភាព​ខុសប្លែក​ពីមុន​ខ្លះៗ​ពោល​ត្រូវ​ជំនួស​ដោយ​លំនៅដ្ឋាន មន្ទីរពេទ្យ ភោជនីយដ្ឋាន​និង​សណ្ឋាគារ​ប្រណីតៗ​ស្អេកស្កះ​ពី​ភាពស្ងាត់ជ្រងំ​ដោយ​ព្រៃ​ធម្មជាតិ​ប្រែ​មកជា​មាន​ភាព​អឺងកង​នៃ​មនុស្សម្នា​ទៅវិញ។


ទោះ​បី​យ៉ាងណា​បឹង​កន្សែង​ក៏​នៅ​បាន​រក្សាទុក​ភាព​ដើម​របស់​ខ្លួន​ បាន​ខ្លះ​នោះ​ដែរ​គឺ​សភាព​ដ៏​ត្រកាល​នៃ​ផ្ទៃ​បឹង​នៅ​មាន​ទឹកថ្លា ​គួរ​ឲ្យ​ចង់​ងូត​លេង មាន​សារាយ ព្រលឹត​ដដែល​មើល​ទៅ​គួរ​ឲ្យ​ចម្លែក​ណាស់ ពិសេស​នា​ពេល​ថ្ងៃ​រៀប​អស្ដង្គត​ដែល​ទេសភាព​ទាំងនេះ​គឺជា​មន្ត​ស្នេហ៍​អន្ទង​ចងចិត្ត​អ្នកទេសចរ​ឲ្យ​ទៅលេង​កម្សាន្ត​នៅ​បឹង​កន្សែង​ជា​រៀងរាល់ថ្ងៃ។


គេ​អាច​មក​លំហែ​កាយ​សប្បាយ​នៅ​បឹង​កន្សែង​ បាន​តាំង​ពី​ព្រឹក​ រហូតដល់​យប់​ដោយ​ជួបជុំគ្នា​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្តភក្តិ ឬក៏​គូស្នេហ៍​យុវវ័យ​អង្គុយ​ញុំា​អាហារ​នៅ​ក្បែរ​មាត់បឹង​សំឡឹង​ផ្ទៃ​ទឹកថ្លា​ដូច​កញ្ចក់​យ៉ាង​ជក់ចិត្ត​បំផុត​ជាមួយនឹង​ការ​រំលឹក​នឹកឃើញ​ដាន​អនុស្សាវរីយ៍​បទ​ចំរៀង​អក​បឹង​កន្សែង​របស់​លោកតា​ស៊ីន ស៊ី​សាមុត​ទៀត​នោះ​គឺ​រឹតតែ​ធ្វើ​ឲ្យ​អ្នក​ដែល​បានមក​ដល់​ឬ​អង្គុយលេង​នៅទីនេះ​កាន់តែ​រំភើប​មិន​ចង់​ឈានជើងដើរ​ចាកចេញ​ពី​បឹង​កន្សែង​នោះ​ឡើយ។


គ្រប់​ពេល​នៅ​បឹង​កន្សែង​តែងតែ​មាន​ភាព​អ៊ូអរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​ក៏​ដូច​ជា​អ្នកទេសចរ​ដែល​បាន​មក​ទេសចរណ៍​នៅ​ខេត្ត​រតនគិរី​បាន​ស្កាត់​មក​ចង់​ឃើញ ចង់​ស្គាល់​ថា​តើ​បឹង​កន្សែង​ដែល ជីក​កប់​ទៅ​ដោយ​ដាន​អនុស្សាវរីយ៍​របស់​ទឹកដៃ​កវីនិពន្ធ​ជំនាន់​ដើម​តាក់តែង​សរសើរ​ពី​សម្រស់​ទេសភាព​ធម្មជាតិ​នៅ​បឹង​កន្សែង​ក្នុង​ទំនុក​បទ​ចម្រៀង​នោះ​មាន​ទិដ្ឋភាព​ស្រស់​ត្រកាល​មែន​ឬ​យ៉ាងណា​?


សព្វថ្ងៃ​បើ​ទោះបីជា​បឹង​កន្សែង​បាន​រលុប​បាត់​នូវ​ភាព​ដើម​បន្តិច​មែន ក៏ប៉ុន្តែ​បើ​និយាយ​ពី​ការ​ទាក់​ទាញ​វិញ​នៅតែ​លេចធ្លោ​សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​ក្បែរៗ​នោះ​មក​លំហែ​កាយ​ដែល​ក្លាយទៅជា​កន្លែង​ជួបជុំ​មួយ​គួរ​ឲ្យ​ចេតនា​បំផុត​ទៅ​នឹង​ធម្មជាតិ​នៅ​ទីនេះ ពិសេស​បឹង​កន្សែង​គឺជា​កន្លែង​កម្សាន្ត​មួយ​ដ៏​ពេញ​និយម​ផង​ដែរ​សម្រាប់​គូស្នេហ៍​យុវវ័យ​នាំគ្នា​មក​ទស្សនា​ព្រះ​សុរិយា​រៀប​អស្ដង្គត​៕


Nita-4-A-24-Full


Nita-4-A-25-Full




បឹង​កន្សែង​ជា​កន្លែង​បង្កប់​ដោយ​កម្រង​អនុស្សាវរីយ៍​ ក្នុង​បទ​ចម្រៀង​ពី​សម័យ​ដើម​

Post a Comment

0 Comments

Close Menu